ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីប្រាសាទអង្គរវត្តដល់ «ស្នាមញញឹមកម្ពុជា»៖ ក្រសួងទេសចរណ៍លើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជានៅអារ៉ាប់ប៊ីសាអូឌីត

5 ម៉ោង មុន

ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង​អាច​ធានា​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​អញ្ជើញ​មក​ទស្សនា និង​ទទួលយក​នូវ​បទ​ពិសោធ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ជាមួយ​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប ។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០២៥​នេះ ។ ក្រសួងទេសចរណ៍…

ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង​អាច​ធានា​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​អញ្ជើញ​មក​ទស្សនា និង​ទទួលយក​នូវ​បទ​ពិសោធ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ជាមួយ​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប ។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០២៥​នេះ ។

ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងទេសចរណ៍ អញ្ជើញ​ចូលរួម​មហាសន្និបាត​អង្គការ​ទេសចរណ៍​សហប្រជាជាតិ​លើក​ទី​២៦ (UN Tourism- 26th General Assembly) ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​រាជធានី​រី​យ៉ា​ដ ព្រះរាជាណាចក្រ​អា​រ៉ាប់​ប៊ី​សា​អូឌីត ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​បទ​អន្តរាគមន៍​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ ដោយ​បាន​គូសបញ្ជាក់​ជូន​មហាសន្និបាត​នូវ​កត្តា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ​ដែល​កម្ពុជា​កំពុង​មាន និង​ត្រូវ​បាន​ធានា​យ៉ាង​ពេញលេញ​ស្រប​តាម​ពាក្យស្លោក​របស់​សម្តេច​ធិ​បតី «​ទេសចរណ៍​រីក​ដុះដាល​ក្នុង​សន្តិភាព​»​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​អំពី​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប បេតិកភណ្ឌ​ពេញ​ផ្ទៃ​ប្រទេស ដូច​ជា​ប្រាសាទអង្គរវត្ត វប្បធម៌​ប្រពៃណី​ដ៏​ចំណាស់ ទេសភាព​ដ៏​ស្រស់​ស្អាត​គ្រប់​រដូវ​កាល បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ជាមួយ​ស្នាមញញឹម​ដ៏​ល្បីល្បាញ «​ស្នាមញញឹម​កម្ពុជា​» ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ជូន​មហាសន្និបាត​អំពី​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​លើក​ទី​២០ នៅ​ឆ្នាំ​២០២៦ ខាង​មុខ នៅ​ខេត្តសៀមរាប ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​មហាសន្និបាត​មក​ទស្សនា​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​វប្បធម៌ និង​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ