ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ពាក្យថា “Generation” ឬ “Gen” គឺជាការបែងចែកក្រុមមនុស្សទៅតាមចន្លោះឆ្នាំកំណើត ដើម្បីសិក្សាពីចរិតលក្ខណៈ និងទស្សនៈវិស័យដែលមានភាពខុសប្លែកគ្នាទៅតាមបរិបទសង្គម។ ការយល់ដឹងពីគ្នាទៅវិញទៅមកនឹងជួយឱ្យការរស់នៅ និងការធ្វើការងាររួមគ្នាមានភាពចុះសម្រុងបំផុត។
ប្រសិនបើអ្នកកើតចន្លោះឆ្នាំ ១៩៤៦-១៩៦៤ អ្នកស្ថិតក្នុងក្រុម Gen B (Baby Boomer) ដែលជាក្រុម “អ្នកតស៊ូ” ពិតប្រាកដ។ ដោយសារធំដឹងក្ដីក្រោយសម័យសង្គ្រាម ពួកគេមានចរិតលក្ខណៈអត់ធ្មត់ខ្ពស់ គោរពច្បាប់ទម្លាប់ និងផ្ដោតសំខាន់លើការធ្វើការងារធ្ងន់ដើម្បីកសាងជីវភាព។ ពួកគេមានភាពស្មោះត្រង់នឹងអង្គភាពខ្លាំង សុខុមរមនា និងឱ្យតម្លៃលើបទពិសោធជីវិតជាចម្បង។
បន្ទាប់មកគឺក្រុម Gen X (កើតឆ្នាំ ១៩៦៥-១៩៧៩) ដែលជាកូនចៅរបស់ Gen B។ មនុស្សក្នុងជំនាន់នេះចាប់ផ្ដើមស្វែងរកតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន។ ពួកគេចូលចិត្តភាពសាមញ្ញ មិនសូវប្រកាន់ពិធីការច្រើន មានភាពរឹងមាំ ឆាប់បត់បែន និងមានសមត្ថភាពខ្ពស់ក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកផ្ដល់ប្រឹក្សាដល់ក្មេងជំនាន់ក្រោយ។
ឈានចូលដល់យុគសម័យ “អ្នកឌីជីថល” ដំបូងគឺក្រុម Gen Y (Millennials) កើតឆ្នាំ ១៩៨០-១៩៩៧។ ពួកគេរីកធំធាត់មកជាមួយកុំព្យូទ័រ និងអ៊ីនធឺណិត មានភាពជឿជាក់លើខ្លួនឯងខ្ពស់ ចូលចិត្តបញ្ចេញមតិ និងមានភាពច្នៃប្រឌិត។ ចំណុចខ្លាំងរបស់ពួកគេគឺសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងបណ្ដាញសង្គមបានយ៉ាងស្ទាត់ជំនាញ។
ចំណែកឯក្រុម Gen Z (កើតឆ្នាំ ១៩៩៨-២០២៤) គឺជា “អ្នកឌីជីថលពេញលេញ” ដែលរស់នៅក្នុងពិភពអនឡាញតាំងពីដឹងក្ដី។ ពួកគេរៀនសូត្របានរហ័ស មានភាពឯករាជ្យ និងមានទំនួលខុសត្រូវខ្ពស់លើការអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ដោយសារធំឡើងជាមួយឧបករណ៍ឆ្លាតវៃ ពួកគេមានភាពរហ័សរហួនក្នុងការស្វែងរកព័ត៌មាន និងមានជ្រុងមើលចម្រុះទៅលើពិភពលោក។
ចុងក្រោយបង្អស់គឺក្រុម Gen Alpha (កើតចាប់ពីឆ្នាំ ២០២៣ តទៅ) ដែលជាក្មេងជំនាន់ក្រោយដែលកើតក្នុងសតវត្សទី២១ ជាមួយបរិយាកាសបច្ចេកវិទ្យាលោតផ្លោះ។ ពួកគេមានទំនោរនឹងក្លាយជាប្រជាជនសកលដែលមានភាពស្និទ្ធស្នាលបំផុតជាមួយបញ្ញាសិប្បនិម្មិត (AI) តាំងពីចាប់កំណើតមក។ ការចេះបើកចិត្តទទួលយកចំណុចល្អរបស់មនុស្សគ្រប់ជំនាន់ នឹងក្លាយជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់អភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕
ចែករំលែកព័តមាននេះ