ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន​ លើកទឹកចិត្ត​ស្ថាប័ន​សុខាភិបាល​របស់​រដ្ឋ និង​ឯកជន​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍ

19 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ៖ វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន…

ខេត្ត​ប៉ៃលិន ៖ ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ៖ វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ត្រូវ​ដើរតួ​ជា​ដៃគូ​អភិវឌ្ឍន៍ និង​មាន​ទំនាក់ទំនង​ល្អ សហការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រួម​គ្នា​ផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់ និង​ប្រកបដោយ​គុណធម៌ ក្រោម​គោលនយោបាយ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៧ ។

ការ​ថ្លែង​បែប​នេះ​របស់​លោក​ជំទាវ​​អភិបាលខេត្ត បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ដ ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ក្នុង​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​មួយ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ត្រូវ​មាន​កិច្ចសហការ​ឲ្យ​បាន​ល្អ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ដៃគូ ជា​ពិសេស​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​អនុវត្ត​ទិស​ដៅ​ផែនការ ដែល​បាន​ដាក់​ចេញ ប្រកបដោយ​ប្រសិទ្ធិ​ភាព​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ដែល​បាន​កំណត់ ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង និង​លើកកម្ពស់​គុណភាព​សេវា​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន ព្រមទាំង​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​មាន​បច្ចេកទេស​គ្រប់គ្រាន់ ក្នុង​ការ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុង​ការងារ​ផ្តល់​សេវា​សាធារណៈ សេវា​សុខាភិបាល ជូន​ដល់​ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន ពិសេស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង និង​គ្រប់គ្រង​បញ្ហា​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​–១៩ រហូត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​ទទួល​បានការ​កោតសរសើរ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ