រាជធានីភ្នំពេញ ៖ អ្នកចាំទីដៃទី១របស់ក្លិបព្រះខ័នរាជស្វាយរៀងកីឡាករ វីរៈ ដារ៉ា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពបាល់ទាត់កម្ពុជា ក្រោយពីរូបគេប្រើពេលត្រឹមតែ៩វិនាទីប៉ុណ្ណោះដើម្បីទាត់បាល់ពីចម្ងាយបញ្ចូលទីគូប្រកួតជួយក្លិបរបស់ខ្លួននាំមុខក្លិបអាយអេសអាយ ដង្កោសែនជ័យ នៅដើមវគ្គទី១នៃជំនួបលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
មួយគ្រាប់របស់អ្នកចាំទីវីរៈ ដារ៉ា ទំនងជាជាប់កំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីពីចម្ងាយលឿនបំផុតលើពិភពលោកក្នុងចំណោមអ្នកចាំទីអាជីពជាច្រើននាក់ដែលរកគ្រាប់បាល់បានឱ្យក្រុមរបស់ខ្លួនតាមរបៀបស្រដៀងគ្នានេះ ។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីចម្ងាយលឿនបំផុតរបស់អ្នកចាំទី វីរៈ ដារ៉ា ដែលប្រើពេលត្រឹម៩វិនាទីប៉ុណ្ណោះបន្ទាប់ពីកែបាល់នៅដើមវគ្គទី១បានបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីពីចម្ងាយលឿនបំផុតរបស់អ្នកចាំទីអាជីពមួយចំនួនដែលធ្វើបាននាពេលកន្លងមកដូចជា៖
១-វីរៈ ដារ៉ា – ៩ វិនាទី (CPL, ១៩ វិច្ឆិកា ឆ្នាំ២០២៥)
២-Asmir Begović-១៣ វិនាទី (Premier League, ០២ វិច្ឆិកា ២០១៣)
៣- Paul Smith – ១៥ វិនាទី (EFL Cup, ១៨ កញ្ញា ២០០៧) និង
៤-Matías Dituro -១៨ វិនាទី (លីគកំពូល
បូលីវី (Bolivia League), ២៦ មេសា ឆ្នាំ ២០១៧)។
សូមរំឮកថា វីរៈ ដារ៉ា ក្រៅពីធ្វើជាអ្នកចាំទីឱ្យក្លិបព្រះខ័នរាជស្វាយរៀង រូបគេក៏ជាអ្នកចាំទីឱ្យក្រុមជម្រើសជាតិកម្ពុជាផងដែរ។
ក្នុងតួនាទីជាអ្នកចាំទីឱ្យក្រុមជម្រើសជាតិកីឡាកររូបនេះទើបរួចផុតពីការចោទប្រកាន់ជុំវិញសកម្មភាពមិនប្រក្រតីក្នុងជំនួបពានរង្វាន់ ASEAN Championship Mitsubishi Electric Cup នៅកីឡដ្ឋានជាតិសិង្ហបុរី ដែលធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជាចាញ់សិង្ហបុរី ២-១ ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ សុទ្ធតែកើតចេញពីការបញ្ជូនបាល់មិនបានល្អរបស់អ្នកចាំទីកម្ពុជារូបនេះត្រឹមរយៈពេលប្រមាណ១៦នាទីប៉ុណ្ណោះ ។
ការរបូតគ្រាប់បាល់ដោយងាយៗនេះ ត្រូវបានមហាជន ពិសេសអ្នកគាំទ្រដាក់ការសង្ស័យលើ វីរៈ ដារ៉ា ថា ប្រព្រឹត្តទង្វើរៀបចំលទ្ធផលទុកជាមុន នាំឲ្យសហព័ន្ធបើកការស៊ើបអង្កេត រហូតដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ទើបប្រកាសលទ្ធផលថា វីរៈ ដារ៉ា មិនបានប្រព្រឹត្តទង្វើដូចការសង្ស័យនោះឡើយ៕



ចែករំលែកព័តមាននេះ