ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង មហាផ្ទៃ ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​សម្រាប់​ឆ្នាំ​២០២៦​ ចំនួន​៥៣​រូប​បន្ថែម​ទៀត ក្នុងចំណោមបេក្ខជន ២៣៩​រូប

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៦ បាន​ដំណើរការ​ប្រឡងប្រជែង​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ មីនា​ឆ្នាំ​២០២៦​នេះ នៅ «​មណ្ឌល​ប្រឡង​វិទ្យាល័យ​ជា ស៊ី​ម…

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មការ​ប្រឡងប្រជែង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៦ បាន​ដំណើរការ​ប្រឡងប្រជែង​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ មីនា​ឆ្នាំ​២០២៦​នេះ នៅ «​មណ្ឌល​ប្រឡង​វិទ្យាល័យ​ជា ស៊ី​ម សន្ធរ​ម៉ុ​ក »​មាន​ទីតាំង​ស្ថិត នៅ​ក្នុង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ជាមួយ​និង​បេក្ខជន​ប្រឡង​ចំនួន ២៣៩​រូប ជានា​រី​ចំនួន ៩៩ រូប ស្មើនឹង ១១ បន្ទប់ ដោយ​ត្រូវ​ជ្រើសរើស​យក​ចំនួន​៥៣​រូប​។

ការ​ប្រឡង​នេះ​ធ្វើ​ឡើង​ក្រោម​ការ​អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង ដោយ​ឯក​ឧ​ត្ថ​ម​សន្តិ​បណ្ឌិត ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក ឆាយ វី​រៈ​អភិបាលរង​រាជធានី​ភ្នំពេញ​រួម​នឹង​មន្ត្រី​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​៖ ការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់​ឆ្នាំ​២០២៦ មាន​បេក្ខជន​សរុប​ចំនួន ២៣៩​រូប ជានា​រី​ចំនួន ៩៩ រូប ស្មើនឹង ១១ បន្ទប់ ក្នុង​នោះ​រួម​មាន​៖ ពន្ធនាគារ​រាជធានី​ភ្នំពេញ បេក្ខជន​ដាក់​ពាក្យ ៩២​រូប (​នារី ២០​រូប​) ស្មើនឹង ០៤​បន្ទប់​។ មណ្ឌល​អប់រំ​កែប្រែ​ទី​១ បេក្ខជន​ដាក់​ពាក្យ ៦៥​រូប (​នារី ០០​រូប​) ស្មើនឹង ០៣​បន្ទប់​។

មណ្ឌល​អប់រំ​កែប្រែ​ទី​២ បេក្ខជន​ដាក់​ពាក្យ ៨២​រូប (​នារី ៧៩​រូប​) ស្មើនឹង ០៤ បន្ទប់​។ ការ​ប្រលង​នេះ ជ្រើសរើស​បេក្ខជន​ជាប់​ចំនួន​៥៣​រូប​។ ការ​រៀបចំ​ការ​ប្រឡង​មាន​រយៈពេល​០២​ម៉ោង ដោយ​ចាប់ពី​ម៉ោង​០៨:០០​នាទី រហូត​ដល់​ម៉ោង​១០:០០​នាទី​ព្រឹក​ជាមួយ​និង​វិញ្ញាសាប្រឡង​ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​វិស័យ​ពន្ធនាគារ​។

ចំពោះ​ការ​ប្រឡង​នេះ​បេក្ខជន​ត្រូវ​បាន​អនុវត្ត គឺមិន​ត្រូវ​លួច​ចម្លង ឬ​មាន​បំណង​លួច​ចម្លង​,​មិន​ត្រូវ​ពិភាក្សា ឬ​ចម្លង​គ្នា​,​មិន​ត្រូវ​យក​អាវុធ​ជាតិ​ផ្ទុះ​ចូល​ក្នុង​មណ្ឌល​ប្រឡង​,​ហាម​យក​តាម និង​ប្រើប្រាស់​ទូរស័ព្ទ វិទ្យុទាក់ទង​គ្រប់​ប្រភេទ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ដែល​អាច​ផ្ទុក​ឯកសារ​បាន ចូល​ក្នុង​បន្ទប់​ប្រឡង​។

ក្នុង​ករណី​មេ​ប្រយោគ ឬ អនុរក្ស​ឆែក​រក​ឃើញ បេក្ខជន​នឹង​ត្រូវ​បណ្ដេញ​ចេញពី​បន្ទប់​ប្រឡង​។ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​កិច្ចការ​ជំនួស​នៅ​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​,​មិន​ត្រូវ​គូសសញ្ញា​សំគាល់​នៅ​លើ​សន្លឹក​កិច្ចការ​,​មិន​ត្រូវធ្វើ​សកម្មភាព​ណា​ដែល​នាំ​ឲ្យ​ចលាចល​ក្នុង​មណ្ឌល​ប្រឡង ,​ហាម​ដាច់ខាត​ចំពោះ​ការ​សេព​គ្រឿង​ស្រវឹង និង​ជក់បារី​នៅ​ក្នុង​បរិវេណ​មណ្ឌល​ប្រឡង ។​រាល់​ការ​ប្រព្រឹត្ត​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​ខាងលើ បេក្ខជន​ត្រូវ​ប្រឈម​នឹង​ការ​បញ្ឈប់​មិន​ឲ្យ​ប្រឡង ហើយ សន្លឹក​កិច្ចការ​របស់​បេក្ខជន​នោះ​នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ និង​ទទួល​កម្រិត​វិន័យ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​បាន​កំណត់ ដោយ​គណៈកម្មការ​កណ្ដាល​រៀបចំ​ការ​ប្រឡង​។

ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​រយះ​ពេល​២​ម៉ោង​លើ​វិញ្ញាសារ ចំណេះដឹង​ទូទៅ និង​ចំណេះដឹង​វិស័យ​ពន្ធនាគារ​,​ជំនាញ​ឯកទេស​សុខាភិបាល​រយះ​ពេល​២​ម៉ោង​។​បេក្ខជន​ហាម​យក​សំណៅ​ឯកសារ​និង​ឧ​បក​ណ៏​អេ​ឡេច​ត្រូ​និក​គ្រប់​ប្រភេទ​ចូល​មណ្ឌល​ប្រឡង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ