ថ្មីៗនេះក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកLG របស់កូរ៉េខាងត្បូងបានបង្ហាញរបាយការណ៍នៃប្រាក់ចំណេញពីការលក់ផលិតផលរបស់ខ្លួនទាំងទូរទស្សន៍ និងទូរស័ព្ទចល័តនៅក្នុងអំឡុងពេល៣ខែដំបូងដើមឆ្នាំ២០១៤ បានកើនឡើងខ្ពស់ជាងឆ្នាំមុន៣១៩% ។
ក្នុងនោះបើគិតតែប្រាក់កម្រៃសុទ្ធចន្លោះពីខែមករា ដល់ខែមីនា ក្រុមហ៊ុនសម្រេចបាន៨៩,៧លានដុល្លារអាមេរិក កើនឡើង៣១៩%បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។
ប្រតិបត្តិការនៃប្រាក់ចំណេញរបស់LGបានកើនឡើងស្រឺតៗប្រមាណជា៤៤,២% ស្មើនឹង៤៨៨,៨៨លានដុល្លារ ខណៈការលក់កើនឡើង១,២%ស្មើនឹង១៣,៨៤ពាន់លានដុល្លារ ។ ការលក់ទូរទស្សន៍របស់ខ្លួនបានកើនឡើងត្រឹមតែ៣%ប៉ុណ្ណោះស្មើនឹងទឹកប្រាក់៤,៧៥ពាន់លានដុល្លារ ប៉ុន្តែប្រតិបត្តិការនៃប្រាក់ចំណេញរបស់ខ្លួនសម្រេចបាន២៣៣លានដុល្លារ ធៀបនឹងឆ្នាំមុនត្រឹមតែ១០,៨៦លានដុល្លារប៉ុណ្ណោះ ។
ចំណែកការលក់ទូរស័ព្ទចល័ត តួយ៉ាងដូចជាទូរស័ព្ទស្មាតហ្វូនG2បានកើនឡើង៦%ជាមួយនឹងការបញ្ជូនទំនិញបាន១២,៣លានគ្រឿង(ទូរស័ព្ទ) កើនឡើង១៩%ធៀបនឹងឆ្នាំ២០១៣ ។ទោះជាយ៉ាងណាក៏ដោយLG ជាអ្នកផលិតទូរទស្សន៍ធំបំផុតទី២លើពិភពលោកបន្ទាប់ពីSamsung និងជាអ្នកផលិតផលទូរស័ព្ទចល័តធំបំផុតទី៥លើពិភពលោកផងដែរ ៕
ចែករំលែកព័តមាននេះ