ខេត្តកោះកុង ៖ ផ្តើមចេញពីរឿងដីធ្លីរបស់ក្រុមហ៊ុនមួយឈ្មោះហ្គ្រីនរិចគ្រុបដែលបានមកពីការផ្តល់របស់រាជរដ្ឋាភិបាលអនុញ្ញាតិអោយធ្វើវិនិយោគលើវិស័យកសិ-ឧស្សាហកម្មក្នុងឆ្នាំ១៩៩៨ ក្នុងទំហំផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ប៉ុន្តែចាប់ពីពេលនោះមក ក្រុមហ៊ុនហ្គ្រីនរិចគ្រុបក៏ចាប់ផ្តើមកាប់ព្រៃឈើនាំចេញទៅលក់នៅក្រៅប្រទេសអស់គ្មានសល់ រួចក៏ចាប់ផ្តើមសាបព្រោះកូនឈើកាស្យា ដើម្បីដាំជំនួសវិញក្នុងចេតនាធំបំផុត គឺដើម្បីគ្រប់គ្រងយកផ្ទៃដី ដែលខណៈនោះនិយាមការផ្ទៃដីក្រុមហ៊ុនត្រូវបានវិស្វករប្លង់របស់ក្រសួងកសិកម្មទំលាក់ចុះពីលើអាកាសមក ហើយបានគ្រប់ដណ្តប់ជាន់លើដីពលរដ្ឋម្ចាស់ស្រុករាប់សិបគ្រួសារ ជាហេតុបង្កផលវិបាកដល់ពលរដ្ឋម្ចាស់ដីក្លាយជាជម្ងឺរ៉ាំរ៉ៃអូសបន្លាយរហូតដល់សព្វថ្ងៃ ។
ដោយសារតែអំណាចទឹកប្រាក់របស់ក្រុមហ៊ុនធ្វើអោយមន្ត្រីអាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ឋភ្លេចការពារដីជូនពលរដ្ឋហើយលើកគ្នាទៅការពារនិងទទួលស្គាល់តែដីក្រុមហ៊ុនដែលមានប្លង់បាញ់ពីលើមេឃយ៉ាងអយុត្តិធម៌បំផុត ។ ប៉ុន្តែដោយសារតែក្រុមហ៊ុនមួយនេះ មិនបានធ្វើសកម្មភាពវិនិយោគរបស់ខ្លួន តាមគោលការណ៍ច្បាប់ រាជរដ្ឋាភិបាលក៏បានកាត់ដីទាំនោះត្រឡប់មកវិញតាមរយៈការចេញអនុក្រត្យដើម្បីធ្វើអនុប្រយោគមកជាដីឯកជនរបស់រដ្ឋសំរាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋនិងមួយចំណែកត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្តកោះកុងវិញដែលតាមខ្លឹមសារអនុក្រិត្យចុងក្រោយលេខ៤៦អ.ន.ក្របកចុះថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ដីវិនិយោគរបស់ក្រុមហ៊ុនធ្វើនំអត់ម្ស៉ៅមួយនេះនៅសល់តែ៥១៥៤ហិកតាប៉ុណ្ណោះ ។
ដោយមើលឃើញស្ថានភាពវិនិយោគរបស់ក្រុមហ៊ុនរអាក់រអួលបែបនេះនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦ មានពលរដ្ឋជាច្រើនគ្រួសារបានចូលទៅដាក់ពាក្យស្នើសុំផ្ទេរសិទ្ឋិកាន់កាប់ដីរបស់ខ្លួនដល់ស្រុកជាថ្មីម្តងទៀត បំណងសុំចុះបញ្ជីនិងធ្វើប័ណ្ណកាន់កាប់ ។ ប៉ុន្តែបន្ទាប់ពីលោកសុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានចាត់ក្រុមការងារជំនាញអោយចុះត្រួតពិនិត្យដល់ទីតាំងដីរបស់ពលរដ្ឋជាច្រើនគ្រួសារនោះរួចបានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៦ លោកសុវណ្ណ ប៊ុនធឿន អភិបាលស្រុកក៏បានចេញលិខិតជំរាបជូនទៅពលរដ្ឋទាំនោះវិញតាមរយៈលិខិតចំនួន២ច្បាប់ ដោយបានបញ្ជាក់ថា ទីតាំងដីដែលពលរដ្ឋបានស្នើសុំផ្ទេរសិទ្ឋិខាងលើនោះគឺស្ថិតនៅក្នុងដីរបស់ក្រុមហ៊ុនហ្គ្រីនរិចគ្រុប គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលរាជរដ្ឋាភិបាលបានផ្តល់អោយក្រុមហ៊ុនហ្គ្រីនរិចគ្រុប វិនិយោគលើវិស័យកសិ-ឧស្សាហកម្មតាំងពីឆ្នាំ១៩៩៨មក។
ហេតុនេះការស្នើសុំផ្ទេរសិទ្ឋិកាន់កាប់ដីដែលមិនទាន់ចុះបញ្ជី ជាសមត្ថកិច្ចរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ ប៉ុន្តែអ្វីដែលជាចម្ងល់ក្នុងពេលនេះ គឺប្រជាពលរដ្ឋ មន្ត្រីរាជការ រាប់សិបគ្រួសារផ្សេងទៀតកំពុងរង់ចាំការបកស្រាយរបស់មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលតែងតែប្រើពាក្យថា(ដីក្រុមហ៊ុនហ្គ្រីនរិច)ៗទាំងដែលក្រុមហ៊ុនមួយនេះ បានបិទទ្វារវិនិយោគលើវិស័យកសិ-ឧស្សាហកម្មរបស់ខ្លួនអស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយនិងត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យលេខ៤៦អ.ន.ក្របក.ចុះថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្រយោគកាត់ដីពីក្រុមហ៊ុនមួយនេះអោយនៅសល់តែ៥១៥៤ហិកតាប៉ុណ្ណោះ និងអាថ៌កំបាំងបំផុតដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តកោះកុងគ្រប់ជាន់ថ្នាក់ ជាពិសេសអាជ្ញាធរស្រុកកោះកុងនិងមន្ទីរកសិកម្មខេត្តតែងជួយអោបក្រសោបក្រុមហ៊ុនក្ស័យធុនមួយនេះអោយនៅឈរជើងគ្រប់គ្រងតែផ្ទៃដីនិងដើមកាស្យាសេសសល់បន្តិចបន្តួចក្រោមរូបភាពវិនិយោគបោកប្រាស់របស់ខ្លួន ក្រោយពេលស៊ីឈើអស់រលីង។
ហេតុនេះផ្តើមចេញពីរឿងដីធ្លីរបស់ក្រុមហ៊ុនហ្គ្រីនរិចនេះ ពលរដ្ឋរាប់សិបគ្រួសារដែលរងការចោទពីក្រុមហ៊ុនថាបានរំលោភចូលក្នុងដីរបស់ក្រុមហ៊ុននោះ ព្រមទាំងអាជ្ញាធរពាក់ព័ន្ឋ ចេញមុខបកស្រាយដោយចំហទល់មុខជាមួយពលរដ្ឋអំពីផលប៉ះពាល់រវាងភាគីទាំង២គឺពលរដ្ឋនិងក្រុមហ៊ុនអោយបានឆាប់បំផុត ។ សំរាប់ព័ត៌មានពិស្តារក៏នឹងមានផ្សាយជូនបន្តបន្ទាប់ទៀតនៅក្នុងទំព័រកោះសន្តិភាព រហូតដល់បញ្ហាត្រូវបានដោះស្រាយ…។ ចំពោះប្រជាពលរដ្ឋឬបុគ្គលណាមានបញ្ហាពាក់ព័ន្ឋដីធ្លីជាមួយក្រុមហ៊ុនហ្គ្រីនរិចគ្រុប ហើយមានបំណងផ្សព្វផ្សាយអោយប្រមុខរាជរដ្ឋាភិបាលឬក្រសួងពាក់ព័ន្ឋបានដឹង សូមធ្វើការទំនាក់ទំនងមកការិយាល័យរបស់សារព័ត៌មានកោះសន្តិភាព បានគ្រប់ពេល ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ