ប្រទេសចិន ៖ ចំនួនបេក្ខជនទាំងពីរភេទ ដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្នុងប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដោយមានបេក្ខជនប្រហែល ៣,៧ លាននាក់ បានចុះឈ្មោះចូលរួមការប្រឡង នៅថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការប្រឡងមន្ត្រីរាជការនៅឆ្នាំនេះ ក៏ជាការប្រឡងលើកដំបូងដែលធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលចិនបានដំឡើងអាយុសម្រាប់បេក្ខជនផងដែរ។ អាយុសម្រាប់បេក្ខជនទាំងអស់បានដំឡើងពី ៣៥ ដល់ ៣៨ ឆ្នាំ។ ចំណែកបេក្ខជនមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាយុត្រូវបានដំឡើងដល់ ៤៣ ឆ្នាំ។ បេក្ខជនរាប់លាននាក់ ត្រូវប្រកួតប្រជែងនៅក្នុងការប្រឡងដ៏ពិបាក ខណៈដែលរដ្ឋាភិបាលចិនបានផ្តល់កូតាជ្រើសរើសមន្ត្រីរាជការត្រឹមតែ ៣៨ ១០០នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស។ ដូច្នេះជាមធ្យម បេក្ខជន ៩៧ នាក់ នឹងត្រូវប្រកួតប្រជែងសម្រាប់មុខតំណែងការងារនីមួយៗ ដ្បិតតំណែងការងារមួយចំនួនមានការប្រកួតប្រជែងខ្ពស់បំផុត។
តាមទិន្នន័យដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិន មុខតំណែងដែលបេក្ខជនចង់បានបំផុតគឺ មន្ត្រីអន្តោប្រវេសន៍នៅទីក្រុងរួយលី (Ruili) នៅភាគខាងលិចខេត្ត យូណាន (Yunnan) មានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា។ តំណែងនេះ ត្រូវការមន្ត្រីតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបេក្ខជនដាក់ពាក្យមានរហូតដល់ ៦ ៤៧០ នាក់ឯណោះ។
ការកើនចំនួនបេក្ខជនប្រឡងមន្ត្រីរាជការក្នុងប្រទេសចិននេះ ឆ្លុះបញ្ចាំងពីការគិតថ្មីរបស់កម្មករចិន ដែលស្វែងរកការងាររដ្ឋដោយសង្ឃឹមថានឹងមានស្ថិរភាព។ ការប្រឡងមន្ត្រីរាជការរបស់ប្រទេសចិនពិតជាលំបាកខ្លាំងណាស់ ដោយសំណួរគ្របដណ្តប់លើវិស័យជាច្រើន រួមទាំង ច្បាប់ រូបវិទ្យា ជីវវិទ្យា នយោបាយ និងការគិតបែបឡូជីខល ជាដើម។
ចាប់តាំងពីឆ្នាំមុនមក ការប្រឡងមន្ត្រីរាជការចិន បានបន្ថែមផ្នែកទ្រឹស្តីនយោបាយ ដើម្បីសាកល្បងសមត្ថភាពបេក្ខជនក្នុងការវិភាគ និងដោះស្រាយបញ្ហា ដោយផ្អែកលើគោលនយោបាយ និងគោលការណ៍ណែនាំថ្មីៗរបស់អាជ្ញាធរចិន។ ការប្រឡងកាលពីឆ្នាំមុនរួមមានសំណួរទាក់ទងនឹងសុន្ទរកថាសំខាន់ៗរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងកិច្ចប្រជុំពេញអង្គកណ្តាលនៃបក្សកុម្មុយនិស្តចិន។
លោក George Magnus អ្នកជំនាញនៅមជ្ឈមណ្ឌលចិននៃសាកលវិទ្យាល័យ Oxford បានថ្លែងថា រចនាសម្ព័ន្ធការងារនៃទីផ្សារការងាររបស់ចិនបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ។ ពីការងារមានប្រាក់ខែខ្ពស់ និងមានជំនាញខ្ពស់ក្នុងការផលិត និងសំណង់ រួមទាំងការងារទូទៅ ឥឡូវនេះគឺជាការងារដែលមានប្រាក់ខែទាប និងមានជំនាញទាបក្នុងសេដ្ឋកិច្ចការងារបន្ថែម (Gig Economy) ដែលមានលក្ខណៈការងាររយៈពេលខ្លី និងអាចបត់បែនបាន។
លោកបន្ថែមថា ក្នុងសេដ្ឋកិច្ចការងារបន្ថែម អត្ថប្រយោជន៍ និងការចូលនិវត្តន៍របស់កម្មករច្រើនតែមិនស្ថិតស្ថេរ ហើយកិច្ចសន្យាមានភាពធូររលុង។ ដោយមាននិស្សិតបញ្ចប់ការសិក្សាចំនួន ១២ លាននាក់ចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចិន ដូច្នេះវាអាចយល់បានថា ពួកគេផ្តល់អាទិភាពដល់ការងារដែលមានស្ថេរភាពក្នុងវិស័យសាធារណៈ។
កាលពីខែតុលាកន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងបង្កើនដែនកំណត់អាយុសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យស្របទៅនឹងការបង្កើនអាយុចូលនិវត្តន៍ដែលបានគ្រោងទុក។ ចំនួនប្រជាជនវ័យចំណាស់ និងសម្ពាធថវិកាសោធននិវត្តន៍ បានបង្ខំឱ្យប្រទេសចិនកែសម្រួលអាយុចូលនិវត្តន៍ ដែលមានតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។
កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានអនុម័តផែនការមួយ ដើម្បីបង្កើនអាយុចូលនិវត្តន៍បន្តិចម្តងៗ ពិសេស អាយុចូលនិវត្តន៍សម្រាប់ស្ត្រីធ្វើការដោយកម្លាំងពលកម្មនឹងត្រូវដំឡើងពីអាយុ ៥០ ដល់ ៥៥ ឆ្នាំ រីឯស្ត្រីធ្វើការក្នុងការិយាល័យនឹងត្រូវដំឡើងពីអាយុ ៥៥ ដល់ ៥៨ ឆ្នាំ។ ចំណែកសម្រាប់បុរស ចាប់ពីអាយុ ៦០ ដល់ ៦៣ ឆ្នាំ។
អត្រាគ្មានការងារធ្វើក្នុងប្រទេសចិនស្ថិតនៅ ៥,១% សម្រាប់កម្មករទូទៅ និង ១៧,៣% សម្រាប់កម្មករវ័យក្មេងអាយុពី ១៦-២៤ ឆ្នាំ (មិនរាប់បញ្ចូលនិស្សិត)។ ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកម្សោយការចំណាយរបស់អ្នកប្រើប្រាស់កំពុងតែធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ដោយយុវជនជាច្រើនជ្រើសរើសនៅទំនេរជាជាងទទួលយកការងារដែលមិនត្រូវជាមួយការអប់រំ និងជំនាញពួកគេ ឬក៏ការផ្តល់អត្ថប្រយោជន៍សមរម្យ៕ ប្រភព ៖ The Guardian និង Znews

ចែករំលែកព័តមាននេះ