ខេត្តមណ្ឌលគិរី ៖ ថ្វីបើខេត្តមណ្ឌលគិរីសម្បូរព្រៃឈើក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នគេសង្កេតឃើញថា ប្រជាពលរដ្ឋរស់នៅតំបន់នេះមួយភាគធំ បានប្រើប្រាស់ឧស្ម័នដែលគេស្គាល់ច្បាស់ថា ហ្គាសជំនួសការប្រើប្រាស់អុសឬធ្យូងក្នុងការដាំស្លប្រចាំថ្ងៃក្នុងគ្រួសារ ខណៈទីតាំងបញ្ជូលហ្គាសបានកើនឡើងគ្រប់ច្រកល្ហកនិងបង្កជាក្តីកង្វល់អំពីបញ្ហាសុវត្ថិភាពផងដែរ ។

អ្នករកស៊ីបញ្ជូលហ្គាសកំប៉ុងម្នាក់ ក្នុងក្រុងសែនមនោរម្យបានឲ្យដឹងថា យ៉ាងហោចណាស់មានសំបកកំប៉ុងប្រមាណ២០០ទៅ៣០០ត្រូវបានអតិថិជនយកមកផ្លាស់ប្តូរ ដោយមួយកំប៉ុងមានតម្លៃមួយពាន់រៀល។អាជីវករដដែលនេះថា រាល់ថ្ងៃមានអ្នកទៅប្តូរកំប៉ុងហ្គាសដល់ទីតាំងរបស់ខ្លួន ចំណែកមួយចំនួនទៀតត្រូវបានគេយកទៅបោះឲ្យម៉ូយលក់ឥវ៉ាន់ចាប់ហួយដាក់លក់បន្ត ដែលអ្នកលក់បន្តនេះមានតម្លៃថ្លៃជាងដូរកំប៉ុងនៅកន្លែងបញ្ជូលហ្គាសផ្ទាល់ដល់ទៅប្រាំរយរៀល ដែលស្មើរនិងមួយកំប៉ុង១៥០០រៀល ។

គេសង្កេតឃើញថា កំប៉ុងហ្គាសតូចៗត្រូវបានគេនិយមប្រើប្រាស់ក្នុងគ្រួសារ ដោយសារវាមានភាពងាយស្រួលចង្ក្រាន មានទំហំតូចស្រួលទុកដាក់ និងមានតម្លៃថោក ។ មិនត្រឹមតែប៉ុណ្ណោះ នៅតាមភោជនីយដ្ឋានភាគច្រើនក៏គេប្រើចង្គ្រានហ្គាសតូចនេះផងដែរ ដើម្បីចំអិនស៊ុបឬម្ហូបអាហារដែលតម្រូវការអាំងជាដើម។តែយ៉ាងណាបើគេសង្កេតឲ្យច្បាស់មែនទែនទៅ រាល់កំប៉ុងហ្គាសដែលគេដាក់ដូរទៅវិញទៅមករាប់សិបលើកនោះ ភាគច្រើនបំផុតគឺកំប៉ុងខូចគុណភាពក្នុងការប្រើ ដោយនៅតាមផ្ទះបញ្ចូលហ្គាសទាំងនោះ បានប្រើថ្នាំពណ៌បាញ់លើសំបកកំប៉ុងឲ្យឃើញថ្មី ដែលនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុតដល់អ្នកប្រើប្រាស់។

ជាងនេះទៅទៀត ក្រៅពីផ្ទះបញ្ជូលកំប៉ុងហ្គាសតូចៗនៅក្នុងក្រុងសែនមនោរម្យក៏មានទីតាំងបញ្ជូលហ្គាសខ្នាតធំចំនួន២កន្លែង ដែលកំពុងធ្វើសកម្មភាពលក់ដូរប្រចាំថ្ងៃកណ្តាលតំបន់ប្រជុំជនដែលមានមនុស្សរស់នៅច្រើន បង្កឲ្យមានក្តីកង្វល់ពីគ្រោះថ្នាក់ជាយថាហេតុផងដែរ។
លោក ទី សុផល អនុប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរិបានឲ្យដឹងថា មានអ្នកបញ្ជូលហ្គាសកំប៉ុងជាច្រើននៅតាមផ្ទះដាក់លក់ ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនៅក្រុងសែនមនោរម្យ ជាលក្ខណៈគ្រួសារព្រោះតែមានតម្រូវការច្រើនពីអ្នកប្រាស់ប្រាស់។លោកសុផលបន្តថា ទោះបីយ៉ាងនេះក៏ដោយការរៀបចំរបស់ពួកគាត់គឺមិនទាន់មានសុវត្ថិភាពនោះទេ កន្លងមកមន្ត្រីជំនាញបានចុះអប់រំផ្សព្វផ្សាយជាច្រើនលើកដល់ពួកគាត់ ក៏ពួកគាត់មិនទាន់អនុវត្តន៏តាមបាននៅឡើយ។

ដើម្បីបញ្ចៀសហានិភ័យពីការផ្ទុះឆាបឆេះហ្គាស មន្ទីររ៉ែ និងថាមពល និងបង្កើតគណៈកម្មធិការដែលមានការចូលរួមពីបណ្តាអាជ្ញាធរមូលដ្ឋាន ដើម្បីចុះចាត់វិធានការឲ្យបានតឹងរ៉ឹង ចំពោះទីតាំងប្រកបរបរបញ្ជូលហ្គាសកំប៉ុងតូចៗទាំងនោះ។ឆ្លើយតបទៅនិងបញ្ហានេះមន្ទីរជំនាញបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ដែលសព្វថ្ងៃកំពុងប្រើប្រាស់ចង្គ្រានហ្គាសទាំងតូចធំ គប្បីចេះត្រួតពិនិត្យលើគុណភាពកំប៉ុងឬធុងផ្ទុកហ្គាសរបស់ខ្លួន បើមានស្នាមច្រេះគួរផ្លាស់ប្តូរថ្មី ជៀសវាងមានគ្រោះថ្នាក់ដែលអាចកើតមានគ្រប់ពេលវេលា៕







ចែករំលែកព័តមាននេះ