រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលសក្តិ៤កន្លះមួយរូប បានជិះម៉ូតូគេចកង់បី ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលអោយធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទឹកប្រឡាយ ស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុចស្ពានព្រែកបា ផ្លូវ៣៦៩ ភូមិចំពុះក្អែក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះថោង រតនា ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីនគរបាល ផ្នែកអត្តសញ្ញាណកម្ម សក្តិ៤កន្លះ ស្នាក់នៅម្ដុំវត្តកំសាន្ត ភូមិតាង៉ូវក្រោម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយម៉ាក Yamaha PG.1 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1LV 4563 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានគេចម៉ូតូកង់បីមួយគ្រឿង ធ្វើឲ្យម៉ូតូជ្រុលទៅផ្លូវម្ខាងទៀត រួចក៏បុកបង្កាន់ដៃថ្មស្ពានព្រែកប្រា បណ្តាលអោយធ្លាក់ទាំងម៉ូតូនិងមនុស្សចូលទឹកប្រឡាយ បណ្តាលឱ្យជនរងគ្រោះរងរបួសត្រង់ក្បាលនិងទ្រូង ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋរស់ក្បែរនោះបាននាំចុះទៅជួយលើកជនរងគ្រោះឡើងមកលើគោក និងមានដង្ហើមតិចតួច ក៍ទាក់ទងហៅរថយន្តសាមុយអោយមកសង្គ្រោះដែរ តែជាអកុសលនៅពេលរថយន្តសង្គ្រោះមកដល់ ក្រុមគ្រូពេទ្យបានពិនិត្យ និងបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ករណីនេះផងដែរ សមត្ថកិច្ចក៍បានទាក់ទងទៅសាច់ញាតិអោយចុះមកកន្លែងកើតហេតុ ហើយសាច់ញាតិបានអោយដឹងថា ជនរងគ្រោះទើបមកពីព្រែហូ ត្រឡប់ទៅផ្ទះនៅច្បារអំពៅ ស្រាប់តែទទួលដំណឹងថាជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើលិខិតប្រគល់សពអោយសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយសមត្ថកិច្ចយកទៅរក្សាទុកជូននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅផងដែរ ៕










ចែករំលែកព័តមាននេះ