ប្រទេសវៀតណាម ៖ តម្លៃប្រេងសាំង និងម៉ាស៊ូតរបស់ប្រទេសវៀតណាម បានធ្លាក់ចុះកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើនឡើងកាលពីសប្តាហ៍មុន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន VnExpress និង Znews បានចេញផ្សាយ។
ប្រេងសាំងដ៏ពេញនិយមប្រភេទ RON95 បានធ្លាក់ចុះ ០,១៥ ឬ ៣០ដុង មកនៅត្រឹមតម្លៃ ២០ ៥៤០ដុង ឬ ០,៧៨ដុល្លារអាមេរិកក្នុង១លីត្រ។ ចាប់តាំងពីដើមឆ្នាំមក តម្លៃប្រេងសាំង RON95 នៅវៀតណាមបានកើនឡើងសរុបចំនួន ២៦ លើក និងធ្លាក់ចុះ ២២ លើក។
ចំណែកតម្លៃប្រេងជីវឥន្ធនៈ E5 RON92 បានធ្លាក់ចុះ ០,២០% ឬ ៤០ដុង មកនៅត្រឹមតម្លៃ ១៩ ៨០០ដុង ឬ ០,៧៥ដុល្លារក្នុង១លីត្រ។ ស្របពេលដែលប្រេងម៉ាស៊ូតក៏បានធ្លាក់ចុះ ០,២០% ឬ ៤០ដុង មកនៅត្រឹមតម្លៃ ១៩ ៨២០ដុងក្នុង១លីត្រ។

យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម បានឱ្យដឹងថា ទីផ្សារប្រេងឥន្ធនៈនៅទូទាំងពិភពលោកក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះ ត្រូវបានរងផលប៉ះពាល់ដោយសារកត្តាជាច្រើន រួមទាំងកិច្ចព្រមព្រៀងរបស់អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលត្រូវបានស្គាល់ថា OPEC+ ដើម្បីបង្កើនការផលិតកម្មប្រេងបន្តិចបន្តួច សម្រាប់ខែធ្នូខាងមុខនេះ និងការបើកដំណើរការឡើងវិញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់ពីបិទដំណើរការ ឬ Shutdown រយៈពេល៤៣ថ្ងៃ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា។
តម្លៃប្រេងសាំង RON95 បានធ្លាក់ចុះ ០,៣% មកនៅត្រឹមតែ ៨២,៤ដុល្លារក្នុង១បារ៉ែល ខណៈដែលប្រេងម៉ាស៊ូតក៏បានធ្លាក់ចុះ ០.៣% នៅត្រឹម ៩៣,៣៥ដុល្លារក្នុង១បារ៉ែល៕
ចែករំលែកព័តមាននេះ