ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹងកន្សែង និមិត្តរូបនៃក្រុងបានលុង ទាក់ទាញអ្នកទេសចរតាមរយៈ «កោះអណ្តែតទឹក»

6 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បឹងកន្សែង ដែលជាបឹងធម្មជាតិដ៏ធំស្ថិតនៅចំកណ្តាលក្រុងបានលុង ខេត្តរតនគិរី នៅតែបន្តរក្សាតំណែងជាគោលដៅទេសចរណ៍ និងជាសួតបៃតងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។…

ខេត្តរតនគិរី ៖ បឹងកន្សែង ដែលជាបឹងធម្មជាតិដ៏ធំស្ថិតនៅចំកណ្តាលក្រុងបានលុង ខេត្តរតនគិរី នៅតែបន្តរក្សាតំណែងជាគោលដៅទេសចរណ៍ និងជាសួតបៃតងដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ បឹងដែលមានផ្ទៃទឹកធំល្វឹងល្វើយនេះ មានជម្រៅជាមធ្យមប្រមាណ ៧ម៉ែត្រ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពបរិស្ថាន និងជាប្រភពទឹកដ៏សំខាន់មួយក្នុងតំបន់ ។

ក្នុងឱកាសពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍក្រុងបានលុង ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានលើកឡើងពីសក្តានុពលថ្មីនៃ «បឹងកន្សែង» ដែលជាបេះដូងនៃខេត្តភូមិភាគឦសានមួយនេះ ដោយបញ្ជាក់ថា បឹងធម្មជាតិមួយនេះមានជម្រៅដល់ទៅ ៧ម៉ែត្រ និងមានការរៀបចំជា កោះអណ្ដែតទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរ ។ ឯកឧត្តមបានបញ្ជាក់ថា បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ អាចរក្សាតុល្យភាពបរិស្ថាន និងបម្រើដល់ការកម្សាន្តតាមបែបជលយានបានយ៉ាងល្អប្រសើរ ។

អ្វីដែលជាចំណុចពិសេសថ្មី គឺការរៀបចំឱ្យមាន «កោះអណ្ដែត» ដែលជាសួនច្បារលើទឹក សម្រាប់ឱ្យភ្ញៀវទេសចរអាចដើរកម្សាន្ត ថតរូប និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធចំកណ្ដាលផ្ទៃទឹក ។ ក្រៅពីកោះអណ្ដែត អាជ្ញាធរខេត្តក៏បានជំរុញការរៀបចំបណ្តាញផ្លូវបេតុងជុំវិញមាត់បឹង ការដាំដើមឈើលម្អ និងការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ដើម្បីឱ្យបឹងនេះក្លាយជាកន្លែងហាត់ប្រាណ និងសម្រាកលម្ហែទាំងយប់ទាំងថ្ងៃ ។

ការអភិវឌ្ឍបឹងកន្សែងឱ្យមានសោភ័ណភាពស្រស់ស្អាតបែបនេះ គឺក្នុងគោលបំណងប្រែក្លាយក្រុងបានលុង ឱ្យទៅជាក្រុងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងកុំបោះសម្រាមចូលក្នុងបឹង ដើម្បីរក្សាសម្រស់ធម្មជាតិឱ្យបានយូរអង្វែង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ