ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោធិ៍សាត់កែប្រែមុខមាត់ ! លោក ខូយ រីដា បន្តចុះត្រួតពិនិត្យការរុះរើសំណង់មាត់ស្ទឹង ត្រៀមប្រែក្លាយជាសួនច្បារដ៏ស្រស់បំព្រង

2 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការ​រុះរើ​សំណង់​មិន​រៀបរយ​ច្រាំង​ស្ទឹង…

ខេត្តពោធិ៍សាត់ ៖ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ការ​រុះរើ​សំណង់​មិន​រៀបរយ​ច្រាំង​ស្ទឹង ត្រើយ​ខាងកើត ចាប់ពី​ចំណុច​ស្ពានថ្ម​ថ្មី រហូត​ដល់​ស្ពានថ្ម​ចាស់ ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ពោធិ៍សាត់ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តពោធិ៍សាត់ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​នេះ ។

ក្នុង​ប្រតិបត្តិការ​នេះ​ដែរ មានការ​ចូលរួម​ពី លោក ញឹក បាន​ខេ​ង អភិបាលរង​ខេត្ត​លោក អ៊ុយ សុធា​វី អភិបាលរង​ខេត្ត រួម​ដំណើរ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត រដ្ឋបាល​សាលាក្រុង​ពោធិ៍សាត់ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ពាក់ព័ន្ធ និង​ក្រុមការងារ​មួយ​ចំនួន​ទៀត ។

លោក ខូ​យ រី​ដា មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ​កែប្រែ​រៀបចំ​ឡើង​វិញ​នៅ​ច្រាំង​ស្ទឹង អោយ​ប្រែក្លាយ​សួនច្បារ​មាន​ផ្កា​គ្រប់​ព​ណ៍​ចំរុះ បំពាក់​អំ​ពូ​ល​ភ្លើង ដើម្បី​ជា​ប្រយោជន៍​ទី​១ ៖ កែ​លំអរ​សោ​ភណ្ឌ​ភាព​ក្រុង​អោយ​ស្រស់បំព្រង ។ ទី​២៖ សម្រាប់​ពុក​ម៉ែ​បងប្អូន​ដែល​រស់នៅ​តាម​មាត់​ស្ទឹង ដើរ​ហាត់ប្រាណ និង​អង្គុយ​លេង​កំសាន្ត​លំហែកាយ ។ ទី​៣៖ ទាក់ទាញ​ដល់​អ្នក​ធ្វើ​ដំណើរ​ក៏​ដូច​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​អាកាស​ផង​ដែរ ។

លោកបាន​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​មាត់​ស្ទឹង ទាំង​ខ្មែរ និង​ខ្មែរឥស្លាម បាន​សហការ​ល្អជា​មួយ​អាជ្ញាធរ ក្នុង​ការ​ជួយ​រុះរើ​សំណង់​របស់​ខ្លួន ប្រគល់​ដី​មក​អោយ​អាជ្ញាធរ​តាម​កិច្ចសន្យា ។

លោក​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត ដែល​រស់នៅ​លើ​ដី​ចំណី​ស្ទឹង​ក្នុង​ទីប្រជុំជន​ខេត្ត សូម​រុះរើ​ដោយ​ខ្លួនឯង​ជា​បណ្តើរ​ៗ​ទៅ ដើម្បី​រៀបចំ​អ​ភី​វឌ្ឍន៍​ខេត្ត​អោយ​ស្អាត​ទាំងអស់​គ្នា ។

លោកក៏​បានឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដឹកនាំ​ចលនា​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​រៀបចំ​សោភ័ណ​ភាព​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​បរិស្ថាន នៅ​តាម​ដងផ្លូវ ទី​សាធារណៈ កន្លែងធ្វើការ និង​តាម​គេហដ្ឋាន ដើម្បី​ឱ្យ​ខេត្តពោធិ៍សាត់​ស្អាត គ្មាន​សំរាម និង​ស្រស់បំព្រង ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​អារម្មណ៍​អ្នកដំណើរ​ព្រោះថា នៅ​ឆ្នាំ​២០២៦​ខេត្តពោធិ៍សាត់​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹ​ត្ត​ការ​បុណ្យ​ទន្លេ ។

ដោយ​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ពី​សំណាក់​ឯក​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ក្រោយ​ពី​ទទួល​បានការ​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក ក្រុង​និង​អាជ្ញាធរ​មូលដ្ឋាន​នោះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កន្លង​មក​តែងតែ​អាស្រ័យ​ផល និង​មាន​លំនៅ​ឋាន​តាម​មាត់​ស្ទឹង​បាន​ស្ម័គ្រចិត្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រុះរើ​សំណង់​ចាកចេញ​ទៅ​ទទួលយក​ទីតាំង​ដី​ថ្មី​ដោយ​ក្តី​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ