រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការកែលម្អ និងស្ថាបនាប្រព័ន្ធលូ ប្រឡាយនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះទឹកឲ្យកាន់តែប្រសើរថែមទៀត បើទោះបីការដោះស្រាយបញ្ហាលិចលង់នេះ មានភាពល្អប្រសើរមួយកម្រិតធំយ៉ាងណាក្តី ។ បន្ថែមពីនេះ ដើម្បីដោះស្រាយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាដោះស្រាយបញ្ហាចរាចរណ៍ ពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវរថភ្លើងក្រោមដីផងដែរ ។

នេះបើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់
សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥កន្លងទៅ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា បញ្ហាប្រឡាយ លូ នៅរាជធានីភ្នំពេញ យើងបាននិងកំពុងស្ដារ ក៏ដូចជាស្ថាបនាលូថ្មីមួយចំនួន ដើម្បីដោះស្រាយបញ្ហាលិចលង់ ដែលពេលនេះយើងដោះស្រាយបានមួយកម្រិតធំហើយ ។

បើទោះបីមានភ្លៀងធ្លាក់ធំក្នុងកម្រិតណាក៏ដោយពោលគឺអាចដោះស្រាយការលិចលង់បាន ក្នុងរយៈពេលខ្លី មិនច្រើនម៉ោងដូចកាលពីមុនទេ ។ឯកឧត្តមបន្តថា ការស្ថាបនាប្រព័ន្ធលូ ប្រឡាយ នៅក្នុងរាជធានីភ្នំពេញជាមួយនឹងគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញរបស់រាជរដ្ឋាភិបាល ក្រោមការណែនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យរាជធានីភ្នំពេញដោះស្រាយបាននូវការលិចលង់មួយកម្រិតធំថែមទៀត ។

ជាក់ស្ដែង នៅផ្នែកខាងពាយ័ព្យរាជធានីភ្នំពេញ ដោះស្រាយនូវការលិចលង់បានយ៉ាងល្អប្រសើរ ។ ចំណែកនៅប៉ែកខាងអាគ្នេយ៍រាជធានីភ្នំពេញវិញ យើងក៏នឹងអាចដោះស្រាយបញ្ហាលិចលង់នេះបានល្អដែរ នៅពេលយើងតភ្ជាប់ប្រព័ន្ធលូរួចរាល់ ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាបរាចរណ៍វិញ ជាគម្រោងគឺរដ្ឋបាលរាជធានីភ្នំពេញនឹងកសាងផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយានដ្ឋានអន្តរជាតិ តេជោចូលមកភ្នំពេញ ។

ក្នុងនោះដែរ ជាគម្រោងយើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលកួរស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្រពចេនឡាផ្សារដើមគ ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងកសាងផងដែរ ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញ និងផ្លូវចូលក្រុង ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា បើការកកស្ទះចរាចរណ៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោ កាន់តែខ្លាំង គម្រោងនៃស្ថាបនាផ្លូវអាកាសនិងផ្លូវក្រោមដីអាចនឹងដំណើរការកាន់តែឆាប់ ។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រមូលសំរាមនៅរាជធានីភ្នំពេញបានល្អ ហើយមិនកកស្ទះទៀតទេ ។ ឯកឧត្តមបានជំរុញឲ្យសហគ្រាសគ្រប់គ្រងសំរាមធ្វើការពិនិត្យ សិក្សា ឡើងវិញ ហើយរកមូលហេតុជុំវិញប្រជាពលរដ្ឋដែលមិនព្រមបង់ថ្លៃសំរាម ។

ចំពោះអ្នកដែលបានបង់ថ្លៃសំរាមជាប្រចាំហើយ រដ្ឋបាលរាជធានីភ្នំពេញរក្សាតម្លៃសំរាមដដែល មិនមានគម្រោងដំឡើងថ្លៃនោះទេ។កន្លងម ក្រុមហ៊ុនស៊ីនទ្រីកំណត់តម្លៃសំរាមខុសឆ្គងដូចជា ផ្ទះល្វែងខ្លះ១៥ដុល្លារក្នុង១ខ ។ ដូច្នេះសហគ្រាសគ្រប់គ្រងសំរាមត្រូវកាត់តម្រឹមការយកតម្លៃខុសបែបបទនេះចេញ ធ្វើម៉េចឱ្យសមរម្យ ដើម្បីជំរុញឲ្យពួកគាត់ចូលរួមក្នុងការបង់ថ្លៃសំរាមឱ្យបានទាំងអស់គ្នា ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរគណៈអភិបាលរាជធានី និងរដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងខែកញ្ញាកន្លងមក ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំជូនដំណើរប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមរយះរថយន្តក្រុងសាធារណៈបានល្អ ហើយប្រជាពលរដ្ឋសប្បាយរីករាយដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅជូនដំណើរដោយផ្ទាល់ថែមទៀតផង ៕




ចែករំលែកព័តមាននេះ