ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បញ្ញវន្ត​ធ្វើ​បាឋកថា ឈ្វេងយល់​ពី​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥ ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី បង្កើត​ឳ​កាស​ថ្មី​ដល់​ប្រទេស​កម្ពុជា

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​បញ្ញវន្ត​ជាន់ខ្ពស់ និង​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ចិន ៦​រូប បាន​រួម​គ្នា​រៀបចំ​បាឋកថា ឈ្វេងយល់​ពី «​ផែនការ ៥​ឆ្នាំ​លើក​ទី​១៥ ៖…

រាជធានី​ភ្នំពេញ ៖ ក្រុម​បញ្ញវន្ត​ជាន់ខ្ពស់ និង​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ចិន ៦​រូប បាន​រួម​គ្នា​រៀបចំ​បាឋកថា ឈ្វេងយល់​ពី «​ផែនការ ៥​ឆ្នាំ​លើក​ទី​១៥ ៖ ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី បង្កើត​ឳ​កាស​ថ្មី​ដល់​ប្រទេស​កម្ពុជា​» ។

នៅ​ក្នុង​វេទិកា ដែល​បាន​សហការ​រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​សិក្សារ​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ និង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន នៅ​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ។

លោក ហ្វុ​ង ហ៊ុយ ប្រធាន​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន បាន​រំលេច​ថា «​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥» ទំនើប​កម្ម​សង្គមនិយម​តាម​បែប​ចិន ដោយ​បាន​ទាញ​ភ្ជាប់​ជាមួយ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ និង​គំនិត​ផ្តួចផ្តើម​សកល​ទាំង​៤​របស់​ចិន ហើយ​លោក​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន មិន​ត្រឹមតែ​ជា​វឌ្ឍនភាព​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​កាលានុវត្តភាព​ប្រវត្តិសាស្ត្រ​មួយ​ដើម្បី​បង្កើត​ឱកាស​សហប្រតិបត្តិការ​បន្ថែម​ទៀត និង​ផ្តល់​ទីផ្សារ​កាន់តែ​ទូលំទូលាយ​សម្រាប់​ពិភពលោក ជា​ពិសេស​សម្រាប់​ប្រទេស​ជិតខាង​ដ៏​ជិត​ស្និទ្ធ និង​រួសរាយ​រាក់ទាក់​ដូច​ជា​ប្រទេស​កម្ពុជា ។

លោកស្រី Liang Wei ប្រធាន​មជ្ឈមណ្ឌល​សិក្សា​កម្ពុជា នៃ​បណ្ឌិត្យសភា​សង្គម នៃ​ភូមិភាគ​ស្វយ័ត​ក្វា​ង​ស៊ី ប្រទេស​ចិន ដោយ​ថ្លែង​តាម​វី​ដេ​អូ លោកស្រី​បាន​រំលេច​ថា «​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥» នឹង​ផ្តល់​កាលានុវត្តភាព​ដល់​កម្ពុជា​រួម​មាន ៖ ១-​ពង្រីក​ការ​បើកចំហ​យ៉ាង​សកម្ម ២-​ជំរុញ​ពាណិជ្ជកម្ម​ដោយ​ការ​ច្នៃប្រឌិត ៣-​បង្កើន​ការ​វិនិយោគិន​ចិន​នៅ​កម្ពុជា និង​៤-​ពន្លាត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​និង​ប្រជាជន កម្ពុជា​និង​ចិន ។

លោក​បណ្ឌិត នាក់ ច​ន្តា​រិ​ទ្ធ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ បាន​រំលេច​ថា «​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥» នឹង​រួមចំណែក​បង្កើន​លទ្ធភាព​កាន់តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​ប្រទេស​យើង​ទាំង​ពីរ​លើ​ទម្រ នៃ​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​នាម​ជា​មិត្ត​ដែកថែប ។

ឯកឧត្តម​បណ្ឌិត សន ពៅ នាយករង​ខុទ្ទកាល័យ​ឯកឧត្តម​អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ពី​ខ្លឹមសារ «​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥» ដែល​មាន​២​ម៉ឺន​ពាក្យ ចែក​ជា​១៥​ផ្នែក និង​៦១​ប្រការ ដោយ​ផ្តោត​លើ​គ្រប់​ទិដ្ឋភាព​របស់​ប្រទេស​ចិន​ថា​បាន​ផ្តល់​លក្ខណៈ​ពិសេស​៤​តាម​បែបផែន​របស់​ចិន​៖ ១-​ទំនើប​កម្ម​ដែល​មាន​ប្រជាជន​ជា​ស្នូល ២-​ទំនើប​កម្ម​សន្តិភាព​និយម ៣-​ទំនើប​កម្ម​បៃតង​ភាព និង​៤-​ទំនើប​កម្ម​រួមចំណែក​ដោយ​បង្កើត​អត្ថប្រយោជន៍​ដល់​មនុស្សជាតិ ។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នក​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន បាន​យល់​ថា ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​ធ្វើ​ទំនើប​កម្ម​សង្គមនិយម​តាម​បែបផែន​ចិន «​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥» គឺជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​និយាម​គរុ​សភា​ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​វិធី​ប​ដិ​សំយោគ​សម្ភារ​និយម​វិចារវិទ្យា​នៃ​ការ​រួម​បញ្ចូល​លទ្ធិ​ម៉ា​ក្ស​និយម និង​គោលការណ៍​គ្រឹះ នៃ​ទស្សនវិជ្ជា​ចិន ព្រមទាំង​ការ​ទទួលយក​នូវ​ប្រព័ន្ធ​វប្បធម៌​សុខដុម​នី​យ​កម្ម​លោក​បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​ពី​កាលានុវត្តភាព​ដល់​កិច្ច​អភិវឌ្ឍ​សកល​ក្រោម​ទម្រ​នៃ​លំនឹង​សន្តិភាព ព្រម​ជាមួយនឹង​ការ​ស្តារ​ភាព​អស្ចារ្យ​ឡើង​វិញ​របស់​ប្រជា​ជាតិចិន​ដោយ​មាន​វត្តមាន​របស់​កោះ​តៃវ៉ាន់​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​របស់​ខ្លួន​វិញ ។

ឯកឧត្តម ឡាវ វ៉ា​ន់ អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន បាន​វាយតម្លៃ​ជា​រួម​ថា «​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥»​របស់​ប្រទេស​ចិន នឹង​ផ្តល់​កាលានុវត្តភាព​ដល់​កម្ពុជា​ក្នុង​ការ​បន្ត​ចាប់ដៃ​រួម​គ្នា «​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​» ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​បន្ស៊ី​ជាមួយ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ និង​គំនិត​ផ្តួចផ្តើម​សកល​ទាំង​៤​របស់​ប្រទេស​ចិន​រួម​មាន «​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល​» «​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល​» «​គំនិត​ផ្តួចផ្តើម​អរិយធម៌​សកល​» និង «​គំនិត​ផ្តួចផ្តើម​អភិបាលកិច្ច​សកល​» រួម​បញ្ចូល​ជាមួយ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​» ដែល​នឹង​នាំ​ប្រទេស​ទាំង​ពីរ​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​របៀបវារៈ​រៀង​ៗ​ខ្លួន​ដែល​បាន​កំណត់​ទុក ។

ជា​រួម អង្គ​វេទិកា​វិទ្យាសាស្ត្រ​ទាំងមូល​បាន​យល់​ស្របគ្នា​ថា វាគ្មិន​៦​រូប ទាំង​កម្ពុជា ទាំង​ចិន បាន​រួម​គ្នា​ផ្តល់​ពន្លឺ​ពុទ្ធិ​កាន់តែ​ភ្លឺ​ច្បាស់​ក្នុង​ការ​ឈ្វេងយល់​កាន់តែ​ស៊ីជម្រៅ​ពី​«​ផែនការ​៥​ឆ្នាំ​លើក​ទី​១៥»​ដែល​នឹង​ផ្តល់​ផល​កាន់តែ​ច្រើន​ដល់​ប្រទេស​កម្ពុជា​និយាយ​ដោយឡែក ដល់​ពិភពលោក​និយាយ​រួម ក្រោម​កិច្ច​កសាង​សហគមន៍​ដែល​មាន​វាសនា​រួម​គ្នា​នៃ​មនុស្សជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ