ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ជាមួយ ឯកឧត្តម ផូ​ល ខា​ហ្គា​ម៉េ ប្រធានាធិបតីរ​វ៉ា​ន់​ដា

1 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​សុក្រ ៤​កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ ឯកឧត្តម ផូ​ល ខា​ហ្គា​ម៉េ (Paul Kagame) ប្រធានាធិបតី នៃ​សាធារណរដ្ឋរ​វ៉ា​ន់​ដា ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​និង​ដំណើរ​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ របស់​ឯកឧត្តម នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​។

សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា ​ដំណើរ​របស់​ឯកឧត្តម​ប្រធានាធិបតី​មក​កាន់​កម្ពុជា ​នៅ​ពេល​នេះ​បង្ហាញ​ឃើញច្បាស់​ពី​ការ​ផ្ដល់​តម្លៃ​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និងរ​វ៉ា​ន់​ដា និង​និយាយ​ដោយឡែក​នៅ​ក្នុង​ការ​ផ្ដល់​តម្លៃ​ដល់​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​។ សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា សាវតា​នៃ​ប្រទេសរ​វ៉ា​ន់​ដា និង​កម្ពុជា​មាន​ប្រវត្តិ​ប្រហាក់ប្រហែល​គ្នា​ហើយ​សម្ដេច និង​ឯកឧត្តម​ប្រធានាធិបតីរ​វ៉ា​ន់​ដា ក៏​មាន​ប្រវត្តិ​តស៊ូ​កម្សត់​ប្រហាក់ប្រហែល​គ្នា​ផង​ដែរ​។​សម្ដេច​សង្ឃឹមថា ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ នឹង​រួមចំណែក​ដល់​ការ​ពង្រឹង​នូវ​ចំណងមិត្តភាព​រវាង​កម្ពុជា និងរ​វ៉ា​ន់​ដា​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ​។

ឯកឧត្តម​ប្រធានាធិបតីរ​វ៉ា​ន់​ដា បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ការ​បដិសណ្ឋារកិច្ច និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​សម្ដេច​តេ​ជោ​ចំពោះ​ឯកឧត្តម​នៅ​ពេល​នេះ ឯកឧត្តម​បាន​លើក​ឡើង​ពី​ក្តី​រីករាយ​ដែល​បាន​អញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​ឯកឧត្តម​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដ៏​អស្ចារ្យ​ ។

ឯកឧត្តម​បាន​មើលឃើញ​អំពី​ការ​អភិវឌ្ឍ​របស់​កម្ពុជា ហើយ​ឯកឧត្តម​លើក​ឡើង​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​ឯកឧត្តម​ផ្ទាល់​ក្នុង​ការ​អភិវឌ្ឍ​ដឹកនាំ​ប្រទេស​របស់​ខ្លួន ទន្ទឹម​នឹង​នេះ​ឯកឧត្តម​ក៏​បាន​សម្ដែង​នូវ​ការ​ចាប់អារម្មណ៍​ចំពោះ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រវត្តិ​របស់​ឯកឧត្តម​ផ្ទាល់ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ដែល​អាច​ស្វែង​យល់​គ្នា​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណុច​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​តែ​បំពេញ​នៅ​ក្នុង​ក្រប​ខណ្ឌ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និងរ​វ៉ា​ន់​ដា និយាយ​ជា​រួម ឯកឧត្តម​បាន​លើក​ឡើង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ ក៏​ស្វែងរក​ឱកាស ដោយ​ក្រុមការងារ​របស់​ឯកឧត្តម​ក៏​បាន​ជួប​ជាមួយនឹង​ភាគី​កម្ពុជា​ហើយ​ឯកឧត្តម​ផ្ទាល់​នឹង​ជជែក​នៅ​ក្នុង​ការ​ស្វែងរក និង​ការ​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និងរ​វ៉ា​ន់​ដា​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ​។

សម្ដេច​តេ​ជោ​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​ប្រធានាធិបតីរ​វ៉ា​ន់​ដា​។ សម្ដេច​បាន​លើក​ឡើង​ថា សម្ដេច​ក៏​គាំទ្រ​ចំពោះ​ប្រទេស​ទាំង​ពីរ​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយ​គ្នា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ ។

សម្ដេច​បញ្ជាក់​ថា កិច្ចព្រមព្រៀង​រវាង​កម្ពុជា​និងរ​វ៉ា​ន់​ដា ដែល​នឹង​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នឹង​ក្លាយទៅជា​មាគ៌ា​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​កម្ពុជា និងរ​វ៉ា​ន់​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។ សម្ដេច​ក៏​បាន​លើក​ឡើង​បន្ថែម​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ជាដើម ហើយ​សម្ដេច​បាន​កត់​សម្គាល់ថា​ប្រទេស​ទាំង​ពីរ​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​គ្នា ដូច្នេះ​យើង​អាច​មានឱកាស​យល់​ពី​គ្នា​ច្រើន ហើយ​ស្វែងរក​នូវ​កាលានុវត្តភាព​ថ្មី​ៗ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​។

ជា​ចុង​ក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ប្រធានាធិបតីរ​វ៉ា​ន់​ដា អញ្ជើញ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ពេល​នេះ ប្រកបដោយ​ភាព​រីករាយ និង​ជោគជ័យ​៕