រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងព័ត៌មាន។

ឯកឧត្តម ទេព អាស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថាជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនទាំង២៦៣នាក់ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់ , បង់ក្លាដេស២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់, នេប៉ាល់ ០៤នាក់, វៀតណាម ០៧នាក់ (ស្ត្រី ០៣នាក់) , ម៉ាឡេស៊ី ០៤នាក់ និងស្ត្រីជនជាតិឡាវ០១នាក់ ។ ចំណែក វត្ថុតាងដកហូត មាន កុំព្យូទ័រលើតុ 860 គ្រឿង, ទូរស័ព្ទ 4,129 គ្រឿង, កុំព្យូទ័រយួរដៃ 16 គ្រឿង និងiPad 14 គ្រឿង។

ឯកឧត្តមបានបន្តថា ប្រតិបត្តិការនោះ ត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមសហការពីអគ្គស្នង ការដ្ឋានន គរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខេត្តព្រះស៊ីហនុ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវ អ៉ិចគង់ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបានចុះត្រួតពិនិត្យនៅ ទីតាំងសង្ស័យនិងឈានដល់បានឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ខាងលើនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងទៀតថា ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ ចំណែកឯ ទីតាំងខាងលើត្រូវបា នបិទបណ្តោះអាសន្ន និងប្រគល់ជូននគរ បាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរង់ចាំដល់មានបទបញ្ជាថ្មី។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត ចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ចែករំលែកព័តមាននេះ