ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់លោក ម៉ាងស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី Scam Online និងនិងជនបរទេស ដែលស្នាក់នៅដែលខុសច្បាប់ នៅលើទីតាំងបុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
លទ្ធផល នៃប្រតិបត្តិការខាងលើនេះ គឺបានឃាត់ខ្លួនមនុស្ស និងវត្ថុតាងដូចខាងក្រោម ៖
១. ឃាត់ខ្លួនជនបរទេស ចំនួន៧៧នាក់
២. កុំព្យូទ័រ ៧៧គ្រឿង និងទូរសព្ទមួយចំនួនទៀត ។
បច្ចុប្បន្នជនបរទេស និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី ។
នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) និងការគ្រប់គ្រងជនបរទេស ដែលស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។ ការចុះប្រតិបត្តិការ ដែលទទួលបានលទ្ធផលជាក់ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជា មិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ ៕









ចែករំលែកព័តមាននេះ