ជាង២៨ប្រទេសអាចនឹងមកចូលរួមប្រកួតគុនខ្មែរជើងឯកពិភពលោកនៅក្រុងព្រះសីហនុ ចុងឆ្នាំនេះ
- ភ្នំពេញ
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន…
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន…
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹង រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ ។
ព្រឹត្តិការណ៍នេះ នឹងមានប្រតិភូ និងប្រទេសចំនួន២៨បានបញ្ជាក់ពីការចូលរួមរបស់ខ្លួន ដែល
ចំនួននេះអាចនឹងកើនឡើងច្រើនជាង២៨ប្រទេសមកពីទ្វីបអាស៊ី អឺរ៉ុប អាមេរិក អូសេអានី និងអាហ្វ្រិក ។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមកិច្ចគាំទ្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់សហព័ន្ធគុនខ្មែរអន្តរជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកដ៏មានសក្តានុពល និងវិសាលភាពដ៏ធំធេងមួយដែលកើតមានឡើងក្នុងយុគសម័យតេជោធិបតីសន្តិភាពនាពេលនេះ។
ចំពោះកម្មវិធីប្រកួតគ្រោងរៀបចំកម្មវិធីបើកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អមដោយការសម្តែងសិល្បៈរបាំ ចម្រៀង និងការសម្តែងក្បាច់គុនបុរាណខ្មែរផងដែរ ។ ការប្រកួតលក្ខណៈស្ម័គ្រចិត្ត ពេញវ័យ និងការប្រកួតអាជីពកម្រិតខ្ពស់ដណ្ដើមខ្សែក្រវាត់ជើងឯកគុនខ្មែរពិភពលោក២គូរៀងរាល់ថ្ងៃ (សរុប៨គូ)ដោយកីឡាករជួរមុខកម្រិតខ្ពស់របស់កម្ពុជា៨នាក់ ប្រកួតជាមួយកីឡាករអាជីពកម្រិតខ្ពស់ៗមកពីបណ្តាប្រទេសនានា។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធ
កីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការស្ដីទីសហព័ន្ធគុនខ្មែរអន្តរជាតិ ក៏បានឱ្យដឹង
ផងដែរថា ការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ នឹងត្រឡប់មកវិញ នាចុងខែធ្នូខាងមុខ ជាមួយកំណើនបណ្ដាប្រទេសចូលរួមគួរឲ្យភ្ញាក់ផ្អើល បើធៀបកាលពីឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម ខូវ ឆាយ បានឲ្យដឹងបន្ថែមថា ការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅខេត្តព្រះសីហនុ ។ បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានប្រទេសសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិចំនួន ២៨ប្រទេស ដែលបានចុះឈ្មោះ និងបញ្ជាក់ពីការចូលរួម ខណៈប្រទេសមួយចំនួនកំពុងពិនិត្យលទ្ធភាពក្នុងការចូលរួម ។
ដូច្នេះលោករំពឹងថា ការប្រកួតឆ្នាំនេះ អាចនឹងមានអត្តពលិកចូលរួមលើសពី ២៨ប្រទេស។
នេះគឺជាតួលេខមួយគួរភ្ញាក់ផ្អើល សម្រាប់ព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក បើធៀប
នឹងការរៀបចំ៥លើកកន្លងមក ។ ជាក់ស្ដែងការប្រកួតលើកទី៥ កាលពីឆ្នាំ២០២៤ មានអត្តពលិក
ចូលរួមត្រឹម១៨ប្រទេសប៉ុណ្ណោះ។ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សហព័ន្ធរំពឹងនឹងអាចជំរុញការផ្សព្វផ្សាយក្បាច់គុនមរតកដូនតាខ្មែរកាន់តែល្បីល្បាញបន្ថែមទៀត ក្នុងនាមប្រទេសក្បាច់គុន និងជាគោលដៅទេសចរណ៍ដ៏សម្បូរបែបទៅកាន់ឆាកអន្ដរជាតិ ហើយក៏ជាវេទិកាដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាផងដែរ ៕


ចែករំលែកព័តមាននេះ