រាជធានីភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩ មេសា ដែលមានការចូលរួមពីថ្នាក់ដឹកនាំកីឡាទាំង១១ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានវត្ដមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា ដែលជាតំណាងកម្ពុជា បានសម្រេចដាក់កីឡាចំនួន៣៦ប្រភេទ ដែលស្មើនឹង៤០២វិញ្ញាសា ឱ្យអត្ដពលិកក្នុងតំបន់អាសា៊នទាំងអស់ធ្វើការប្រកួតប្រជែងគ្នាដណ្ដើមមេដាយ ។
សម្រាប់កីឡាទាំង៣៦ប្រភេទនោះមានដូចជាកីឡា ៖ ហែលទឹក ,អត្ដពលកម្ម ,វាយសី ,ប្រដាល់ ,ប្រណាំងកង់ ,ជិះសេះ ,គុនដាវ ,បាល់ទាត់ ,វាយកូនគោល ,កាយសម្ព័ន្ធ ,យូដូ ,ប៉េតង់ ,បាល់អោប ,សីប៉ាក់តាក្រ ,វាយកូនឃ្លីលើតុ ,ទូកប្រពៃណី ,ទ្រីយ៉ាត្លុង ,បាល់ទះ ,តេក្វាន់ដូ ,វាយកូនបាល់ ,វូស៊ូ ,បាញ់ធ្នូ ,បាល់បោះ ,ប៊ីយ៉ាស្នូឃ័រ ,ប៊ូលីង ,ទូកកានូ ,ហ្វ្ល័របល (Floorball) ,ហុកគី ,ណេតបល (Netball) ,រ៉ូវីង (Rowing),បាញ់កាំភ្លើង ,សូហ្វបល (Softball) ,បញ្ចសីលា ,Squash និងកីឡាជិះស្គីលើទឹក (Water Ski) ។ នៅក្នុងចំណោមកីឡាទាំង៣៦ប្រភេទនោះ កម្ពុជាយើងមានត្រឹមតែ២១ប្រភេទកីឡាប៉ុណ្ណោះ ដែលអាចមានលទ្ធភាពដណ្ដើមយកមេដាយជូនប្រទេសជាតិយើងបាន រីឯកីឡា១៥ប្រភេទទៀតនោះនៅមិនទាន់មានសក្ដានុពល និងលទ្ធភាពក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិបាននៅឡើយទេ ។
កីឡា២១ប្រភេទ ដែលជាក្ដីសង្ឃឹមរបស់កម្ពុជានោះរួមមានកីឡា ហែលទឹក ,អត្ដពលកម្ម ,វាយសី ,ប្រដាល់ ,ប្រណាំងកង់ ,ជិះសេះ ,គុនដាវ ,បាល់ទាត់ ,វាយកូនគោល ,កាយសម្ព័ន្ធ ,យូដូ ,ប៉េតង់ ,បាល់អោប ,សីប៉ាតាក្រ ,វាយកូនឃ្លីលើតុ ,ទូកប្រពៃណី ,ទ្រីយ៉ាត្លុង ,បាល់ទះ ,តេក្វាន់ដូ ,វាយកូនបាល់ និងកីឡាវូស៊ូ ។ ចំពោះកីឡា១៥ប្រភេទទៀតដែលកម្ពុជាស្ទើរតែពុំមានសក្តានុពល(មិនអាចយកមេដាយបាន)មាន បាញ់ធ្នូ ,បាល់បោះ ,បញ្ចសីលា ,ប៊ីយ៉ាស្នូឃ័រ ,ប៊ូលីង ,ទូកកានូ ,ហ្វ្ល័របល ,ហុកគី ,ណេតបល ,រ៉ូវីង ,បាញ់កាំភ្លើង ,សូហ្វបល ,Squash និងជិះស្គីលើទឹក ។
តែអ្វីដែលគួរឱ្យសោកស្ដាយនោះ កីឡា២ប្រភេទដែលទើបដណ្ដើមបានមេដាយ១០គ្រឿងម្នាក់ក្នុងព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ានម៉ា គឺកីឡាចំបាប់(មាស៤ ,ប្រាក់២ និងសំរឹទ្ធិ៤) និងកីឡាវ៉ូវីណាម(មាស២ ,ប្រាក់១ និងសំរឹទ្ធិ៧) មិនត្រូវបានក្រុមប្រឹក្សាកីឡាស៊ីហ្គេមដាក់បញ្ចូលឱ្យលេងក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីនាឆ្នាំ២០១៥នេះឡើយ ៕
ចែករំលែកព័តមាននេះ