ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ឥណ្ឌូ​ណេ​ស៊ី រិះគ.ន់​ការ​ចង់​ធ្វើ​ឱ្យ​ទុរេន​ក្លាយជា​ផ្លែ​ឈើ​និមិត្តរូប​ជាតិ​របស់​ម៉ា​ឡេ​ស៊ី

21 ម៉ោង មុន

ទីក្រុង​ហ្សា​ការ​តា ៖ លោក Zulkifli Hasan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ស្បៀងអាហារ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​រិះគន់​ការ​ចង់​ធ្វើ​ឱ្យ​ផ្លែ​ទុរេន​ក្លាយជា​ផ្លែ​ឈើ​និមិត្តរូប​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​លោក​បាន​អះអាង​ថា ការ​ធ្វើ​បែប​នេះ គួរតែ​ជា​ឥណ្ឌូ​ណេ​ស៊ី​ឯណេះ​វិញ​ទេ…

ទីក្រុង​ហ្សា​ការ​តា ៖ លោក Zulkifli Hasan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ស្បៀងអាហារ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​រិះគន់​ការ​ចង់​ធ្វើ​ឱ្យ​ផ្លែ​ទុរេន​ក្លាយជា​ផ្លែ​ឈើ​និមិត្តរូប​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​លោក​បាន​អះអាង​ថា ការ​ធ្វើ​បែប​នេះ គួរតែ​ជា​ឥណ្ឌូ​ណេ​ស៊ី​ឯណេះ​វិញ​ទេ ដោយសារ​តែ​ការ​ផលិតកម្ម​ខ្ពស់​ជាង​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

លោក Zulkifli Hasan ដែល​ត្រូវ​បាន​ស្គាល់​ថា Zulhas បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុងស្រុក កាលពី​ថ្មី​ៗ​នេះ​ថា «​ឥណ្ឌូ​ណេ​ស៊ី​បាន​ផលិត​ផ្លែ​ទុរេន​បាន​ជិត ២ លាន​តោន​ក្នុង​ឆ្នាំ ២០២៤​។ តួលេខ​នេះ លើស​ពី​តួលេខ​របស់​ម៉ា​ឡេ​ស៊ី​ឆ្ងាយ​ណាស់​។ ដោយ​ការ​ពិត​នេះ ខ្ញុំ​គិត​ថា ទុរេន​គួរតែ​ជា​ផ្លែ​ឈើ​និមិត្តរូប​ជាតិ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​» ដោយ​លោក​បាន​កត់សម្គាល់​បន្ថែម​ទៀត​ថា ទុរេន គឺជា​វប្បធម៌ និង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​កសិករ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

ទោះបីជា​លោក​ទទួលស្គាល់​ថា ការ​នាំ​ចេញ​ទុរេន​របស់​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​ពូជ​ល្អ​ៗ​ដូច​ជា Musang King ក៏​ដោយ ក៏​លោក​សង្កត់ធ្ងន់​ថា «​នៅ​ពេល​និយាយ​អំពី​និមិត្តរូប​ជាតិ អ្នក​គួរតែ​ឈរ​លើ​ទិន្នន័យ និង​ការ​ពិត​។ ដ្បិត​ផ្លែ​ទុរេន Nusantara គឺជា​ចំណុចខ្លាំង​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​អាស៊ី​»​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មានពូជ​ទុរេន​ចំនួន ២១ ប្រភេទ​ក្នុង​ចំណោម ២៧ ប្រភេទ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក ហើយ​រហូត​ដល់​ឆ្នាំ ២០២៤ ឥណ្ឌូ​ណេ​ស៊ី​មានពូជ​ថ្មី​ល្អ​ៗ​ប្រមាណ ១១៤ ប្រភេទ ដែល​ត្រូវ​បាន​ចុះបញ្ជី​។

ការ​កត់សម្គាល់​ដ៏​ច្បាស់លាស់​របស់​រដ្ឋមន្ត្រី​ឥណ្ឌូ​ណេ​ស៊ី​រូប​នេះ​បាន​កើតឡើង បន្ទាប់​ពី​សំណើ​មួយ​ពី​សមាគម​អ្នក​ផលិត​ផ្លែ​ទុរេន​ម៉ា​ឡេ​ស៊ី ដែល​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ដាក់​បញ្ចូល​ផ្លែ​ទុរេន​ជា​ផ្លែ​ឈើ​និមិត្តរូប​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កំណត់​ថ្ងៃ​ទី​៧ ខែកក្កដា ដើម្បី​ប្រារព្ធ​ទិវា​ផ្លែ​ទុរេន​ជាតិ​ផង​ដែរ​។

លោកស្រី Datuk Nor Sam Alwi អគ្គនាយក​នៃ​ក្រសួងកសិកម្ម​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​ថា ក្រសួង​បាន​ទទួល​សំណើ​នេះ នៅ​ថ្ងៃ​ទី​៨ កញ្ញា កន្លង​ទៅ ប៉ុន្តែ​មិន​ទាន់​មានការ​សម្រេចចិត្ត​ផ្លូវការ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ការ​ស្នើ​ទាំង​ពីរ​នេះ​នៅឡើយ​ទេ​។

លោក Eric Chan ប្រធាន​សមាគម​អ្នក​ផលិត​ផ្លែ​ទុរេន​ម៉ា​ឡេ​ស៊ី​បាន​ថ្លែង​ថា សំណើ​នេះ​មាន​បំណង​អបអរសាទរ​ទំនាក់ទំនង​ពិសេស​របស់​ម៉ា​ឡេ​ស៊ី​ជាមួយ​ផ្លែ​ទុរេន និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជសញ្ញា​សកល​របស់​ខ្លួន មិនមែន​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​នោះ​ទេ​។ លោក​ថា ផ្លែ​ទុរេន​ជា​ផ្នែក​សំខាន់​មួយ​នៃ​បេតិកភណ្ឌ​វប្បធម៌ ទេសភាព​កសិកម្ម ក៏​ដូច​ជា​អត្តសញ្ញាណ​សកល​របស់​ម៉ា​ឡេ​ស៊ី​ជា​យូរ​មក​ហើយ​។

លោក​បាន​ទទួលស្គាល់​អំពី​ទិន្នផល​ខ្ពស់​ជាង និង​ទំនាក់ទំនង​យូរអង្វែង​របស់​ឥណ្ឌូ​ណេ​ស៊ី​ទៅ​នឹង​ផ្លែ​ទុរេន ប៉ុន្តែ​លោក​ក៏​បាន​កត់​សម្គាល់ថា និមិត្តរូប​ជាតិ ក៏​អាច​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​សារៈសំខាន់​វប្បធម៌ ឫសគល់​ប្រវត្តិសាស្ត្រ និង​សមាគម​សកល​ផង​ដែរ​។ លោក​បាន​ដ​សង្កត់ធ្ងន់​ថា «​ទាំង​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី មាន​ចំណង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជ្រាលជ្រៅ​ជាមួយ​ផ្លែ​ទុរេន និង​រីក​ចម្រើន​ពាសពេញ​តំបន់​របស់​យើង​។ ដូច្នេះ​ការ​ធ្វើ​ឱ្យ​ផ្លែ​ទុរេន​ក្លាយជា​ផ្លែ​ឈើ​និមិត្តរូប​ជាតិ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី មិន​បាន​បញ្ឈប់​សិទ្ធិ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីក្នុង​ការ​ធ្វើ​ដូច​គ្នា​នោះ​ទេ​»​។

សូម​ជម្រាប​ថា ផ្លែ​ទុរេន​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​កាន់តែ​ខ្លាំង​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ម៉ា​ឡេ​ស៊ី​។ ឥឡូវនេះ ផ្លែ​ទុរេន​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ជាង ៤០ រួម​ទាំង​ប្រទេស​ចិន កូរ៉េ​ខាងត្បូង ចក្រភព​អង់គ្លេស និង​អា​រ៉ាប់​រួម ដោយ​ទំហំ​នាំ​ចេញ​សរុប​បាន​កើនឡើង​ពី ១៣៧,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០ ដល់ ៣៦៣,៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ មុន​ពេល​ធ្លាក់​ចុះ​មក​ត្រឹម ២៨៤​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។ តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ Bernama បានឱ្យ​ដឹង​ថា ក្រសួងកសិកម្ម និង​សន្តិសុខ​ស្បៀង​ម៉ា​ឡេ​ស៊ី​បាន​ព្យាករណ៍​ថា ការ​នាំ​ចេញ​ផ្លែ​ទុរេន​អាច​ឈាន​ដល់ ៦៩ ០០០ តោន ដែល​មាន​តម្លៃ ៤៣៣,៥​លាន​ដុល្លារ នៅ​ឆ្នាំ ២០៣០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ