ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​៖ ការ​ជូនដំណឹង​ពី​គម្រោង​ស៊ើបអង្កេត​ពាក់ព័ន្ធ​ការងារ​ ដោយ​បង្ខំ​របស់​អា​មេ​រិ​ក គឺជា​ល្បែង​នយោបាយ​ផ្ទៃក្នុង ​ដែល​សូ​ម្បី​តែ​សម្ព័ន្ធមិត្ត​ដូច​ជា អ៊ឺ​រ៉ុ​ប និង​ប្រទេស​អាស៊ាន​ខ្លះ​ ក៏​រង​ការ​អង្កេត​ដែរ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អ្នកវិភាគ និង​អ្នក​តាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា បាន​អះអាង​ដូច​ៗ​គ្នា​ថា ការ​ជូនដំណឹង​ពី​គម្រោង​ស៊ើបអង្កេត​ពាក់ព័ន្ធ​ការងារ​ដោយ​បង្ខំ​របស់​អា​មេ​រិ​ក​ទៅ​លើ​ប្រទេស​ចំនួន ៦០ ដែល​រួម​មាន​ទាំង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន​ផង គឺ​គ្រាន់តែ​ជា​លុបលាង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​រដ្ឋបាល​លោក ដូ​ណា​ល់…

រាជធានីភ្នំពេញ​ ៖ អ្នកវិភាគ និង​អ្នក​តាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា បាន​អះអាង​ដូច​ៗ​គ្នា​ថា ការ​ជូនដំណឹង​ពី​គម្រោង​ស៊ើបអង្កេត​ពាក់ព័ន្ធ​ការងារ​ដោយ​បង្ខំ​របស់​អា​មេ​រិ​ក​ទៅ​លើ​ប្រទេស​ចំនួន ៦០ ដែល​រួម​មាន​ទាំង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន​ផង គឺ​គ្រាន់តែ​ជា​លុបលាង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​ប៉ុណ្ណោះ ​។

លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​ភូមិសាស្ដ្រ​នយោបាយ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែង​ថា​៖«​ការ​ស៊ើបអង្កេត​នេះ គ្រាន់តែ​ជា​ការ​លុបលាង​បញ្ហា​ នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​ប៉ុណ្ណោះ ដោយសារ​នយោបាយ​ពន្ធ​បដិកា​របស់​លោក ដូ​ណា​ល់ ត្រាំ មិន​អាច​ទទួល​បាន​ជោគជ័យ​នោះ​ទេ ព្រោះ​មា​នប​ញ្ហ​ផ្ទៃក្នុង​របស់​ខ្លួន​»​ ។

លោក​បណ្ឌិត​បន្ត​ថា ដោយសារ​តែ​ការ​បរាជ័យ​លើ​ការ​ដាក់​ពន្ធ​បដិកា​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ទើប​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​យក​ការ​ស៊ើបអង្កេត​នេះ​ធ្វើ​ជា​លេស ដើម្បី​ដាក់​សម្ពាធ​មក​លើ​សម្ព័ន្ធមិត្ត និង​បណ្ដាល​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ ក្នុង​គោលបំណង​លួង​ចិត្ត​ម្ចាស់​ឆ្នោត និង​ស្ដារ​ប្រជាប្រិយភាព​រដ្ឋការ​របស់​អា​មេ​រិ​ក ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​ ។

សម្រាប់​អ្នកវិភាគ​រូប​នេះ គម្រោង​នៃ​ការ​ស៊ើបអង្កេត​នេះ នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ធំដុំ​ដល់​បណ្ដា​ប្រទេស​ដែល​នៅ​ក្នុង​បញ្ជី​នោះ​ទេ ​។

លោក​បណ្ឌិត យង់ ពៅ​៖«​បញ្ហា​ទាំង​អស់នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ផ្ទៃក្នុង ​របស់​ខ្លួន ដែល​ស្វែងរក​ប្រជាប្រិយភាព​ឡើង​វិញ ​។ ក្នុង​ន័យ​នេះ បើ​ទោះបីជា​មានការ​ស៊ើបអង្កេត​ទៅ​លើ​បណ្ដា​ប្រទេស​ទាំង​អស់នេះ ក៏​មិន​មាន​អ្វី​ប្រែប្រួល ឬ​បង្ក​ជា​បញ្ហា​ធំដុំ​អ្វី​ដែរ​» ​។

បន្ថែម​លើ​ការ​លើក​ឡើង​នេះ លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា និង​ជា​អ្នក​តាមដាន​បញ្ហា​នយោបាយ​បាន​ថ្លែង​ថា​៖ «​គម្រោង​ស៊ើបអង្កេត​ជុំវិញ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នេះ គឺ​មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ សូ​ម្បី​តែ​ប្រទេស​សម្ព័ន្ធមិត្ត​ដូច​ជា អ៊ឺ​រ៉ុ​ប អង់គ្លេស ជប៉ុន កូរ៉េ​ខាងត្បូង ថៃ ហ្វី​លី​ពី​ន សឹ​ង្ហ​បុរី វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី ក៏​រង​នូវ​ការ​អង្កេត​ដូច​គ្នា​ដែរ​»​ ។

សូម​បញ្ជាក់​ថា ការ​អះអាង​របស់​អ្នកវិភាគ និង​អ្នក​តាមដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដីជូនដំណឹង​របស់​តំណាង​ពាណិជ្ជកម្ម នៃ​សហរដ្ឋអាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦​នេះ​បានឱ្យ​ដឹង​ថា ប្រទេស​ចំនួន ៦០ ដែល​ជាប់​ការ​អង្កេត​របស់​សហរដ្ឋអាមេរិក​រួម​មាន​៖ សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស អូស្ត្រាលី ជប៉ុន កា​ណា​ដា អ៊ី​ស្រា​អែ​ល កូរ៉េ​ខាងត្បូង និង​សម្ព័ន្ធមិត្ត​នៅ​តំបន់​អាស៊ាន​ដូច​ជា ហ្វី​លី​ពី​ន សិង្ហ​បុរី ថៃ វៀតណាម និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​។

ទន្ទឹម​នេះ អ្នកវិភាគ និង​តាមដាន​បញ្ហា​នយោបាយ​មើលឃើញ​ដូច​ៗ​គ្នា​ថា កម្ពុជា​តែងតែ​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តរជាតិ ច្បាប់​ការងារ ច្បាប់​ស្ដី​ពី​សហជីព និង​កិច្ចសន្យាការងារ​ផ្សេង​ៗ​ដែល​មិន​មានការ​រំលោភ​បំពាន​ច្បាប់​ការងារ និង​ការ​រំលោភ​ទៅ​លើ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ទេ​។ ដូច្នេះ​កម្ពុជា​មិន​គួរ​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ ប៉ុន្ដែ​ត្រូវ​តែ​ព្យាយាម​បន្ត​អនុវត្ត​ទៅ​តាម​ច្បាប់​ជាតិ អន្តរជាតិ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ​។

យ៉ាងណា​ក៏​ដោយ លោក សំ សឿ​ន បាន​អំពាវនាវ​ឱ្យ​សាធារណជន និង​ប្រជាពលរដ្ឋ​កុំឱ្យ​ជឿ​លើ​ការ​លើក​ឡើង​ណាមួយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​មាន​ចេតនា​បន្ទច់បង្អាក់ និង​ដាក់បន្ទុក​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះ​បញ្ហា​នេះ​ជា​នយោបាយ​ផ្ទៃក្នុង​អា​មេ​រិ​ក ដើម្បី​ស្ដារ​ប្រជាប្រិយភាព ដែល​សូ​ម្បី​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក៏​រង​ការ​អង្កេត​ដែរ ​៕ អត្ថបទសហការ