ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំស្មានថាគេចផុត ! បង្ក្រាបទីតាំងឆបោ.ក Online scam ក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ និងឃាត់ខ្លួនជនជាតិបង់ក្លាដេស១៥នាក់

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ ក្នុង​បុរី​ពិភព​ថ្មី ធនាគារជាតិ ផ្លូវ​១០១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ ក្នុង​បុរី​ពិភព​ថ្មី ធនាគារជាតិ ផ្លូវ​១០១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ ដោយ​ឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស​ចំនួន​១៥​នាក់ និង​ដកហូត​កុំព្យូទ័រ និង​ទូរ​សព្ទ​ដៃ មួយ​ចំនួន ដែល​ជនសង្ស័យ​ប្រើប្រាស់​បម្រើ​ឱ្យ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។ នេះ​បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ។

ប្រភព​បាន​លើក​ឡើង​ថា ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តន៍​ផ្ទាល់​ដោយ​សមត្ថកិច្ច​ជំនាញ រួម​ទាំង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្រួល​នីតិវិធី​ច្បាប់​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

តាម​ការ​សន្និដ្ឋាន​បឋម​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​ជនសង្ស័យ​ប្រើប្រាស់​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​បទល្មើស ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam ក្រោម​រូបភាព​ប្រើប្រាស់​គណនី Facebook និង Telegram បន្លំ​ខ្លួន​ជា​បុគ្គលិក​របស់ ធនាគារពិភពលោក ដោយ​ក្រុម​នេះ កាត់ត​រូបភាព តាម​កម្មវិធី Canva ក្លែង​ឡូ​ហ្គោ​ពី​ធនាគារ ពិភពលោក World Bank ដើម្បី​បោក​អ្នក​ដទៃ​ឱ្យ​ដាក់​ប្រាក់​កម្ចី​មាន​គោលដៅ​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស និង​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

បច្ចុប្បន្ន​ចំពោះ​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​នេះ ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​មេខ្លោង​ពាក់ព័ន្ធ​ជា​បន្ត​ទៀត ។

តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​តាម​ទីតាំង​ធំ​ៗ រួម​មានៈ កាស៊ីណូ ខុន​ដូរ សណ្ឋាគារ​កន្លង​មកនេះ ឥឡូវ​ក្រុម​ឧក្រិដ្ឋជន​បាន​ប្តូរ​ទិស​ដៅ​ធ្វើ​សកម្មភាព បែងចែក​ជា​ក្រុម​តូច​ៗ ធ្វើ​សកម្មភាព​នៅ​តាម​ផ្ទះសំណាក់ ឬ​ផ្ទះល្វែង​វិញ​ម្តង ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា នៅ​ត្រឹម​ខែមេសា ឆ្នាំ​២០២៦ ។ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ ។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា ដែល​នៅ​ពីក្រោយ​សកម្មភាព​ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ