ប្រទេសហ្វ៊ីលីពីន ៖ ព្យុះដែលមានឈ្មោះថាFUNG-WONG នាថ្ងៃទី៩វិច្ឆិកាបានប្រែកា្លយជាមហាព្យុះឬព្យុះសង្ឃរា ដែលវាយប្រហារពេញបន្ទុកលើតំបន់ឆ្នេរសមុទ្រភាគខាងកើតហ្វ៊ីលីពីននាថ្ងៃនោះ ជាមួយភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង ខណៈប្រទេសនោះទើបឆ្លងកាត់មិនដល់មួយសប្ដាហ៍ផង នូវព្យុះដ៏កំណាចនិងមហាបំផ្លាញឈ្មោះKALMAEGI។ ផ្នែកឧតុនិយមជាតិគូសបញ្ជាក់ថា ព្យុះនោះបានសម្លាប់មនុស្សយ៉ាងតិច២នាក់រួចហើយ និងបង្ខំឲ្យមានការជម្លៀសមនុស្សចេញដល់ជាង១លាននាក់។

ព្យុះសង្ឃរាFUNG-WONGដែលមានមុខធំស្ទើរប៉ុនប្រទេសទាំងមូល បានបោកបក់សំដៅហ្វ៊ីលីពីនពីភាគខាងកើតមក ជាមួយកម្លាំងខ្យល់ដល់១៨៥គីឡូម៉ែត្រនិងអាចរហូតដល់២៣០គីឡូម៉ែត្រក្នុង១ម៉ោង។ រលកសមុទ្រធំៗចាប់ផ្ដើមរួចហើយនាវេលាម៉ោង៧ព្រឹកម៉ោងក្នុងស្រុក។ ចំណែកភ្លៀងកំពុងធ្លាក់ខ្លាំងរួចហើយ នៅភាគខាងត្បូងប្រទេសគឺនៅកោះមីនដាណាវ។
នៅខេត្តឆ្នេរសមុទ្រអូរ៉ូរ៉ាភាគឦសានក្រុងម៉ានីល បណ្ដាអ្នកជួយសង្គ្រោះដើរប្រាប់ប្រជាជនឲ្យនាំគ្នាទៅកាន់ទីខ្ពស់ៗព្រោះព្យុះនេះអាចបណ្ដាលឲ្យមានទឹកជំនន់ដ៏ធំមិនត្រឹមតែនៅក្នុងបណ្ដាតំបន់ទំនាបទេ។
ព្យុះខ្លាំងថ្មីនេះកើតមាននៅហ្វ៊ីលីពីន ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្យុះKALMAEGI ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២២៤នាក់ និង១០៩នាក់បាត់ខ្លួនក្នុងប្រទេស។ នេះបើតាមតុល្យការផ្លូវការរបស់រដ្ឋាភិបាល។ ដោយសារព្យុះថ្មីនេះបណ្ដាសាលារៀននិងបណ្ដាអគារសាធារណៈនៅតែបិទទ្វារនាថ្ងៃទី១០វិច្ឆិកា ក្នុងផ្នែកដ៏ធំរបស់ប្រទេស ពិសេសក្នុងរដ្ឋធានីម៉ានីល ហើយជើងហោះហើរនៃយន្តហោះជិត៣០០ជើងត្រូវបានលុបចោល៕
ចែករំលែកព័តមាននេះ