ជប៉ុន​សន្យា​បន្ត​សហការ​ជួយ​ដោះ​មីន​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន ឯកអគ្គរាជទូត​ជប៉ុន​នឹង​បន្តសកម្មភាព​ជួយ​ដោះ​មីន​នៅ​កម្ពុជា ។ លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ជំនួប​នា​ព្រឹក ថ្ងៃ​ទី​២៣ តុលា នៅ​វិមាន​សន្តិភាព លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​មាន​ប្រសាសន៍​ពី​អ្វី​ដែល​ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្ត​ទៀត ជា​ពិសេស គឺ​ពាក់ព័ន្ធ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា ។

លោក​បញ្ជាក់​ថា​«​ជប៉ុន​នឹង​សកម្មភាព​ដែល​សហការ​ជាមួយនឹង​ស៊ី​ម៉ាក់ ក្នុង​ការ​ដោះ​មីន​នៅ​កម្ពុជា​ផង​ដែរ ជប៉ុន​នឹង​បន្ត​លើ​ការ​ផ្ដល់​ជំនួយ​លើ​វិស័យ​ថាមពល​អគ្គិសនី និង​ធ្វើ​ផែនការមេ​សម្រាប់​កំពង់​ផែ​ស្វ័​យ​យ័​ត​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ត្រង់​ចំណុច​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចង់​ឲ្យ​ជប៉ុន​សម្រេច​នូវ​ផែនការ​មេនេះ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ មាន​ន័យ​ថា ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​កប៉ាល់​ធំ​ៗ​នោះ​ចុះ​ចត​ដោយ​ផ្ទាល់​នៅ​កំពង់​ផែ​ទឹក​ជ្រៅ​នេះ​តែ​ម្ដង ដោយ​មិន​ចាំបាច់​មានការ​ផ្ទេរ​ទៅ​តាម​បណ្ដា​ប្រទេស​ជិតខាង​ឡើយ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​លោក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម​ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គរាជទូត​ប្រចាំ​កម្ពុជា​នៅ​ពេល​នេះ ។ ចំណែក​លោក ឯកអគ្គរាជទូត​ជប៉ុន​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​បាន​ជួប​សំដែង​ការ​គួរសម​នា​ពេល​នេះ ។

ជា​ពិសេស​លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​ដូច​ជា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ប្រជាជន​ជប៉ុន​ដែល​គ្រោះ​ដោយសារ​ព្យុះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ លើស​ពី​នេះ​លោក​ទូត​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ជា​ពិសេស​ចំពោះ​ការ​យាង​របស់​ព្រះករុណា​ព្រះមហាក្សត្រ​សម្ដេចព្រះ​នរោត្ដម សីហ​មុនី យាង​ចូលរួម​ក្នុង​ការ​គ្រងរាជ្យ​ថ្មី​របស់​ព្រះ​ចៅ​អធិរាជ​របស់​ប្រទេស​ជប៉ុន កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន ទំនាក់ទំនង​ភាគី​រវាង​កម្ពុជា និង​ជប៉ុន គឺ​មាន​ទំនាក់ទំនង​ល្អ ។ លោក​បាន​គូសបញ្ជាក់​ថា កន្លង​មក​កម្ពុជា​បាន​ឆ្លងកាត់​នៅ​សង្គ្រាមស៊ីវិល ក៏​ប៉ុន្តែ​ពេល​នេះ​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ជា​នាយក​រដ្ឋមន្ត្រី ។ សម្ដេច​បាន​បន្ត​ទៀត​ថា កន្លង​មក​ជប៉ុន​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជំនួយ​ប្រទេស​កម្ពុជា​ដូច​ជា ការ​កសាង​នូវ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​នឹង​ធ្វើ​អោយ​កម្ពុជា​រីក​ចម្រើន​ផង​ដែរ ។

បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ​មាន​ដល់​កម្រិត​ខ្ពស់ ពិសេស​ក្នុង​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ ដោយសារ​តែ​កន្លង​មក​មានការ​ផ្លាស់​ប្ដូរ​នៃ​ថ្នាក់ដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំង​ពីរ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​បច្ចុប្បន្ន​យើង​មានការ​ហោះហើរ​ត្រង់​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​សម្រាប់​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ ។

សម្ដេច​តេ​ជោ ក៏​បាន​បញ្ជាក់​អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​កើនឡើង​មានការ​កើន​ឡើងជា​លំដាប់ ហើយ​សម្តេច​ចង់​បន្ត​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​មានការ​កើន​ឡើងជា​បន្ត​ទៀត​រួម​ទាំង​ការ​បណ្ដាក់ទុន​ពី​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា​ផង​ដែរ ។​សម្ដេច​តេ​ជោ​ចង់​ឲ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​បន្ថែម​ទៀត​ជា​ពិសេស​លើ​ការ​ពង្រីក​នូវ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ