ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អាម៉េរិក ៖ ​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​អនុវត្ត​តាម​​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Michael George DeSombre ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វី​ក ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ឯកឧត្តម DeSombre បាន​ជម្រាប​ជូន​សម្តេច​បវរ​ធិ​បតី​ថា រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ជា​ពិសេស ឯកឧត្តម​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ហើយ​ឯកឧត្តម​ក៏​បាន​សម្តែង​សេចក្តី​រីករាយ​ចំពោះ​យោធិន​កម្ពុជា ១៨ រូប ដែល​ត្រូវ​បាន​ដោះ​លែង​មក​ជួបជុំ​គ្រួសារ​វិញ​។

ឯកឧត្តម DeSombre បាន​គូសបញ្ជាក់​បន្ថែម​ថា សហរដ្ឋ​អាម៉េរិក​បន្ត​ជំរុញ​ការ​រក្សា​បទ​ឈប់​បាញ់ និង​ចង់​ឃើញ​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​និង​ថៃ​។ ឯកឧត្តម DeSombre បាន​ប្រកាស​ថា សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​ជំនួយ​ចំនួន ១៥​លាន​ដុល្លារ សម្រាប់​ការ​គាំទ្រ​ដល់​ជនភៀសសឹក​នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ​, និង ចំនួន ១០​លាន​ដុល្លារ សម្រាប់​ការ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​កម្ពុជា​។

សម្តេច​បវរ​ធិ​បតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald Trump ក៏​ដូច​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ដែល​បាន​សម្របសម្រួល​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ហើយ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ការ​កសាង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ព្រមទាំង​បាន​ប្រកាស​ផ្តល់​ជំនួយ​ស្តារ​ជីវភាព​ជនភៀសសឹក និង​គាំទ្រ​កិច្ច​ប្រឹងប្រែង​ដោះ​មីន​មនុស្សធម៌​ ។

សម្តេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​តែង​ផ្តល់​តម្លៃ​លើ​សន្តិភាព និង​ប្រកាន់ខ្ជាប់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី អនុលោម​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ។

សម្តេច​បវរ​ធិ​បតី​សង្ឃឹមថា សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ជំរុញ​ភាគី​ទាំង​ពីរ​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជា​ពិសេស​ការ​អនុញ្ញាត​ជន​ស៊ី​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ដោយ​សុវត្ថិភាព ដោយ​គា្ម​ន​ការ​រារាំង និង​ការ​បន្ត​ឡើង​វិញ​នូវ​ការងារ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក ក្នុង​ការ​ចុះ​វាស់វែង​និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការ​កសាង​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ​។

សម្តេច​បវរ​ធិ​បតី និង​ឯកឧត្តម DeSombre ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​ផង​ដែរ និង​បាន​ឯកភាព​បន្ត​ជំរុញ​វិធានការ​ជាក់លាក់ ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ការពារ​ជាតិ​និង​សនិ្ត​សុខ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​ការ​អនុវត្ត​ច្បាប់ រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ឯកឧត្តម DeSombre បាន​ប្រកាស​ថា សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​ជំនួយ​ចំនួន​១០​លាន​ដុល្លារ សម្រាប់​ការ​កសាង​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ