ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) បានបង្កាត់ពូជសត្វក្ងោក ប្រកបដោយជោគជ័យ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាជាផ្នែកមួយនៃកម្មវិធីរក្សាទុករបាយប្រជាសាស្ត្រ ដែលធានាកុំឱ្យវិនាសផុតពូជ ហើយក្នុងឆ្នាំ២០២៥ ពួកវាបានបង្កាត់ពូជ និងញាស់កូនចំនួន៧ក្បាលប្រកបដោយជោគជ័យផងដែរ ។ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ជាក់ស្តែងក្រសួងព័ត៌មាន បានប្រកាសនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះថា សត្វក្ងោក (ឬមយូរា) ជាប្រភេទបក្សី ត្រូវបានគេវាយតម្លៃថា ជាប្រភេទរងគ្រោះជិតផុតពូជ យោងតាមបញ្ជីក្រហមរបស់អង្គការ IUCN ។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អង្គការ IUCN នៅក្នុងឆ្នាំ២០១៨ ប្រភេទនេះនៅតែជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជដដែល ។ ហើយសត្វនេះទៀតសោត ក៏ត្រូវបានគេចាត់ទុកថា ជាបក្សីដែលមានចំនួនប្រជាសាស្ត្រសរុបប្រមាណជា១៥០០០ ទៅ ២៩ ៩៩៩ ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក ដោយក្នុងចំណោមនោះក៏មានសត្វពេញវ័យប្រមាណជា១០ ០០០ ទៅ១៩ ៩៩៩ ក្បាល ។
ទីជម្រក និងបរិស្ថាន រស់នៅរបស់សត្វក្ងោក គឺនៅស្ទើរតែគ្រប់ប្រភេទព្រៃ រាប់ចាប់ពីព្រៃព្រហ្មចារី ព្រៃដែលត្រូវបានរុករាន ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃឫស្សី ព្រៃរបោះ វាលស្មៅ ព្រៃស្រល់ ព្រៃគម្ពោត ព្រៃល្បាស់ ។ ម្យ៉ាងវិញទៀត ពួកវាក៏ចូលចិត្តរស់នៅខ្លាំងតាមព្រៃរបោះ និងតាមវាលចម្ការ ហើយរបបចំណីបក្សីប្រភេទនេះក៏ជាពពួកសត្វសព្វាសី ។ នៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមអ្នកស្រាវជ្រាវ ពួកយើងមានសត្វដ៏ស្រស់ស្អាតនេះប្រមាណជាជាង១,០០០ ក្បាលផងដែរ ៕
ចែករំលែកព័តមាននេះ