ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្រ.ហារ​នៅ​សាកល​វិទ្យាល័យ​អា​មេ​រិក​ស្លា.ប់​២​នាក់​ និង​រ.បួ.ស​ធ្ងន់​៨​នាក់

1 នាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ជួប​នឹង​ហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ទៀត​ហើយ​ លើក​នេះ​កើត​ឡើង​នៅ​សាកល​វិទ្យាល័យ​ប្រោន (Brown)​ នៃ​រដ្ឋ​រ៉ូត​អាយ​លេន (Rhode Island)​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​ធ្ងន់​៨​នាក់​។ អាជ្ញា​ធរ​កំពុង​ស្វែង​រក​ជន​សង្ស័យ​ដែល​កំពុង​រត់​គេច​ខ្លួន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ជួប​នឹង​ហេតុ​ការណ៍​បាញ់​ប្រហារ​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ទៀត​ហើយ​ លើក​នេះ​កើត​ឡើង​នៅ​សាកល​វិទ្យាល័យ​ប្រោន (Brown)​ នៃ​រដ្ឋ​រ៉ូត​អាយ​លេន (Rhode Island)​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​ធ្ងន់​៨​នាក់​។ អាជ្ញា​ធរ​កំពុង​ស្វែង​រក​ជន​សង្ស័យ​ដែល​កំពុង​រត់​គេច​ខ្លួន​។ ​ការ​បាញ់​ប្រហារ​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី​២​នៃ​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​។

ជន​សង្ស័យ​ជា​បុរស​ស្លៀក​ពាក់​ឈុត​ខ្មៅ​ ហើយ​ត្រូវ​គេ​ឃើញ​គេច​ចេញ​ពី​អគារ​ដែល​កើត​មាន​ការ​បាញ់​ប្រហារ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ធី​ម៉ូធី អូ​ហារ៉ា (Timothy O’Hara) ជា​អធិការ​រង​នគរ​បាល​។ អភិបាល​ក្រុង​ប្រូវី​ដឹន (Providence) នៃ​រដ្ឋ​រ៉ូត​អាយ​លេន លោក​ប្រិត​ស្មាល​លី (Brett Smiley) ថ្លែង​ថា​ទី​តាំង​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​។ លោក​ជំរុញ​ឱ្យ​អ្នក​រស់​នៅ​ម្ដុំ​នោះ​ស្នាក់​នៅ​ក្នុង​ផ្ទះ។ ចំណែក​អ្នក​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ផ្ទះ​សូម​កុំ​ទាន់​វិល​ត្រឡប់​មកវិញ​ រង់​ចាំ​អាជ្ញា​ធរ​ពិនិត្យ​ឃើញ​ថា​មាន​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ជា​មុន​សិន​។

លោក​ស្មាល​លី​អះ​អាង​ថា​អាជ្ញា​ធរ​មាន​ធន​ធាន​គ្រប់​គ្រាន់​ដើម្បី​តាម​ចាប់​ជន​ដៃ​ដល់​។ មន្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​​ប្រាប់​និស្សិត​ និង​បុគ្គលិក​ថា​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំង​។ ប៉ុន្តែ​ក្រោយ​មក​​ ពួក​គេ​ប្រាប់​ថា​មិន​ទាន់​ចាប់​ខ្លួន​បាន​ទេ​។ នគរ​បាល​នៅតែ​បន្ត​​តាម​រក​ជន​សង្ស័យ​ដែល​អាច​មាន​គ្នា​តែ​ម្នាក់​គត់ ឬ​មាន​គ្នា​ច្រើន​ជាង​នេះ​។ នេះ​បើ​យោ​ងតាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​សា​កល​វិទ្យា​ល័យ​ប្រោន​។


អភិបាល​ក្រុង​ខាង​លើ​នេះ​ថ្លែង​បន្ត​ទៀត​ថា​​កាល​ពី​មុន​នេះ សមត្ថ​កិច្ច​បាន​​ចាប់​ខ្លួន​មនុស្ស​ម្នាក់​យក​ទៅ​ឃុំ​ឃាំង​មែន​។ ប៉ុន្តែ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​សាក​សួរ​ទៅ​ឃើញ​ថា​បុគ្គល​រូប​នោះ​គ្មាន​ពាក់​ព័ន្ធ​នឹង​ករណីបាញ់​ប្រហារ​នេះ​ទេ​។ ដូច្នេះ​ គេ​ក៏​ដោះ​លែង​វិញ​ទៅ​។ ​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប្រូវីដឹន លោក​ចន​ ហ្កុង​ខាល​វេស (John Goncalves) ​ថ្លែង​​ថា​យើង​កំពុង​ប្រមូល​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​នេះ​។

យើង​សូម​អំពាវ​នាវឱ្យ​ប្រជា​ជន​បិទ​ទ្វារ​ដាក់​គន្លឹះ​ឱ្យ​ជិត​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ ​ក្នុង​នាម​ជា​និស្សិត​ជាន់​ចាស់​នៃ​សាកល​វិទ្យាល័យ​ប្រោន​ លោក​ពិត​ជា​រន្ធត់​នៅ​ក្នុង​​ចិត្ត​ឥត​ឧប​មា​។ ចិត្ត​របស់​លោក​នឹក​ភ្នក​ទៅ​​រក​​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្ដិ​របស់​ជន​រង​គ្រោះ​។ ​ការ​បាញ់​ប្រហារ​នេះ​កើត​ឡើង​នៅ​ក្បែរ​អគារ​កម្ពស់​៧​ជាន់​នៃ​ដេប៉ាតឺម៉ង់​វិស្វកម្ម និង​រូប​វិទ្យា​។ យោង​តាម​ការ​បង្ហោះ​សារ​នៅ​​លើ​គេហ​ទំព័រ​របស់​សាកល​វិទ្យាល័យប​ អគារ​នោះ​មាន​មន្ទីរ​ពិសោធ​ជាង​១​រយ​, មាន​ថ្នាក់​រៀន​ និង​មាន​ការិយាល័យ​ធ្វើ​ការ​។

នៅ​ពេល​បាញ់​ប្រហារ​នោះ និស្សិត​កំពុង​ប្រឡង​ផ្នែក​វិស្វ​កម្ម​នៅ​​ក្នុង​អគារ។ និស្សិត​នៅ​​​មន្ទីរ​ពិសោធ​ក្បែរ​នោះ​គ្រាន់​តែ​ស្ដាប់​ឮ​សំឡេង​គ្រាប់​កាំ​ភ្លើង​ក៏​បាន​ក្រាប​ចុះ​ក្រោម​តុ​ និង​កាច់​កុង​តាក់​បិទ​ភ្លើង​ឱ្យ​ងងឹត​។ ដំណឹង​នេះ​បាន​លេច​ឮ​ដល់​លោក​ដូណាល់​ត្រាំ​រួច​ហើយ​។ ​សាកល​វិទ្យាល័យ​ប្រោន​ជា​គ្រឹះ​ស្ថាន​អប់​រំ​ឯក​ជន​មាន​និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​៧៣០០​នាក់ និង​និស្សិត​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ជាង​៣ពាន់​នាក់​។ ​​នេះ​បើ​​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ឡឺម៉ុង (Le Monde) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ