រាជធានីភ្នំពេញ ៖ វិមានសាមគ្គីភាព ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៅពេលនេះ។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកាន់តែរីកចម្រើនបន្ថែមទៀត ។
នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមពិតជារីករាយខ្លាំងណាស់ ដែលបានមកដល់ប្រទេសកម្ពុជា ហើយឯកឧត្តមបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជានេះ គឺដើម្បីបង្កើននូវភាពជាដៃគូរវាងកម្ពុជា និងអាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានអរគុណចំពោះកម្ពុជា ដែលបានធ្វើកិច្ចការងារក៏ដូចជាសហការជាមួយនឹងសហរដ្ឋអាមេរិក នាពេលកន្លងមក ទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ រវាងកម្ពុជា និងអាមេរិក ដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់ ។
សម្ដេចតេជោក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំនៅកម្ពុជា ទាក់ទងទៅនឹងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ដោយសម្ដេចបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថានឹងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាឲ្យអស់តែម្ដង ពីព្រោះថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជា តែឯងនោះទេ កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ ដូច្នេះត្រូវចូលរួមសហការគ្នា ។
ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអាមេរិក នៅពេលកន្លងមកហើយឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមមានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់កម្ពុជា ហើយឯកឧត្តមបានមើលឃើញពីវិបុលភាពរបស់កម្ពុជាតាមរយៈសន្តិភាពហើយឯកឧត្តមសង្ឃឹមថាកម្ពុជា នឹងខិតខំប្រឹងប្រែងជាពិសេសបើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ជូនសម្ដេចតេជោថា ឯកឧត្តមនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកឱកាសក៏ដូចជាបង្កនូវលក្ខណៈ នៃការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត ។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បំពេញបេសកកម្មប្រកបដោយភាពជោគជ័យក្នុងប្រទេសកម្ពុជា ៕












ចែករំលែកព័តមាននេះ