ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមកោងកាងទឹកសាប​ជិត ១០០ហិកតា ​កំពុងទាក់ទាញភ្ញៀវទេសចរនៅខេត្តសៀមរាប

3 អាទិត្យ មុន

ខេត្តសៀមរាប៖ ​ដើមកោងកាងទឹកសាបប្រមាណជិត ១០០ហិកតា ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប បាននិងកំពុងចូលរួមចំណែក​​ទាក់ទាញភ្ញៀវទេសចរថែមទៀត។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានឱ្យដឹងថា អាជ្ញាធរខេត្តបានជំរុញដល់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍…

ខេត្តសៀមរាប៖ ​ដើមកោងកាងទឹកសាបប្រមាណជិត ១០០ហិកតា ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប បាននិងកំពុងចូលរួមចំណែក​​ទាក់ទាញភ្ញៀវទេសចរថែមទៀត។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានឱ្យដឹងថា អាជ្ញាធរខេត្តបានជំរុញដល់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបមួយនេះ ឱ្យកាន់តែទាក់ទាញដល់ភ្ញៀវទេសចរ ព្រោះវាជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប។

ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្ត ចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាប សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ ដោយលោក ឌី រ៉ាដូ អភិបាលរងខេត្ត ​បានលើកឡើងថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មូលដ្ឋានស្រុកសូទ្រនិគម ក៏ដូចជាខេត្តសៀមរាប និងប្រទេសជាតិ។ លោកបន្តថា គេធ្លាប់តែឮអំពីព្រៃកោងកាងសមុទ្រ ប៉ុន្តែនៅខេត្តសៀមរាបក៏មានដើមកោងកាងទឹកសាបដុះជាច្រើនជិត ១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើថែរក្សាបានយ៉ាងល្អ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា នេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីខេត្តសៀមរាប ដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំបន់សៀមរាបអង្គរនេះ។

សូមជម្រាបថា សហគមន៍ទឹកជប់ខ្នារពោធិ៍ ជាតំបន់អភិរក្សព្រៃកោងកាងទឹកសាប ឬកោងកាងគោកដែល ធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានផ្ទៃដីសរុប ១.០២២ ហិកតា ក្នុងនោះ មានផ្ទៃដីកោងកាងសរុបប្រមាណ ៩៨ ហិកតា (ប្រហែល ១០% នៃផ្ទៃដីសរុប)។ ទោះបីខេត្តសៀមរាបល្បីល្បាញលើសកលលោកថាជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌក្តី ក៏មនុស្សភាគច្រើនមិនសូវបានដឹងឡើយថាខេត្តនេះក៏ជាទីតាំងដ៏សំខាន់នៃធនធានធម្មជាតិដ៏មានតម្លៃមួយដែរ។

សហគមន៍ទឹកជប់ខ្នារពោធិ៍ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីក្រុងសៀមរាប ដែលភ្ញៀវទេសចរអាចធ្វើដំណើរទៅទស្សនាតំបន់អេកូទេសចរណ៍នេះ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍នៅឆ្នាំ២០១៩។ ការដើរលើ ស្ពានឈើពត់បែន កាត់តាមព្រៃកោងកាងដែលមានដើមខ្ពស់ៗ ប្រហែលជាង ១០ម៉ែត្រ បង្កើតបានជាម្លប់ត្រជាក់ គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយ។

ក្រៅពីទេសចរណ៍ធម្មជាតិ ក៏មានរៀបចំ តូបអាហារ និងផលិតផលសហគមន៍ ដើម្បីលក់ផលិតផលកសិកម្ម និងអនុផលព្រៃឈើតាមរដូវកាលផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ