ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញការព្រួយបារម្ភចំពោះរបាយការណ៍ថា ថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដីរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដីរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន ដកស្រង់​សំដី​របស់​ថ្នាក់ដឹកនាំ​ថៃ ដែល​បង្ហាញ​ថា ប្រទេស​ថៃ បាន​ផ្អាក​ការ​អនុវត្ត​នូវ​សេចក្តីថ្លែងការណ៍​រួម​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា ដោយ​មាន​វត្តមាន​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន ធ្វើ​ជា​សាក្សី នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។

សេចក្ដីរាយការណ៍​ព័ត៌មាន​ទាំងនេះ ក៏​បានឱ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​ផ្ទុះ​មីន នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ថៃ​បី​នាក់​រង​របួស​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ត្រង់​តំបន់​ភ្នំ​ទ្រព្យ ស្ថិត​ជិត​ប្រាសាទព្រះវិហារ​របស់​កម្ពុជា ត្រូវ​បាន​លើក​ឡើង​ថា ជា​មូលហេតុ នៃ​ការ​ផ្អាក​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ខាងលើ​នេះ រួម​ទាំង​ការ​លុប​ចោល​គម្រោង​ដោះ​លែង​យោធិន​ខ្មែរ ១៨​រូប ពី​ការ​ឃុំឃាំង​នៅ​ប្រទេស​ថៃ ដែល​ភាគី​ថៃ បាន​ប្រកាស​ថា នឹង​អនុវត្ត​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​រាល់​ការ​ចោទប្រកាន់​របស់​ប្រទេស​ថៃ ថា កម្ពុជា​បាន​ដាក់​មីន​ថ្មី​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ វា​ជា​ការ​សំខាន់ ដែល​ត្រូវ​កត់សម្គាល់​ពី​ការ​ដឹង​ឮ យ៉ាង​សុះសាយ​នូវ​ការ​ពិត​ថា ចម្ការ​មីន​ភាគច្រើន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ពី​ជំនាន់​សង្គ្រាមស៊ីវិល​កម្ពុជា​រយៈ​ជិត​៣០​ឆ្នាំ ក្នុង​ទសវត្សរ៍ ១៩៧០ និង​១៩៨០ មិន​ទាន់​ត្រូវ​បាន​បោសសម្អាត​នៅឡើយ​ទេ ដោយសារ​តែ​ភូមិសាស្ត្រ​លំបាក និង​ស្ថានភាព​មិន​ទាន់​មានការ​កំណត់​ខណ្ឌសីមា​ព្រំដែន​។ រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ និង​ការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ​។ ក្នុង​នាម​ជា​ប្រទេស ដែល​បាន​គាំទ្រ​យ៉ាង​មុតមាំ និង​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស កម្ពុជា​មិន​ដែល​បាន​ប្រើប្រាស់ ហើយ​ក៏​នឹង​មិន​ប្រើប្រាស់​មីន​ថ្មី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ