រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសចំនួន១២ប្រទេសពីការប្តេជ្ញាចិត្តសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិជាមួយភាគីថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពកិច្ចសហប្រតិបត្តិការ និងវិបុលភាពដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ឯកសារនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធីការមិនប្រើប្រាស់កម្លាំងការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួនដែលបានព្រមព្រៀងគ្នា ក្រោមសេចក្តីថ្លែងការណ៍រួមមានការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជា និងថៃ ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួន ដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀត នូវការថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានសហរដ្ឋអាមេរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់ ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ចប់ដោយបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន ។
ក្នុងអំឡុងនៃបទបង្ហាញនេះ មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធបានផ្តល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតអំពីវិធាន នីតិវិធី និងផែនការសកម្មភាពដែលបានព្រមព្រៀងដោយភាគីទាំងពីរ ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការដោះមីនមនុស្សធម៌ជូនអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP)៕



ចែករំលែកព័តមាននេះ