ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ BBC ​​ចុះ​ពី​តំណែង​ក្រោយ​រង​ការ​ចោទ​​ថា​កាត់​ត​ពាក្យ​សម្ដី​របស់​លោក​ត្រាំទាំង​លំអៀង

7 ម៉ោង មុន

ទី​ក្រុង​ឡុង៖ លោក​ធីម​ដេវី (Tim Davie) ក្នុង​នាម​ជា​អគ្គ​នាយក​ និង​ជា​​ប្រធាន​ផ្នែក​ព័ត៌​មាន​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អង់គ្លេស​ ប៊ី​ប៊ី​ស៊ី​ (BBC) បាន​ប្រកាស​លា​លែង​ពី​តំណែង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​​ស្ថាប័ន​របស់​លោក​ទទួល​រង​ការ​រិះ​គន់ពាក់​ព័ន្ធ​នឹង​ការ​កាត់​ត​​សុន្ទរ​កថា​​​របស់​លោក​ត្រាំ​​។ នាយក​ប្រតិ​បត្តិ​របស់​ប៊ីប៊ី​ស៊ី​ក៏​ប្រកាស​លា​លែង​ដូច​គ្នា​។…

ទី​ក្រុង​ឡុង៖ លោក​ធីម​ដេវី (Tim Davie) ក្នុង​នាម​ជា​អគ្គ​នាយក​ និង​ជា​​ប្រធាន​ផ្នែក​ព័ត៌​មាន​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អង់គ្លេស​ ប៊ី​ប៊ី​ស៊ី​ (BBC) បាន​ប្រកាស​លា​លែង​ពី​តំណែង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​​ស្ថាប័ន​របស់​លោក​ទទួល​រង​ការ​រិះ​គន់ពាក់​ព័ន្ធ​នឹង​ការ​កាត់​ត​​សុន្ទរ​កថា​​​របស់​លោក​ត្រាំ​​។ នាយក​ប្រតិ​បត្តិ​របស់​ប៊ីប៊ី​ស៊ី​ក៏​ប្រកាស​លា​លែង​ដូច​គ្នា​។ ប៊ីប៊ី​ស៊ី​រង​ការ​ចោទ​ប្រកាន់​ថា​​ផ្សាយ​ព័ត៌​មាន​លំអៀង ​​​កាត់​យក​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​ត្រង់​ចំណុច​ណា​ដែល​ខ្លួន​ចង់​បាន​ដើម្បី​បង្ហាញ​ថា​លោក​​និយាយ​ពន្យុះ​អ្នក​គាំទ្រ​ឱ្យ​ងើប​បះ​បោរ​នៅ​​​វិមាន​រដ្ឋ​សភា​។​

​លោក​ត្រាំ​ស្វាគមន៍​ការ​ចាក​ចេញ​របស់​អ្នក​ទាំង​២​។ លោក​ចាត់​ទុក​ថា​ពួក​គេ​ជា​មនុស្ស​គ្មាន​ភាព​ស្មោះ​ត្រង់​បន្ទាប់​ពី​កម្ម​វិធី​ផ្សាយ​របស់​ស្ថាប័ន​នេះ​ឈ្មោះ​ Panorama ដក​ស្រង់​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​២​ផ្សេង​គ្នា​មក​ដាក់​បញ្ចូល​គ្នា​។ នៅ​ពេល​ទស្សនិក​ជន​ស្ដាប់​មើល​ទៅ​ហាក់​ដូច​ជា​លោក​ត្រាំ​និយាយ​ពន្យុះ​​ឱ្យ​អ្នក​គាំ​ទ្រ​ងើប​បះ​បោរ​សម្រុក​ចូល​វិមាន​រដ្ឋ​សភា​កាល​ពី​ខែ​មករា ឆ្នាំ​២០២១​។​ ព្រឹត្តិ​ការណ៍​នៅ​ក្នុង​គ្រា​នោះ​នាំ​ទៅ​ដល់​ការ​ប្រវាយ​ប្រតប់​គ្នា និង​ស្លាប់​មនុស្ស​មួយ​ចំនួន​។

នាយក​ផ្សព្វ​ផ្សាយ​របស់​ប៊ីប៊ីស៊ី និង​ក៏​ជា​និពន្ធ​នាយក​របស់​ស្ថាប័ន​នេះ​ផង​ដែរ លោក​ធីម​ដេវី (Tim Davie) ​បាន​ដឹក​នាំ​ស្ថា​ប័ន​នេះ​តាំង​ពី​ឆ្នាំ​២០២០​។ លោក​បាន​និយាយ​ការ​ពារ​ស្ថាប័ន​​​ និង​ចាត់​ទុក​ថា​គុណ​ភាព​ព័ត៌​មាន​របស់​ប៊ីប៊ី​ស៊ី​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​កម្រតិ​ខ្ពស់​នៅ​លើ​ពិភព​លោក​។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​កំហុស​ដែល​លោក​ត្រូវ​តែ​រ៉ាប់​រង​ទទួលខុស​ត្រូវ​។ អ្នក​ស្រី​ដេបូរ៉ា ថឺ​នីស (Debroah Turness) ជា​នាយក​ប្រតិ​បត្តិ​របស់​ប៊ីប៊ី​ស៊ី​ក៏​ប្រកាស​លា​លែង​ពី​តំណែង​ផង​ដែរ​។ ​លោក​ស្រី​ស្រី​ផ្ញើ​អ៊ីមែល​ប្រាប់​​បុគ្គលិក​របស់​ប៊ីប៊ីស៊ី​ថា​ការ​ចោទ​ប្រកាន់​ថ្មី​ៗ​នេះថា​​ប៊ីប៊ី​ស៊ី​ផ្សាយ​ព័ត៌​មាន​លំអៀង​នោះ​ជា​ការ​ចោទ​ប្រកាន់​ខុស​។​

លោក​ដេវី​និយាយ​ការ​ពារ​ប៊ីប៊ី​ស៊ី​
រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​អង់​គ្លេស លោក​ស្រី​លីហ្សា​ ណាន់​ឌី (Lisa Nandy) អរគុណ​លោក​ដេវី​ដែល​បាន​បំពេញ​ការ​ងារ​នៅ​ប៊ីប៊ី​ស៊ី​ក្នុង​នាម​ជា​នាយក​ស្ថាប័ន​នេះ​។ លោក​ស្រី​ថ្លែង​ថា​លោក​ដេវី​បាន​ដឹក​នាំ​ស្ថាប័ន​នេះ​ឆ្លង​កាត់​ដំណាក់​កាល​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​។ ប្រភព​ដែល​ដឹក​រឿង​ផ្ទៃ​ក្នុង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​ការ​ដែល​លោក​ដេវី​ប្រកាស​លាលែង​ពី​តំណែង​ធ្វើ​ឱ្យ​គណៈ​គ្រប់​គ្រង​របស់​ប៊ីប៊ី​ស៊ី​ស្រឡាំង​កាំង​។ លោក​នឹង​បន្ត​កាន់​តំណែង​នេះ​រយៈ​ពេល​ពី​រ​បី​ខែ​ទៀត​ទម្រាំ​គេ​រើស​បាន​អ្នក​ថ្មី​មក​ជំនួស​​រូប​លោក​។​

លោក​ដេវី​បាន​និយាយ​ការ​ពារ​ស្ថាប័ន​នេះ​ និង​ថា​គួរ​លើក​ស្ទួយ មិន​មែន​និយាយ​បង្អាប់​ទេ​ ព្រោះ​ប៊ីប៊ីស៊ី​បាន​ដើរ​តួ​នាទី​ជួយ​កសាង​សង្គម​ឱ្យ​មាន​សុខុមាល​ភាព​ និង​ជួយ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​។ ទន្ទឹម​នឹង​នោះ លោក​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ប៊ីប៊ី​ស៊ី​មិន​មែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​។ មិន​មែន​មាន​តែ​រឿង​មួយ​នេះ​ទេ​ដែល​លោក​ត្រូវ​តែ​លា​លែង​ពី​តំណែង​ មាន​រឿងច្រើន​ទៀត​ ប៉ុន្តែ​នេះ​ជា​កត្តា​ជំរុញ។ លោក​ត្រូវ​តែ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ