បុរស២នាក់ សង្ស័យ «មានខ្លួន» គ្រាន់តែឮគេស្រែកថាចោរ ក៏រត់ចោ.លម៉ូតូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យ២នាក់ ខណៈឮគេស្រែកថា ចោរៗ ស្រាប់តែភ័យពេលឃើញគេបើកទ្វារផ្ទះ ចេញមកក្រៅក៏នាំគ្នារត់ចែកជើងគ្នាគេចខ្លួនបាត់ បន្សល់ទុកម៉ូតូ១គ្រឿងចោលនៅនឹងកន្លែងតែម្តង ។ ម៉ូតូនេះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១LP-៥០៣៧ ស៊េរី២០២៥ ។
ប្រជាពលរដ្ឋបានរាយការណ៍ឱ្យសមត្ថកិច្ចមកយកម៉ូតូនេះទៅរក្សាទុកបណ្ដោះអាសន្ន ព្រោះមិនដឹងថាម៉ូតូនេះទាក់ទិននឹងអំពើចោរកម្ម ឬបែបណាទេ ។ កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឹឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នៅចំណុចមុខបន្ទប់ជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រជាពលរដ្ឋជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុ ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ នៅម៉ោងជាង២រំលងអធ្រាត្រ បានឮសំឡេងស្រែកថាចោរគាស់បន្ទប់ជួល ក៏បើកទ្វារបន្ទប់ចេញមករកមើល ក៏ឃើញបុរស២នាក់នាំគ្នារត់គេចខ្លួនដោយផ្តួលម៉ូតូចោល ។ គ្រប់គ្នាមានការសង្ស័យថា ជនទាំង២ប្រហែលមានខ្លួនទើបរត់ចោលម៉ូតូបែបនេះ ។
ក្រោយកើតហេតុផ្តួលម៉ូតូចោលក៏មានការសួរនាំគ្នានៅកន្លែងផ្ទះជួល តែមិនមានអ្នកណាបាត់ម៉ូតូទេ ទើបរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនចុះមកកន្លែងកើតហេតុ បានឃើញម៉ូតូ១គ្រឿងថ្មីស៊េរីឆ្នាំ២០២៥ ព្រមទាំងប្រកាសថា បើបងប្អូនឃើញតាមសារព័ត៌មានផ្សព្វផ្សាយជាម៉ូតូរបស់ខ្លួនដែលបាត់កន្លងមក សូមទំនាក់ទំនងជាមួយសមត្ថកិច្ចទទួលយកម៉ូតូត្រឡប់ទៅវិញ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមនបានបញ្ជាក់ថា ម៉ូតូ១គ្រឿងខាងលើនេះ មិនដឹងថាជារបស់ជនសង្ស័យឬជារបស់ជនរងគ្រោះ ដែលបាត់ពីណាមកទេ បច្ចុប្បន្នម៉ូតូយកមករក្សាទុកបណ្ដោះអាសន្នសិន បើមានបងប្អូនណាបាត់សូមភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធម៉ូតូ ដើម្បីសមត្ថកិច្ចពិនិត្យប្រគល់ម៉ូតូយកទៅប្រើប្រាស់វិញ ៕




ចែករំលែកព័តមាននេះ