ខេត្តព្រៃវែង ៖ ផ្លូវខេត្តលេខ 383b នេះ មានប្រវែងជាង 5គីឡូម៉ែត្រ តភ្ជាប់ពីឃុំរកាទៅឃុំមេសរប្រចណ្ឌ័ ដោយឆ្លងកាត់ភូមិចំនួន 4 ហើយត្រូវបានទឹកជំនន់ហូរច្រោះដាច់ជាង 20 កន្លែង រហូតត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញមន្ទីរសាធារណៈការខេត្ត ប្រកាសបិទផ្អាកការធ្វើចរាចរណ៍ផ្លូវនេះជាបណ្ដោះអាសន្នកាលពីថ្ងៃទី 6 តុលា ហើយត្រូវបានអាជ្ញាធរស្រុកពារាំង ឈូសឆាយសម្រួលផ្លូវនិងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ឡើងវិញនៅដើមខែវិច្ឆិកានេះ។
លោក ចេម ប្រា អភិបាលស្រុកពារាំង បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី 10 វិច្ឆិកា នេះថា ផ្លូវលេខ 383b នេះ ត្រូវបានបិទចរាចរណ៍ឆ្លងកាត់រយ:ពេល1ខែហើយ តែពេលនេះទឹកជំនន់បានស្រកអស់ហើយ ទើបអាជ្ញាធរស្រុកធ្វើការឈូសឆាយសម្រួលផ្លូវនេះ ដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះបានជាបណ្ដោះអាសន្នសិន។
លោកអភិបាលស្រុកបានបញ្ជាក់ថា ចំពោះមុខអាជ្ញាធរគ្រាន់តែឈូសឆាយបន្តិចបន្តួចដើម្បីសម្រួលឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរជាបណ្ដោះអាសន្នសិន ត្រឹមម៉ូតូនិងរថយន្តតូចៗប៉ុណ្ណោះ ដោយឡែករថយន្តធំៗមិនទាន់អាចចរាចរណ៍ឆ្លងកាត់បានទេ គឺត្រូវរង់ចាំដល់មន្ត្រីជំនាញក្រសួងសាធារណការ ចុះមកធ្វើការជួសជុលឡើងវិញសិន។
ដោយឡែកលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង បានឲ្យដឹងថាកំណត់ផ្លូវខេត្តលេខ 383b នេះ មន្ត្រីជំនាញបានចុះសិក្សារួចហើយ និងគ្រោងចុះធ្វើការជួសជុលកែលម្អក្នុងពេលឆាប់ៗនេះហើយ គឺមិនលើសពីខែវិច្ឆិកានេះទេ ។
បច្ចុប្បន្ន ផ្លូវខេត្តលេខ 383b ខាងលើនេះ ត្រូវបានអាជ្ញាធរស្រុកពារាំង ឈូសឆាយសម្រួលផ្លូវនិងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញហើយនៅដើមខែវិច្ឆិកានេះ ៕





ចែករំលែកព័តមាននេះ