ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីណែនាំថ្មី ដើម្បីធានាប្រក្រតីភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅកម្ពុជា

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ ចេញ​សេចក្តី​ណ​នាំ ស្តី​ពី​ការ​ធានា​ប្រក្រតី​ភាព នៃ​ការ​ផ្គត់ផ្គង់ ទិញ​-​លក់​ប្រេងឥន្ធនៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ ចេញ​សេចក្តី​ណ​នាំ ស្តី​ពី​ការ​ធានា​ប្រក្រតី​ភាព នៃ​ការ​ផ្គត់ផ្គង់ ទិញ​-​លក់​ប្រេងឥន្ធនៈ សម្រាប់​បំពេញតម្រូវការ​ចាំបាច់ ។

ក្រសួងពាណិជ្ជកម្ម សូម​ថ្លែងអំណរគុណ​ចំពោះ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ ដែល​បាន​សហការ និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​សេចក្ដីណែនាំ​លេខ ០៨០០ ព​.​ណ​. អ​វ​ឯ ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ ស្ដី​ពី “​ការ​ពង្រឹង​អនុលោម​ភាព​ក្នុង​ការ​ទិញ​-​លក់ ប្រេងឥន្ធនៈ នៅ​តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​” ទន្ទឹម​នឹង​នេះ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​កិច្ចសហការ​ល្អ​រវាង ក្រុមការងារ​ចម្រុះ របស់​មន្ទីរ​រ៉ែ និង​ថាមពល មន្ទីរ​ពាណិជ្ជកម្ម សា​ខាក​.​ប​.​ប​. និង​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ត្រួតពិនិត្យ វាយតម្លៃ​ផ្ទៀងផ្ទាត់​អនុលោម​ភាព ដើម្បី​ធានា​ឱ្យ​មាន​តម្លាភាព និង​ស្តុក​ប្រេងឥន្ធនៈ​គ្រប់គ្រាន់​សម្រាប់​អ្នក​ប្រើប្រាស់ ។

នា​ពេល​កន្លង​មក ក្រុមការងារ​ចម្រុះ​បាន​ពិនិត្យ​បូក​សរុប និង​ផ្ទៀងផ្ទាត់ ឃើញ​ថា មាន​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ជាង ២,០០០ ទីតាំង​ដែល​បាន​បិទ ឬ​ផ្អាក​ប្រតិបត្តិការ​ដោយ​មិន​ទាន់​បាន​វាយតម្លៃ​អនុលោម​ភាព​ពី​អង្គភាព​មាន​សមត្ថកិច្ច​។ ក្រោយ​ពី​ក្រុមការងារ​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាក់ស្ដែង​ដល់ទី​តាំង​ក្រោម​កិច្ចសហការ​ពី​ម្ចាស់​ស្ថានីយ និង​ដេប៉ូ បាន​រក​ឃើញ​ថា នៅ​សល់​តែ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ជាង ៤០០​ទីតាំង​ប៉ុណ្ណោះ​នៅ​បន្ត​បិទ ឬ​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម ដោយសារ​ភាពយឺត​យ៉ាវ នៃ​ការ​មក​ដល់ នៃ​ស្តុក​ថ្មី ហើយ​ក្រៅពី​នោះ​បាន​បើក​ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ ។

ក្នុង​និន្នាការ​នេះ ដើម្បី​បន្ត​ធានា​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ការ​ចែកចាយ​ប្រកបដោយ​សមធម៌ ក្រសួងពាណិជ្ជកម្ម សូម​ណែនាំ​អំពី​ការ​ផ្គត់ផ្គង់ ទិញ​-​លក់​ប្រេងឥន្ធនៈ​សម្រាប់​បំពេញតម្រូវការ​ចាំបាច់​ដោយ​ការ​ទទួលខុសត្រូវ ខ្ពស់​ដូច​ខាងក្រោម ៖

១. ចំពោះ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ

  • សូម​ចូលរួម​សហការ ដោយ​ធ្វើការ​ជូនដំណឹង​ដល់ ក្រសួង​រ៉ែ និង​ថាមពល និង​/​ឬ​ក្រសួងពាណិជ្ជកម្ម និង​/​ឬ​មន្ទីរ​រ៉ែ ថាមពល និង​/​ឬ​មន្ទីរ​ពាណិជ្ជកម្ម ឬ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ខាងក្រោម អំពី​បញ្ហា​ប្រឈម និង​ការ​លំបាក​នានា​ក្នុង​ការ​ទទួល​បាន​នូវ ប្រភព​ប្រេងឥន្ធនៈ ដើម្បី​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អាច​ជួយ​សម្របសម្រួល និង​ដោះស្រាយ​ការ​ផ្គត់ផ្គង់​បាន​ទាន់​ពេលវេលា
  • ត្រូវ​ធានា​សុវត្ថិភាព​ដល់​អតិថិជន ពេល​ចាក់​លក់​ផ្ទាល់​ពី​ដៃ​ចំពួយ​បាញ់​ប្រេង​ទៅ​ក្នុង​មធ្យោបាយ​ផ្ទុក​ប៊ីដុង​/​កាន និង​ត្រូវ​ជៀសវាង ការ​ចាក់​បំពេញ​ប្រេងឥន្ធនៈ​ក្នុង​មធ្យោបាយ​ផ្ទុក​ប៊ីដុង​/​កាន​ស្តុក​ទុកជា​មុន​សម្រាប់​លក់ និង​ដែល​ជា​ហេតុ​បង្ក​ហានិភ័យ​ខ្ពស់ អាច​ធ្វើ​ឱ្យ​ឆាបឆេះ និង​ប៉ះពាល់​បរិមាណ​-​គុណភាព​ប្រេងឥន្ធនៈ
  • ស្ថានីយ និង​ដេប៉ូ ត្រូវ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​តាម​បរិមាណ​បញ្ជាក់​លើ​កាត​ចេញ​ដោយ​ក្រុមហ៊ុន ដែល​អ្នក​ប្រើប្រាស់​មាន​ស្រាប់
    ១៩-៦១ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

២. ចំពោះ​អតិថិជន​ជា​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ឬ​កសិដ្ឋាន​ដែល​មាន​តម្រូវការ​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ភស្តុ​ភារ​កម្ម

  • សូម​ចូលរួម​សហការ ដោយ​ធ្វើការ​ជូនដំណឹង​ទាន់​ពេលវេលា​អំពី​កង្វះខាត និង​តម្រូវការ​ចាំបាច់​របស់​ខ្លួន ទៅ​កាន់​អាជ្ញាធរ មូលដ្ឋាន ជា​ពិសេស​មន្ត្រី​កសិកម្ម​ឃុំ និង​/​ឬ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​មក​ក្រសួង ដើម្បី​អាច​ទទួល​បានការ វាយតម្លៃ និង​សម្របសម្រួល​រក​ប្រភព​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ស្រប​តាម​តម្រូវការ​ចាំបាច់​ជាក់ស្ដែង​ទាំងនោះ
  • សូម​ប្រើប្រាស់​មធ្យោបាយ​ផ្ទុក​ប៊ីដុង​/​កាន ក្នុង​កម្រិត​ចំណុះ ដែល​មាន​សុវត្ថិភាព និង​ធានា​ការពារ​កុំឱ្យ​មាន​ហានិភ័យ ឆាបឆេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ ឬ​អាយុជីវិត​ផ្ទាល់ខ្លួន និង​ការ​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន
  • សូម​ចូលរួម​សហការ តាម​រយៈ​ការ​សន្សំ​សំចៃ និង​ប្រើប្រាស់​ប្រេងឥន្ធនៈ​ចំពោះតែ​សកម្មភាព​ដែល​បម្រើ​តម្រូវការ​ចម្បង ក្នុង​ការ​រក្សា​ដំណើរការ​ចាំបាច់​នៃ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។

មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ការ​ប្រកួតប្រជែង នៃ​ក្រសួងពាណិជ្ជកម្ម មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​រ៉ែ និង​ថាមពល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​បណ្តា​រាជធានី​-​ខេត្ត នឹង​បន្ត​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ការ​លក់​ជា​ប្រចាំ ដើម្បី ធានា​បាន​អនុលោម​ភាព នៃ​ការ​គ្រប់គ្រង​ការ​ទិញ​-​លក់​ប្រេងឥន្ធនៈ​តាម​ស្ថានីយ និង​ដេប៉ូ រួម​ទាំង​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ខិលខូច​ណា​ដែល​កេងប្រវ័ញ្ច និង​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សាធារណៈ ។

សេចក្តី​ដូច​បាន​ណែនាំ​ខាងលើ ក្រុមហ៊ុន​ចែកចាយ និង​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ម្ចាស់​ស្ថានីយ ដេប៉ូ និង​ប្រជាពលរដ្ឋ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ តាម​ច្បាប់​ជា​ធរមាន និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ