ទីក្រុងណៃពិដោ ៖ ប្រទេសមីយ៉ាន់ម៉ាមានគម្រោងចាប់ផ្តើមនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារពិភពលោកនៅឆ្នាំក្រោយ ឬនៅឆ្នាំ ២០២៧ ដើម្បីបង្កើនប្រាក់ចំណូលពីបរទេស ក៏ដូចជា អភិវឌ្ឍឧស្សាហកម្មក្នុងស្រុក។
ប្រធានសមាគមអ្នកផលិត និងនាំចេញទុរេនមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ (Xinhua) កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ដំណើរការចុះបញ្ជីជាមួយរដ្ឋបាលគយទូទៅប្រទេសចិនកំពុងដំណើរការ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងតែធ្វើដើម្បីអភិវឌ្ឍផលិតផលផ្លែទុរេនស្រស់ និងកែច្នៃ។ សមាគមមានគោលបំណងទាក់ទាញវិនិយោគិនបរទេស អ្នកជំនាញ និងដៃគូអាជីវកម្ម ដើម្បីគាំទ្រដល់ការកែច្នៃផ្លែទុរេនក្នុងស្រុក។
លោកកត់សម្គាល់ថា ឧស្សាហកម្មទុរេនមីយ៉ាន់ម៉ាត្រៀមខ្លួនរួចជាស្រេច សម្រាប់កំណើនយ៉ាងឆាប់រហ័ស ដោយការនាំចេញត្រូវបានរំពឹងថានឹងបង្កើតប្រាក់ចំណូលបរទេសថ្មី នៅពេលការដឹកជញ្ជូនចាប់ផ្តើម។
ប្រទេសចិន គឺជាអ្នកទិញផ្លែទុរេនច្រើនជាងគេបំផុតរបស់ពិភពលោក។ ជាក់ស្តែង កាលពីឆ្នាំមុន ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី ២ ពិភពលោកមួយនេះ បានទិញទុរេនចំនួន ១៥,៦ លានតោនជាតម្លៃកំណត់ត្រា ៦,៩៩ ពាន់លានដុល្លារអាមេរិក ភាគច្រើនមកពីប្រទេសថៃ និងវៀតណាម។ ក្រៅពីនោះត្រូវបានផ្គត់ផ្គង់ដោយហ្វីលីពីន និងម៉ាឡេស៊ី។
ទោះយ៉ាងណាក៏ដោយ តម្រូវការបានធ្លាក់ចុះនៅឆ្នាំនេះ ដោយមានការនាំចូលធ្លាក់ចុះ ១៥% មកត្រឹម ៧០៨ ១៩០ តោននៅក្នុងឆមាសទី ១។ នេះបើយោងតាមទិន្នន័យគយចិន ដែលត្រូវបានដកស្រង់ដោយកាសែត South China Morning Post។ ទីផ្សារទុរេនក៏បានឃើញការប្រកួតប្រជែងថ្មីៗផងដែរ រួមទាំងប្រទេសកម្ពុជា ដែលបានដឹកជញ្ជូនផ្លែទុរេនដំបូងរបស់ខ្លួន នៅក្នុងខែកក្កដាកន្លងទៅ។ ប្រទេសឡាវក៏បានបង្ហាញថា ខ្លួនមានបំណងចូលរួមការប្រកួតប្រជែងទីផ្សារផងដែរ ខណៈដែលឥណ្ឌូណេស៊ីបានប្រកាសពីផែនការនាំចេញដោយផ្ទាល់ទៅប្រទេសចិន ជំនួសឱ្យការដឹកជញ្ជូនតាមរយៈប្រទេសថៃ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Channel News Asia។
ប្រទេសមីយ៉ាន់ម៉ាមានផ្ទៃដីប្រហែល ២៤ ២៨១ ហិចតា ដែលដាំដុះផ្លែទុរេន ហើយជាង ៤ ០០០ ហិចតា ស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គូន ដែលជាតំបន់ដាំដុះដ៏សំខាន់មួយ។ តំបន់ដាំដុះសំខាន់ៗផ្សេងទៀតរួមមាន រដ្ឋកៃអ៊ីន (Kayin) និងរដ្ឋមន (Mon) តំបន់តានិនថារី (Tanintharyi) បាហ្គោ (Bago) និងអាយ៉េយ៉ាវ៉ាឌី (Ayeyarwady)។ ចំណែករដូវកាលផ្លែទុរេនរបស់ប្រទេសមីយ៉ាន់ម៉ាជាធម្មតានៅក្នុងខែឧសភា មិថុនា និងកក្កដា៕ ប្រភព ៖ VnExpress

ចែករំលែកព័តមាននេះ