ខេត្តកំពង់ចាម ៖ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល ដោយរុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន០១ករណី នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជាក់ស្តែងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី ស្ថិតក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងប្រតិបត្តិការខាងលើនេះ គឺខាងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង នឹងដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបង្ក្រាបបទល្មើសជលផលរុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់ បានចំនួន ០១ករណី ។
ក្នុងនោះរួមមានឧបករណ៍លូស្បៃមុងចំនួន២២មាត់ របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ បង្គោលចម្រឹងចំនួន២២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់០៧ គីឡូក្រាមផងដែរ នៅចំណុចបឹងរូង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕

ចែករំលែកព័តមាននេះ