រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ប្រេង និងឧស្ម័នឥន្ធនៈកំពុងបន្តនាំចូលមកកម្ពុជា ទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឍឹមបូព៌ានៅតានតឹងខ្លាំងក៏ដោយ ក៏កម្ពុជាខិតខំក្នុងការទិញ ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស ។
យោងតាមវិឌីអូឃ្លីប ប្រមាណ៧នាទី ខណៈកំពុងតែចុះពិនិត្យកន្លែងស្តុកប្រេងឥន្ធនៈតេឡា នៅខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រុមហ៊ុនតេឡាជាក្រុមហ៊ុនដ៏ធំមួយ ដែលនាំចូលប្រេងឥន្ធនៈនៅកម្ពុជា ជាពិសេសនោះ ឧស្ម័ន ប្រេងឥន្ធនៈLPG តែម្តង ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ស្ថិតក្នុងស្ថានភាពពិភពលោកកំពុងតែជ្រុលជ្រើម មកពីជម្លោះនៅមជ្ឈិមបូព៌ា ធ្វើឲ្យពិភពលោកប៉ះពាល់ទាំងអស់ ហើយនៅអាស៊ីប៉ះពាល់សំបើមណាស់ ដោយសារនៅច្រកហ័រមូស ដែលកើតឡើងដោយសង្គ្រាម គឺជាង៨៤% ប្រេងឧស្ម័នចេញមកអាស៊ីទាំងមូល ។

ឯកឧត្តមបានបញ្ជាក់ថា ៖«ថ្ងៃនេះ ខ្ញុំកំពុងតែនៅខេត្តព្រះសីហនុ ដែលជាស្ថានីយ៍បូមប្រេង និងឧស្ម័នដែលបូមយកមកផ្គត់ផ្គង់នៅកម្ពុជា ។ ហើយថ្ងៃនេះក៏មានកប៉ាល់ថ្មី ដែលនាំឧស្ម័យ LPG ថ្មីដែរមានចំណុះ ៣៤០០តោនមកកម្ពុជា ដែលជើងថ្មីមួយដែលមកបង្គប់នៅកម្ពុជា» ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងជាធម្មតា ស្ថិតក្នុងការលំបាកនេះ ក្រុមហ៊ុនបានខិតខំឲ្យអស់លទ្ធភាព ដើម្បីស្វែងរកប្រភពជូនប្រទេសកម្ពុជា ។ មិនថា ប្រេងសាំង ម៉ាស៊ូត និងឧស្ម័ន LPG នោះទេ សុទ្ធតែដណ្តើមគ្នាទិញទាំងអស់ ។ ដោយសារតែវាខ្វះគ្រប់កន្លែងទាំងអស់ និងមិនមានន័យថា មានលុយហើយសុទ្ធតែទិញបាននោះទេ ។
ឯកឧត្តមបានគូសបញ្ជាក់ថា ៖«នៅក្នុងសភាការណ៍នេះទោះ បីជាមានលុយហើយបញ្ជាទិញមិនមានផលិតផលឲ្យយើងទៀត ហើយអ្វីដែលតឹងតែងបំផុតនោះទេ គឺជាប្រេងម៉ាស៊ូត និងឧស្ម័ន LPG នេះឯង ។ មានកម្ពុជា វៀតណាម សិរីលង្គការ បង់ក្លាដេស ឥណ្ឌា សុទ្ធតែជួបបញ្ហាប្រឈម ករណីនេះជាចម្បង»។
យ៉ាងណាក្តី បើតាមឯកឧត្តមរដ្ឋមន្ត្រីកែវ រតនៈ បានអះអាងនៅថ្ងៃនេះ រាជរដ្ឋាភិបាលសប្បាយចិត្ត ដោយសារមានកប៉ាល់មួយថ្មីបាននាំឧស្ម័ន LPG មកក្នុងចំណោមជើងទាំង៥ ដែលត្រូវនាំចូលប្រចាំខែ ។ ការយក ៤ទៅ៥ជើង ក្នុងមួយខែ នេះ គឺមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ក្រសួងយើងនោះទេ ព្រោះជារឿងធម្មតាក្រុមហ៊ុនតេឡា ធ្វើការផ្គត់ផ្គង់ទៅ៧ជើងទៅ៨ជើង ។ តែក្នុងបរិបទ នេះ យើងមិនអាចរកការផ្គត់ផ្គង់ ៧ទៅ៨ជើងនោះទេ ព្រោះទីផ្សារតឹងណាស់ ។
ដោយសារតែមានការពិបាកបញ្ជាទិញ និងនាំចូល ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទាំងសុំធ្វើការប្រើប្រាស់ប្រេងឥន្ធនៈឲ្យសន្សំសច្ចៃ ។
បើតាមឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា នៅពេលនេះ រាជរដ្ឋាភិបាលបានកំពុងតែធ្វើការជាមួយដៃគូរសំខាន់ៗទាំងអស់ទាំងក្នុងស្រុក និងក្រៅស្រុកធានាយើងនៅតែមានប្រេងឥន្ធនៈ និងឧស្ម័ន សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសយើង។ សភាពការណ៍មិនទាន់់ធូរស្រាលនោះទេ ហើយការព្យាការណ៍ក៏មិនទាន់អាចកំណត់បានទេ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា មិនទាន់មានសញ្ញាណាមួយអាច ថា ចប់នោះទេ ដូច្នេះសូមបងប្អូន បន្តការវិវត្តន៍ ជាពិសេសនោះការប្រើប្រាស់ប្រេង ឥន្ធនៈដោយ ទទួលខុសត្រូវផងដែរ៕
ចែករំលែកព័តមាននេះ