ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​បង្កើតចាប់ជំរិត​ក្មួយ​ស្រី​អាយុ​៥​ឆ្នាំ ​ទារប្រាក់​ពី​ឪពុក​ម្តាយ រួច​រុញ​ចូល​ប្រឡាយ​ទឹក​សម្លាប់​ចោល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

3 ម៉ោង មុន

ខេត្តកណ្តាល​ ៖ ករណី​ឃាតកម្ម​គិត​ទុកជា​មុន ពាក់ព័ន្ធ​នឹង​ការ​ចាប់ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​កុមារី ​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​កើតឡើង​យ៉ាង​រន្ធត់ ដោយ​ជនសង្ស័យ​ ដែល​ត្រូវជា​ពូ​បង្កើត​របស់​កុមារី​រង​គ្រោះ បាន​ធ្វើ​សកម្មភាព​រុញ​ក្មួយ​ស្រី​របស់​ខ្លួន​ចូល​ក្នុង​ប្រឡាយ​ទឹក ដើម្បី​សម្លាប់​ចោល ក្រោយ​ពី​បារម្ភ​ថា កុមារី​រង​គ្រោះ​ស្គាល់​អត្តសញ្ញាណ​ខ្លួន​ច្បាស់ និង​អាច​ធ្វើ​ឱ្យ​ខ្លួន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទីថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅផ្ទះ​ឈ្មោះ ថា​ត ថេ​ត ស្ថិត​ក្នុងភូមិ​ព្រែក​តា​មេ​ម សង្កាត់​ព្រែក​ស្តី ក្រុង​សំពៅ​ពូន ខេត្តកណ្តាល​ ។

កុមារី​រង​គ្រោះ​មានឈ្មោះ ថ,រ,​ច,ន អាយុ​៥​ឆ្នាំ ចំណែក​ជនសង្ស័យ​មានឈ្មោះ ឡាយ សុខ​ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​ពូ​បង្កើត​របស់​កុមារី​រង​គ្រោះ ​។

តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ចាប់​ក្មួយ​ស្រី​របស់​ខ្លួន ​ក្នុង​គោលបំណង​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​។ ប៉ុន្តែ​ក្រោយមក ជនសង្ស័យ​បាន​គិត​ថា ប្រសិនបើ​ទុក​កុមារី​ឱ្យ​នៅ​រស់នោះ​រូបគេ​អាច​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន ដោយសារ​កុមារី​ស្គាល់​ខ្លួន​ច្បាស់ ទើប​សម្រេចចិត្ត​ដឹក​កុមារី​ទៅ​កាន់​ទីតាំង​ស្ងាត់​មួយ ដើម្បី​សម្លាប់​ចោល​ ។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​បាន​ដឹក​កុមារី​ឆ្លង​ទូក​នៅ​ចំណុច​ព្រែក​តា​ផ ចូល​ទៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ រហូត​ដល់​ចំណុច​ប្រឡាយ​លេខ​១២ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ផ ឃុំ​គោក​ធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ជាទី​តាំង​ស្ងាត់ និង​មិនសូវ​មាន​មនុស្ស​ឆ្លងកាត់ ​។

នៅ​ទីនោះ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ ហើយ​ប្រាប់​កុមារី​រង​គ្រោះ​ថា ម៉ាស៊ីន​ម៉ូតូ​ក្តៅ ត្រូវ​សម្រាក​មួយសន្ទុះ​សិន ប្រមាណ​២០​នាទី​ក្រោយមក ជនសង្ស័យ​បាន​បបួល​កុមារី​ថា ទី​នេះ​មាន​ទេសភាព​ស្អាត ហើយ​ឱ្យ​ចុះ​ទៅ​ដើម្បី​ថតរូប ដោយ​បញ្ជា​ឱ្យ​កុមារី​ឈរ​នៅ​លើ​ចង្អើ ដើម្បី​បង់សំណាញ់​។ ភ្លាម​នោះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រុញ​កុមារី​រង​គ្រោះ​ឱ្យ​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​តែ​ម្តង ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ប្រាក់​ដែល​ជនសង្ស័យ​បាន​ទាមទារ​ពី​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ គឺ​មិន​ទទួល​បាន​នោះ​ទេ​​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ទូរសព្ទ​ដៃ​២​គ្រឿង ស៊ី​មកា​ត​២ និង​ម៉ូតូ​១​គ្រឿង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕