ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាបើកសម័យប្រជុំពេញអង្គពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦​នេះ​បាន​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦​នេះ​បាន​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

សម័យ​ពេញអង្គ​រដ្ឋសភា​ក្រោម​អធិបតីភាព សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​សមា​ជី​ការ​រដ្ឋសភា​ចំនួន​១១១​រូប ។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៧ ដោយ​មាន​របៀបវារៈ​ចំនួន​ពីរ រួម​មាន ៖
១.​ការ​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។
២.​ការ​ពិភាក្សា​អនុម័ត សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក៏​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​សេចក្តីសម្រេច​ស្តី​ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​នានា នៃ​រដ្ឋសភា​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​កន្លង​មក​អន្តរ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ក្នុង​ស្មារតី​បុ​រេ​សកម្ម​ដើម្បី​ពង្រឹង​សន្តិសុខ​ឌី​ជី​ថ​ល និង​កិច្ច​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ដេញដោល​ស៊ីជម្រៅ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​លើ​«​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ។

តំណាង​រាជរដ្ឋាភិបាល ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ធ្វើការ​ពន្យល់ និង​បំភ្លឺ​យ៉ាង​លម្អិត​អំពី​ភាព​ចាំបាច់ និង​គោលបំណង យុទ្ធសាស្ត្រ​នៃ​សេចក្តីព្រាងច្បាប់​នេះ ។

តំណាង​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ ជូន​អន្តរ​គណៈកម្មការ​រដ្ឋសភា​ថា ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​វិ​វត្ត​ក្លាយជា​កង្វល់​សកល ដែល​ទាមទារ​ឱ្យ​កម្ពុជា​មាន «​ឧបករណ៍​គតិយុត្តិ​» ដ៏​រឹង​មាំ​សម្រាប់​បង្ក្រាប ។ សេចក្តីព្រាងច្បាប់​នេះ​មាន ៥​ជំពូក និង​២៤​មាត្រា ដោយ​ក្នុង​នោះ​បាន​កំណត់​បង្កើត​បទល្មើស​ព្រហ្មទណ្ឌ​ថ្មី​ចំនួន​៥​បន្ថែម​ទៀត រួម​មាន ៖ បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​, បទ​រៀបចំ​ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​, បទ​ជ្រើសរើស​ឬ​បណ្តុះបណ្តាល​បុគ្គល​ឱ្យ​ប្រព្រឹត្ត​បទល្មើស​, បទ​ប្រមូល​ទិន្នន័យ​ឯកជន​ក្នុង​ចេតនា​ទុច្ចរិត និង​ការ​បង្កើត​ទម្រង់​ពិសេស​នៃ​បទល្មើស​សម្អាត​ប្រាក់ ។

ឆ្លងកាត់​ការ​ពិភាក្សា​យ៉ាង​ផុលផុស សមាជិក​អន្តរ​គណៈកម្មការ​រដ្ឋសភា​បាន​លើក​ឡើង​នូវ​សំណួរ​ដេញដោល​ជា​ច្រើន​លើ​ចំណុច​គន្លឹះ​ៗ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សង្គតិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​ស្រប​តាម​បរិបទ​ជាក់ស្តែង​នៃ​សង្គម ។

ជា​លទ្ធផល អង្គប្រជុំ​បាន​សម្រេច​ឯកភាព​លើ​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​សេចក្តីព្រាងច្បាប់​នេះ ដោយ​វាយតម្លៃ​ថា​ជា​ការ​រៀបចំ​ឡើង​ប្រកបដោយ​វិទ្យាសាស្ត្រ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រឆាំង​បទឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​។

ជោគជ័យ​នៃ កិច្ច​ពិភាក្សា​រវាង​អន្តរ​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​ភាគី​រាជរដ្ឋាភិបាល​លើ​សេចក្តីព្រាងច្បាប់​នេះ គឺជា​ជំហាន​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ក្នុង​ការ​បង្កើន​ទំនុកចិត្ត​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ជា​ខែល​ការពារ​សុវត្ថិភាព​សង្គម​ដ៏​រឹង​មាំ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ