ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត នៅ​ក្នុង​រយៈពេល​ជាង​២​ស​ប្តា​ហ៍

1 នាទី មុន

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​កើនឡើង ៣% គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល​ជាង ២ ស​ប្តា​ហ៍…

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​កើនឡើង ៣% គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈពេល​ជាង ២ ស​ប្តា​ហ៍ ដោយសារ​ទិន្នន័យ​សេដ្ឋកិច្ច​ទន់ខ្សោយ​ចេញពី​សហរដ្ឋអាមេរិក​បាន​ពង្រឹង​ការ​រំពឹង​ទុក​ថា ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ដោយ​បង្កើន​តម្រូវការ​មាស ដែល​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​បំផុត អំឡុង​ពេល​ភាព​មិន​ប្រាកដប្រជា​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​ជិត ៣% ពេញ​មួយ​យប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា កន្លង​ទៅ ហើយ​ស្ថិត​នៅ​តម្លៃ ៤,១៣៨​ដុល្លារ​ក្នុង​១​អោន ឬ ៤ ៩៨៥​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ៩:៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា (​ម៉ោង​នៅ​កម្ពុជា​)​។ តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៤ ៣៨១​ដុល្លារ​ក្នុង​១​អោន ឬ ៥ ២៧៨​ដុល្លារ​ក្នុង​១​តម្លឹង កាលពី​ចុងខែ​តុលា​កន្លង​ទៅ​។

លោក Peter Grant អនុប្រធាន និង​ជា​អ្នក​យុទ្ធសាស្ត្រ​ជាន់ខ្ពស់​នៅ​ឯ​ក្រុមហ៊ុន Zaner Metals បានឱ្យ​ដឹង​ថា ទិន្នន័យ​សេដ្ឋកិច្ច​ទន់ខ្សោយ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក កាលពី​ស​ប្តា​ហ៍​មុន បាន​ធ្វើ​ឱ្យ​ទីផ្សារ​មាស​មាន​ទំនោរ​ទៅ​រក​ការ​រំពឹង​ទុក​សម្រាប់​ការ​កាត់​បន្ថយ​អត្រា​របស់ Fed ហើយ​គ្រប់​គ្នា​នៅ​តែ​អាច​មើលឃើញ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ខែធ្នូ​ខាង​មុខ​នេះ​។

ទិន្នន័យ​កាលពី​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក​ជួប​បញ្ហា ដោយសារ​តែ​អត្រា​បាត់បង់​ការងារ​នៅ​ក្នុង​ខែតុលា​កើនឡើង ជាមួយនឹង​ការ​ខាតបង់​នៅ​ក្នុង​វិស័យ​មួយ​ចំនួន និង​ការ​លក់រាយ​។ លើស​ពី​នេះ អារម្មណ៍​អ្នក​ប្រើប្រាស់​នៅ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ នៅ​ដើមខែ​វិច្ឆិកា ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី ១ ពិភពលោក​មួយ​នេះ​។
ឥឡូវនេះ វិនិយោគិន​កំពុង​មើលឃើញ​ឱកាស ៦៤% នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់ Fed នៅ​ក្នុង​ខែធ្នូ​ខាង​មុខ​នេះ​។

លោក Grant បាន​បន្ថែម​ថា តម្លៃ​មាស​អន្តរជាតិ​អាច​មាន​ចន្លោះ​ពី ៤ ២០០​ដុល្លារ ទៅ ៤ ៣០០​ដុល្លារ​ក្នុង​១​អោន ឬ ៥ ០៦០​ដុល្លារ ទៅ ៥ ១៨០​ដុល្លារ​ក្នុង​១​តម្លឹង នៅ​ចុងឆ្នាំ​នេះ ហើយ ៥ ០០០​ដុល្លារ​ក្នុង​១​អោន ៦ ០២៤​ដុល្លារ​ក្នុង​១​តម្លឹង នៅ​តែ​ជា​គោលដៅ​សម​ហេតុផល​សម្រាប់​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ