រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តកុងតឺន័រ២គ្រឿង បុកម៉ូតូមួយគ្រឿងធ្វើឱ្យរងរបួសធ្ងន់បុរសម្នាក់ ហើយខណៈពេលសមត្ថកិច្ចចរាចរណ៍កំពុងវាស់វែង ស្រាប់តែរថយន្តដឹកជ្រូកមកបុករថយន្តសមត្ថកិច្ចទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៤ទល់មុខផ្សារជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា រថយន្តបង្កដំបូង ទី១-ជារថយន្តកុងតឺន័រ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3E -5343 បើកបរពីកើតទៅលិច ។ រថយន្តបង្កទី២- ជារថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2766 បើកបរពីកើតទៅលិច ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1DE- 1749 បើកបរពីកើតទៅលិច រងរបួសធ្ងន់។ រីឯរថយន្តដឹកជ្រូកម៉ាកលីប្រូ (LIBERO SRX) ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A 1508 បើកបរពី កើតទៅលិច ចំណែករថយន្តសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ ពាក់ស្លាកលេខ នគរបាល កំពុងចតក្នុងទិសដៅពីកើតទៅលិច ។

តាមប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង១០យប់ ថ្ងៃទី២៨ តុលា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ២គ្រឿង គឺរថយន្តកុងតឺន័រពណ៌លឿងបានបើកបុកម៉ូតូជនរងគ្រោះ រួចអូសជាង១០ម៉ែត្រ បណ្តាលឱ្យម៉ូតូជនរងគ្រោះខ្ទាតត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតពណ៌ស ហើយត្រូវកុងតឺន័រពណ៌ស កិនពីលើម៉ូតូបណ្តាលឲ្យខ្ទេចស្ទើរទាំងស្រុងតែម្តង ចំណែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ត ឯកជនដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។ បន្ទាប់មកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឱ្យជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ ។

ប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ទៀតថា រហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ តុលា ពេលសមត្ថកិច្ចកំពុងធ្វើការវាស់វែងរួចបានរថយន្តមួយគ្រឿងហើយ តែរថយន្តកុងតឺន័រមួយគ្រឿងទៀតបានខូច ដូច្នេះខាងជំនាញក៏យករថយន្តសារ៉ែនរបស់សមត្ថកិច្ចដាក់បាំងខាងក្រោយរថយន្តកុងតឺន័រដែលចតខាងលើ ខណៈពេលកំពុងតែចត ស្រាប់តែរថយន្តដឹកជ្រូកបើកមកបុករថយន្តនគរបាលចរាចរណ៍ផ្ទប់ជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរតែម្តង ។

ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍រាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តបង្កដឹកជ្រូក និងអ្នកបើកបរ យកទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ ។ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ