រាជធានីភ្នំពេញ ៖ ក្រុមអាជីវករនៅផ្សារកាណាស៊ីធីចំនួន៤០នាក់ ក្នុងចំណោមជាង១០០នាក់ ដែលជាសមាជិកក្រុមអ្នកលេងតុងទីនបានលើកគ្នាទៅកាន់សាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដើម្បីដាក់ពាក្យបណ្តឹងសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍បន្ទាន់ ដោយពួកគាត់បានចោទប្រកាន់ទៅលើស្ត្រីម្នាក់ដែលជាមេតុងទីនថាបានឆបោកពួកគាត់ ហើយវេចលុយជាង៣០ម៉ឺនដុល្លាររត់គេចខ្លួនបាត់ស្រមោលអស់រយៈពេល៥ថ្ងៃកន្លងមកហើយ។ 

តាមប្រភពពីក្រុមអ្នកលេងតុងទីនខាងលើបានឲ្យដឹងថា មេតុងទីនរបស់ពួកគាត់ដែលបានប្រមូលលុយវេចបង្វេចរត់ចោលបាត់ដោយមិនទទួលខុសត្រូវនោះឈ្មោះ មាស សុគន្ធា ភេទស្រី មានទីលំនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពដដែលបានបន្តថា ពួកគាត់បានលេងតុងទីនជាមួយស្ត្រីខាងលើយូរខែមកហើយដើម្បីសន្សំលុយទុក ដោយម្នាក់ៗលេងច្រើនក្បាល ហើយក្នុង១ក្បាលៗចាប់ពី២ម៉ឺនរៀលដល់១០ម៉ឺនរៀល និងសង្ឃឹមថាបានសល់លុយដូចបំណង ។ ផ្ទុយទៅវិញ មិននឹកស្មានថាមេតុងទីនម្នាក់នោះធ្វើបែបនេះចំពោះពួកគាត់សោះ។ ពួកគាត់ម្នាក់ៗត្រូវខាតបង់ប្រាក់ខ្លះ១ម៉ឺនដុល្លារ និងខ្លះទៀតជាង១ម៉ឺនដុល្លារ ហើយចាប់តាំងពីពេលលេងរហូតដល់ថ្ងៃដែលមេរត់បាត់នេះនៅមិនទាន់ដែលបានដេញយកសូម្បីតែ១រៀលនៅឡើយទេ។ 

តាមប្រភពដដែលបានបន្តថា កន្លងមក ពួកគាត់សង្កេតឃើញមេតុងទីនមានបញ្ហាខ្លះៗកើតឡើងផងដែរ ដូចជាការខ្វះខាតលុយសម្រាប់បើកឲ្យសមាជិកដែលដេញបានជាដើម ហើយពេលពួកគាត់ធ្វើការសួរនាំ បែរជាស្ត្រីមេតុងទីននោះបានប្រាប់ថា មកពីប្រមូលលុយពីសមាជិកបង់ឲ្យមិនទាន់គ្រប់ ។ មានពេលខ្លះស្ត្រីមេតុងទីនយកលេសថា អ្នកនេះដេញបាន ឬអ្នកនោះដេញបាន ប៉ុន្តែក្រោយមកទើបបែកធ្លាយការពិតថា អត់មានអ្នកដេញបានទេ គឺស្ត្រីដែលជាមេនោះលួចប្រមូលយកលុយដោយខ្លួនឯង ។ 

តាមប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្រាប់តែស្ត្រីមេតុងទីនវេចលុយរត់គេចខ្លួនបាត់ ទើបពួកគាត់មានការភ្ញាក់ផ្អើលនិងហួសចិត្តគ្រប់ៗគ្នាយ៉ាងខ្លាំង ។ បន្ទាប់មកពួកគាត់បាននាំគ្នាទៅកាន់សាលាសង្កាត់ចោមចៅ២ ដើម្បីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍និងចាត់ការទៅលើជនឆបោកខាងលើនោះ។ 

តាមប្រភពពីអាជ្ញាធរបានឱ្យដឹងថា ក្រុមអ្នកលេងតុងទីនទាំងអស់ពិតជាបានស្វែងរកការជួយអន្តរាគមន៍ប្រាកដមែន ដោយពួកគាត់បានស្នើសុំអាជ្ញាធរឲ្យជួយធ្វើការទប់ស្កាត់ មិនឲ្យមេតុងទីនខាងលើលក់តូប និងលក់ផ្ទះឡើយ បើមិនទាន់បានដោះស្រាយជាមួយពួកគាត់នោះទេ ហើយអាជ្ញាធរបានទទួលពាក្យបណ្ដឹងពីពួកគាត់រួចរាល់ហើយដែរ៕ (កែសម្រួលដោយ ៖ ធីតា)








 
                        
			         
				
ចែករំលែកព័តមាននេះ