ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងភាពរឹងមាំ ! កម្ពុជា-កូរ៉េ ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ការពារជាតិ និងឧស្សាហកម្ម

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Cho…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​កូរ៉េ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​នេះ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរលើ​គ្រប់​វិស័យ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​រួមចំណែក​យ៉ាង​សកម្ម​ដល់​ការ​ស្ដារ និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​ឱ្យ​មាន​ភាព​រីក​ចម្រើន ។ សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ នៅ​កម្ពុ​ជានា​ឱកាស​នេះ គឺជា​កត្តា​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នេះ សម្ដេច​បវរ​ធិ​បតី ក៏​បាន កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​តែងតែ​យកចិត្តទុកដាក់ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ។ សម្ដេច​បវរ​ធិ​បតី ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា សុខ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាជន​កូរ៉េ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា​ក៏​ជា​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​សាធារណរដ្ឋ​កូរ៉េ បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​កូរ៉េ ឱ្យ​កាន់តែ​រឹង​មាំ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន​ជា​អាទិ៍ ៖ សេដ្ឋកិច្ច​, ការ​វិនិយោគ​, ពាណិជ្ជកម្ម​, ការពារ​ជាតិ និង​សន្តិសុខ​, ឧស្សាហកម្ម​, ការ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​សហគ្រាស​កូរ៉េ​, ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន និង​ការ​ជំរុញ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ