ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ កុំ​ដំឡើង​ថ្លៃ និង​ត្រូវ​ផ្តល់​សេវាកម្ម​ល្អ ក្នុង​ឱកាស​ព្រឹត្តិការណ៍​ប្រណាំង​ទូកង ឆ្នាំ​២០២៦

2 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ លោក គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ប្រណាំង​ទូកង​(​ខ្នាត​តូច​) ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៦នេះ នឹង​ក្លាយជា​ដែក​ឆក់​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​នៅ​ទឹកដី​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ​ឱ្យ​កាន់តែ​ច្រើន​កុះករ​ ។

ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ប្រណាំង​ទូកង​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់លោក ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។ លោក គង់ គឹ​ម​នី បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ រី​សត និង​ភោជនីយដ្ឋាន​នានា​ទូ​ទាំង​ខេត្ត សូមកុំ​ដំឡើង​ថ្លៃ​សេវាកម្ម និង​ម្ហូបអាហារ​ហួសហេតុ ហើយ​ត្រូវ​យកចិត្តទុកដាក់​ផ្តល់​សេវាកម្ម​ឱ្យ​បាន​ល្អ​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​បង្កើន​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ ​ដែល​មក​ទស្សនា​កម្សាន្ត ​។

យោង​តាម​របាយការណ៍​របស់​លោក ឌឹ​ម នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អនុ​គណៈកម្មការ​រៀបចំ​ការ​ប្រណាំង​ទូកង​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា ទីលាន​ប្រណាំងទូក​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទំនប់​សែន​សុខដុម ក្រុង​សែន​មនោ​រម្យ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រណាំង​សរុប ២៥០​ម៉ែត្រ បែងចែក​ជា​ខ្សែទឹក​ក្នុង និង​ខ្សែទឹក​ក្រៅ ព្រមទាំង​មាន​ក្រុមការងារ​បច្ចេកទេស និង​គណៈកម្មការ​កាត់សេចក្តី​យ៉ាង​ត្រឹមត្រូវ និង​សុក្រឹត​បំផុត​ ។

សម្រាប់​ឆ្នាំ​២០២៦នេះ មាន​ទូកង​សរុប​ចំនួន ៣១​ទូក មក​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុង​-​ស្រុក ក្រុមហ៊ុន និង​អាជីវករ​នានា បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង ដែល​មាន​កីឡាករ​ចំណុះ​ទូក​សរុប ៣០២​នាក់ (​កីឡាករ​បម្រុង ៦២​នាក់​)​។ ទូក​ទាំងអស់​ត្រូវ​បាន​វាស់វែង និង​បែងចែក​ជា ៣​ផែន ។ ផែនទី​១ (​ប្រវែង ៧​ម៉ែត្រ ដល់ ៨.៣០​ម៉ែត្រ​) ចំណុះ ៦​នាក់ មាន​ចំនួន ១៤​ទូក​។ ផែនទី​២ (​ប្រវែង ៨.៤០​ម៉ែត្រ ដល់ ១០​ម៉ែត្រ​) ចំណុះ ៨​នាក់ មាន​ចំនួន ៧​ទូក​។ ផែនទី​៣ (​ប្រវែង​លើស ១០​ម៉ែត្រ ដល់ ១៤​ម៉ែត្រ​)​ចំណុះ ១០​នាក់ មាន​ចំនួន ១០​ទូក​ ។

ការ​ប្រណាំង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ ដោយ​ក្នុង​មួយគូ​ត្រូវ​អុំ ២​ជើង​ក្នុង​មួយ​ថ្ងៃ (​ប្តូរ​ខ្សែទឹក​ក្នុង និង​ក្រៅ​) សរុប​ទាំងអស់​មាន ៧២​ជើង ដើម្បី​ស្វែងរក​ជ័យ​លា​ភី ​ដែល​មាន​ល្បឿន​លឿន​ជាងគេ​តាម​ផែន​នីមួយ​ៗ​។ ចំពោះ​ទូក​ជ័យ​លា​ភី​លេខ​១ ដល់​លេខ​៣ នឹង​ទទួល​បាន​ទង់ជ័យ​លា​ភី និង​ថវិកា​អម (​ដោយ​លេខ​១ ទទួល​បាន​ពានរង្វាន់​បន្ថែម​) លេខ​៤ ទទួល​បាន​ទង់​កិត្តិយស និង​ថវិកា​អម ចំណែកឯ​ទូក​ដែល​ពុំ​បាន​ជាប់​ចំណាត់ថ្នាក់ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ផង​ដែរ ​៕