ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​នាំ​ចូល​អង្ករ​កំពូល​របស់​ពិភពលោក កំណត់​​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ពន្ធ​គយ

1 ម៉ោង មុន

ទីក្រុង​ម៉ានីល ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក Ferdinand Marcos Jr. បាន​កំណត់​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ពន្ធគយ​ដែល​បាន​គ្រោងទុក សម្រាប់​ការ​នាំ​ចូល​អង្ករ​មក​កាន់​ប្រទេស​ហ្វី​លី​ពី​ន ដែល​ជា​ប្រទេស​នាំ​ចូល​ធំ​ជាងគេ​របស់​ពិភពលោក…

ទីក្រុង​ម៉ានីល ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន លោក Ferdinand Marcos Jr. បាន​កំណត់​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ពន្ធគយ​ដែល​បាន​គ្រោងទុក សម្រាប់​ការ​នាំ​ចូល​អង្ករ​មក​កាន់​ប្រទេស​ហ្វី​លី​ពី​ន ដែល​ជា​ប្រទេស​នាំ​ចូល​ធំ​ជាងគេ​របស់​ពិភពលោក ដោយ​អនុវត្ត​ក្របខ័ណ្ឌ​ដែល​អាច​បត់បែន​បាន​ពី ១៥% ទៅ ៣៥% ចាប់ពី​ឆ្នាំ ២០២៦​។

នៅ​ក្នុង​បទបញ្ជា​ប្រតិបត្តិ ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក Marcos បានឱ្យ​ដឹង​ថា ការ​កែតម្រូវ​ពន្ធគយ​ដោយ​ផ្អែក​លើ​ការ​ប្រែប្រួល​នៃ​តម្លៃ​ទីផ្សារ​អង្ករ​ពិភពលោក នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ បន្ទាប់​ពី​ប្រទេស​មួយ​នេះ បាន​ដំឡើង​ពន្ធគយ​នាំ​ចូល​អង្ករ​ដល់ ១៥% រហូត​ដល់​ចុងឆ្នាំ​២០២៥​។

យោង​តាម​បទបញ្ជា​នេះ ពន្ធគយ​នាំ​ចូល​នឹង​ត្រូវ​បង្កើន ៥% សម្រាប់​រាល់​ការ​ធ្លាក់​ចុះ ៥% នៃ​តម្លៃ​អង្ករ​ពិភពលោក ឬ​ទម្លាក់ ៥% សម្រាប់​រាល់​ការ​កើនឡើង ៥% នៃ​តម្លៃ​អង្ករ​ពិភពលោក​។ បទបញ្ជា​នេះ​បាន​បញ្ជាក់​ថា ទោះជា​យ៉ាងណា​ក៏​ដោយ អត្រាពន្ធ​លើ​អង្ករ​របស់​ប្រទេស​ដែល​ទទួល​បានការ​អនុគ្រោះ​ទាំង​ក្នុង​កូតា និង​ក្រៅ​កូតា មិន​ត្រូវ​ទាប​ជាង ១៥% ឬ​លើស​ពី ៣៥% ឡើយ​។

លោក Marcos ក៏​បាន​បង្កើត​ក្រុម​ជំនាញ​អន្តរ​ភ្នាក់ងារ​មួយ ដើម្បី​បង្កើត​គោលការណ៍​ណែនាំ​សម្រាប់​ការ​អនុវត្ត​ពន្ធគយ ក៏​ដូច​ជា​តាមដាន និង​កែតម្រូវ​ពន្ធ​នាំ​ចូល​អង្ករ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​តម្លៃ​ពិភពលោក​។

ថ្មី​ៗ​នេះ ប្រទេស​ហ្វី​លី​ពី​ន​បាន​ហាមឃាត់​ការ​នាំ​ចូល​អង្ករ​រហូត​ដល់​ចុងឆ្នាំ ២០២៥ ដើម្បី​ការពារ​កសិករ​ក្នុងស្រុក ជា​ពិសេស​អំឡុង​ពេល​រដូវ​ប្រមូល​ផល​ខ្ពស់​បំផុត​របស់​ខ្លួន​។ គិត​ត្រឹម​ចុងខែ​កញ្ញា ប្រទេស​ហ្វី​លី​ពី​ន​បាន​នាំ​ចូល​អង្ករ​ចំនួន ៣,៥​លាន​តោន សម្រាប់​ឆ្នាំ​នេះ ដែល​ច្រើន​ជាង​តម្រូវការ​ប្រហែល ៨០​ម៉ឺន​តោន​។

ប្រទេស​ហ្វី​លី​ពី​ន ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ទិញ​អង្ករ​ចំនួន ៥ លាន​តោន នៅ​ក្នុង​រដូវ​កាល​ឆ្នាំ ២០២៥-២០២៦ ពោល​ធ្លាក់​ចុះ​ពី ៥,៤៣ លាន​តោន នៅ​ក្នុង​ឆ្នាំ ២០២៤-២០២៥ ប៉ុន្តែ​លើស​ពី​ការ​បញ្ជា​ទិញ​ដោយ​ប្រទេស​នាំ​ចូល​កំពូល​ៗ ដូច​ជា​ប្រទេស​ចិន​ជាដើម​។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក កាលពី​ខែកញ្ញា​កន្លង​ទៅ​៕ ប្រភព ៖ Bloomberg និង Inquirer

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ