ទីក្រុងសេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកគីមមីនស៊ុក (Kim Min-seok) និងលោកដូណាល់ត្រាំកំពុងពិភាក្សាគ្នាដើម្បីរកឱកាសល្អណាមួយរៀបចំកិច្ចជំនួបកំពូលជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន។ គម្រោងនេះត្រូវបានគេបង្ហើបឱ្យដឹងនៅពេលគីមមីនស៊ុកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងឱកាសនោះ លោកគីមជម្រាបជូនលោកត្រាំថាលោកជាមេដឹកនាំបស្ចិមប្រទេសតែម្នាក់គត់ដែលបានជួបសន្ទនាគ្នាជាមួយលោកគីមជុងអ៊ុន ហើយក៏ជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយុនហាប់។

យោងតាមយុនហាប់ លោកត្រាំចង់ដឹងឱ្យប្រាកដថាតើលោកគីមជុងអ៊ុនមានចិត្តចង់និយាយជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក ឬជាមួយលោកផ្ទាល់ដែរឬទេ។ លោកគីមមីនស៊ុកមិនបានបញ្ជាក់ថាតើលោកបានស្នើអ្វីខ្លះទៅលោកត្រាំទេ។ ប៉ុន្តែលោកថាលោកបានជម្រាបជូនលោកត្រាំអំពីការធ្វើអត្ថាធិប្បាយនានារបស់របបក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះហាក់បង្ហាញសញ្ញាថាពួកគេក៏ចង់សន្ទនាគ្នាជាមួយអាមេរិកផងដែរ។ នៅពេលនិយាយដល់ចំណុចនេះ លោកត្រាំបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកត្រាំធ្លាប់ជួបលោកគីមជុងអ៊ុនបីដងចាប់ពីឆ្នាំ២០១៨ដល់២០១៩ដើម្បីកែលម្អទំនាក់ទំនងឡើងវិញផង និងដើម្បីបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្តែការចរចានោះត្រូវជាប់គាំងរហូតមកដល់សព្វថ្ងៃបន្ទាប់ពីលោកត្រាំធ្លាក់ឆ្នោត។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលស្នើសុំមិនបញ្ចេញឈ្មោះទទួលស្គាល់ថាពិតជាមានការជួបគ្នារវាងលោកត្រាំ និងលោកគីមមីនស៊ុកមែន។ ប៉ុន្តែសេចក្ដីលម្អិតយ៉ាងណាមន្ត្រីរូបនេះសូមមិននិយាយទេ។

ដំណើរទស្សនកិច្ចរបស់លោកគីមមីនស៊ុកទៅវ៉ាស៊ីនតោនលើកនេះក៏ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មផងដែរ។ លោកបានជម្រាបជូនលោកជេឌីវេន (អនុប្រធានាធិបតីអាមេរិក) ថារដ្ឋសភាកូរ៉េខាងត្បូងទើបតែអនុម័តសេចក្ដីព្រាងច្បាប់មួយនៅសប្ដាហ៍នេះដែលអនុញ្ញាតឱ្យកូរ៉េខាងត្បូងបោះទុនវិនិយោគ៣៥០ពាន់លានដុល្លារនៅអាមេរិក។ នេះជាសក្ខីភាពបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ទីក្រុងសេអ៊ូលថាត្រូវតែធ្វើឱ្យបានដូចអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំង២ធ្លាប់បានសន្យាកាលពីពេលកន្លងមក៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ