ទីក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញជំហរជាថ្មី ដោយនៅតែទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីចំនួន៤តំបន់ និងទាមទារឱ្យអង្គការណាតូបញ្ឈប់ការពង្រីកឥទ្ធិពលទៅភាគខាងកើត ទោះបីជាមានកិច្ចចរចារវាងរុស្ស៊ី អ៊ុយក្រែន និងអាម៉េរិកនៅទីក្រុងអាប៊ូដាប៊ីក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New Voice of Ukraine នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយដកស្រង់ការវាយតម្លៃរបស់វិទ្យាស្ថានសិក្សាសង្គ្រាម។
តាមការវាយតម្លៃរបស់វិទ្យាស្ថាននេះ លោកពូទីននៅតែទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់លូហានស៍ ដូណេតស៍ ហ្សាប៉ូរីសហ្សៀ និងខឺរសុន ទាំងមូល រួមទាំងតំបន់ដែលកងទ័ពរុស្ស៊ីមិនទាន់គ្រប់គ្រងបានផងដែរ។ លោកក៏មិនយល់ព្រមចំពោះការបង្កើតតំបន់គ្មានយោធានៅអ៊ុយក្រែនក្រោយសង្គ្រាម និងចង់រក្សាវត្តមានកងទ័ពរុស្ស៊ីនៅតាមព្រំដែនថ្មីផងដែរ។
ជាមួយគ្នានេះ លោកពូទីនបានជំទាស់នឹងការដាក់ពង្រាយកងទ័ពបរទេសនៅអ៊ុយក្រែន ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី និងព្រមានថា កងទ័ពបរទេសទាំងនោះអាចក្លាយជាគោលដៅវាយប្រហារ។ ចំណែកអ្នកចរចារុស្ស៊ីក៏បានបន្តទាមទារឱ្យអង្គការណាតូបញ្ឈប់ការពង្រីកទៅភាគខាងកើត និងដាក់កម្រិតលើសកម្មភាពយោធានៅតំបន់ជុំវិញរុស្ស៊ី។
ការវាយតម្លៃនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចារយៈពេល២ថ្ងៃរវាងរុស្ស៊ី អ៊ុយក្រែន និងអាម៉េរិក នៅទីក្រុងអាប៊ូដាប៊ី បានបញ្ចប់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយមានការព្រមព្រៀងលើការដោះដូរឈ្លើយសឹកដ៏ធំមួយ។ នៅថ្ងៃទី១២ ខែវិច្ឆិកា បេសកជនពិសេសអាម៉េរិក លោក Steve Witkoff និងលោក Jared Kushner ក៏បានជួបជាមួយលោកពូទីននៅទីក្រុងមូស្គូ មុនបន្តជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅប្រទេសអៀរឡង់។
វិទ្យាស្ថានសិក្សាសង្គ្រាមបានវាយតម្លៃថា ការបន្តទាមទារលក្ខខណ្ឌដដែលៗរបស់រុស្ស៊ី បង្ហាញពីការលំបាកក្នុងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយអត្ថន័យ ខណៈភាគីទាំងពីរនៅតែមានជំហរខុសគ្នាខ្លាំងលើបញ្ហាទឹកដី និងសន្តិសុខ។ ការចរចាបន្តនៅតែជាបញ្ហាប្រឈមសំខាន់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ