ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ដំណាក់​ខេត្តស្ទឹងត្រែង ត្រៀម​អនុវត្ត​គម្រោង នា​ពេល​ខាង​មុខ

12 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ លោក លី មី​ណា អភិបាលក្រុង​ស្ទឹង​ត្រែង បាន​បង្ហាញ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោក សរ សុ​ពុ​ត្រា…

ខេត្តស្ទឹងត្រែង ៖ លោក លី មី​ណា អភិបាលក្រុង​ស្ទឹង​ត្រែង បាន​បង្ហាញ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃ​ចន្ទ ទី​៩ មីនា ២០២៦ ឯកឧត្តម ឆាំង យុ រដ្ឋមន្ត្រី​អម​ខុទ្ទកាល័យ​ព្រះមហាក្សត្រ នាយ​កម​ជ្ឍ​មណ្ឌល​ឯក
សារ​កម្ពុជា DC-Cam និង​ជានា​យក​វិទ្យាស្ថាន​ស្លឹករឹត ចុះ​ពិនិត្យ​ទីតាំង​ព្រះរាជ​ដំណាក់​ចាស់ ត្រៀម​អនុវត្ត​គម្រោង នា​ពេល​ខាង​មុខ ។

ព្រះរាជ​តំណាក់​ខេត្តស្ទឹងត្រែង គឺជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​របស់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ ចំពោះ​ខេត្ត​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ។

ព្រះរាជ​តំណាក់​នេះ មាន​ទីតាំង​ស្ថិត​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ជាប់​នឹង​មាត់​ទន្លេសេកុង ដែល​ជា​កន្លែង​មាន​ខ្យល់អាកាស​បរិសុទ្ធ និង​មាន​ទេសភាព​ស្រស់​ត្រកាល​។ ដែល​ត្រូវ​បាន​កសាង​ឡើង ដើម្បី​ទុកជា​ព្រះរាជ​ស្នាក់​នៅ សម្រាប់​ព្រះមហាក្សត្រ និង​ព្រះរាជ​វង្សានុវង្ស ក្នុងអំឡុងពេល​ដែល​ទ្រង់​យាង​បំពេញ​ព្រះរាជកិច្ច ឬ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជារាស្ត្រ​នៅ​ក្នុង​ខេត្ត​នេះ ។

ក្នុង​សម័យ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​) ព្រះរាជ​តំណាក់​នេះ មាន​សកម្មភាព​ខ្លាំង​ខ្លា​បំផុត​។ ព្រះ​អង្គ​តែងតែ​យាង​មក​កាន់​ខេត្តស្ទឹងត្រែង ដើម្បី​ពិនិត្យ​មើល​សមិទ្ធផល​នានា ក្នុង​ការ​ស្ថាបនា​ជាតិ​។ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ប្រជា​នុ​វង្ស​នៅ​តំបន់​ដាច់​ស្រយាល​។ ក្នុង​សម័យកាល​របស់​ព្រះ​បរម​រតន​កោដ្ឋ មិនមែន​គ្រាន់តែ​ជា​ខេត្ត​ដាច់​ស្រយាល​នោះ​ទេ ប៉ុន្តែ​ជា​តំបន់​យុទ្ធសាស្ត្រ នៃ​ការ​អភិវឌ្ឍន៍​។ ព្រមទាំង​ការ​ទទួល​បដិសណ្ឋារកិច្ច​កម្រិត​ខ្ពស់​។ ព្រះ​អង្គ​តែង​ប្រើប្រាស់​ព្រះរាជ​តំណាក់​នេះ ដើម្បី​ទទួល​ស្វាគមន៍​មហាមិត្ត​បរទេស ឬ​រដ្ឋបុរស​សំខាន់​ៗ ដែល​យាង​និង​អញ្ជើញ​មក​ទស្សនកិច្ច​ក្នុង​តំបន់​ឦសាន ដើម្បី​បង្ហាញ​ពី​សន្តិសុខ និង​ការ​រីក​ចម្រើន នៃ​ខេត្ត​តាម​ព្រំដែន​។ ទន្ទឹម​នោះ ព្រះ​អង្គ​តែង​យាង​ចេញពី​ព្រះរាជ​តំណាក់ ដើម្បី​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ កូនចៅ (​ប្រជារាស្ត្រ​) នៅ​ទីធ្លា​មុខ​តំណាក់ ឬ​សួនច្បារ​សាធារណៈ ដែល​បង្កើត​នូវ​ភាព​ស្និទ្ធស្នាល​បំផុត​រវាង​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង និង​រាស្ត្រ​សាមញ្ញ​។ ព្រះ​អង្គ​បាន​ប្រើប្រាស់​ទី​នេះ ជាទី​បញ្ជាការ​ស្រាល ដើម្បី​តាមដាន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​មន្ទីរពេទ្យ សាលារៀន និង​ផ្លូវថ្នល់​ជាដើម ។

សំណង់​ព្រះរាជ​តំណាក់​ខាងលើ​មាន​រចនាបថ​ខ្មែរ​ទំនើប សំណង់​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល នៃ​ស្ថាបត្យកម្ម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ ជា​ស្នាដៃ​គំនូស​ប្លង់​ដោយ​ស្ថាបត្យកម្ម​លោក​វ៉ា​ន់ ម៉ូ​លី​វ៉ា​ន់ (Vann Molyvann Era Style) ដែល​ផ្តល់​អាទិភាព​លើ​ពន្លឺ​ធម្មជាតិ និង​ប្រព័ន្ធ​ខ្យល់​ចេញចូល​។ មាន​រានហាល​ធំ​ទូលាយ​សម្រាប់​ទទួល​ខ្យល់អាកាស​ពី​មាត់ទន្លេ​។ ទីធ្លា​ហ៊ុំ​ព័ទ្ធ ទៅ​ដោយ​សួនច្បារ និង​ដើមឈើ​ធំ​ៗ ដែល​ផ្តល់​ភាព​ត្រជាក់ត្រជុំ​ផង​ដែរ​។

ក្រោយ​ឆ្លងកាត់​សម័យ​សង្គ្រាមស៊ីវិល ព្រះរាជ​តំណាក់​នេះ ត្រូវ​បាន​ខូចខាត ប៉ុន្តែ​ត្រូវ​បាន​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត បច្ចុប្បន្ន ធ្វើការ​ជួសជុល និង​ថែរក្សា​យ៉ាង​ដិត​ដល់​។ បច្ចុប្បន្ន ព្រះរាជ​តំណាក់​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ទទួល​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា និមិត្តរូប នៃ​អធិបតេយ្យភាព និង​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​វត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​នៅ​គ្រប់​ទិស​ទី​នៃ​មាតុភូមិ​។

គេ​រំពឹង​ថា សំណង់​ព្រះរាជ​តំណាក់​ខាងលើ និង​ប្រែក្លាយ​មុខមាត់​ថ្មី លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​កេរ្តិ៍​ដំណែល​វប្បធម៌​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តស្ទឹងត្រែង​ដ៏​លេចធ្លោ​នា​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ